រដ្ឋាភិបាល​ហុងកុង បដិសេធ​ព័ត៌មាន​ថា កងកម្លាំង​ចិន​បង្កប់ខ្លួន​ជួយ​បង្ក្រាប​បាតុករ​
អន្តរជាតិ
រដ្ឋាភិបាល​ហុងកុង បដិសេធ​ព័ត៌មាន​ថា កងកម្លាំង​ចិន​បង្កប់ខ្លួន​ជួយ​បង្ក្រាប​បាតុករ​
11, Oct 2019 , 10:33 am        
រូបភាព
ប្រភពរូប៖ កាសែតហុងកុង South China Morning Post
ប្រភពរូប៖ កាសែតហុងកុង South China Morning Post
​យោធា​និង​កម្លាំង​ប៉ូលិស​ចិន គ្មាន​រួមចំណែក​ក្នុង​ប្រតិបត្តិការ​របស់​ប៉ូលិស​ហុងកុង​ឡើយ​។ រដ្ឋាភិបាល​ហុងកុង បញ្ជាក់​បែបនេះ ឆ្លើយតប​ពាក្យ​ចចាមអារ៉ាម​តាម​បណ្តាញ​អ៊ីនធឺណិត​ថា កងកម្លាំង​ចិន​នេះ​មាន​វត្តមាន​ក្នុង​ប្រតិបត្តិការ​របស់​ប៉ូលិស​ហុងកុង​បង្ក្រាប​ក្រុមបាតុករ​។



​កងកម្លាំង​រំដោះប្រជាជន​ចិន មាន​បន្ទាយ​ប្រចាំ​ទីក្រុង​ហុងកុង​។ ក៏ប៉ុន្តែ​កងទ័ព​ទាំងនោះ រក្សា​ភាព​ស្ងប់ស្ងៀម​ក្នុង​បន្ទាយ​ពួកគេ ចាប់​តាំង​បាតុកម្ម​ផ្ទុះឡើង​កាលពី​៤​ខែ​មុន​មក ដោយ​ទុក​ឲ្យ​កម្លាំង​ប៉ូលិស​ហុងកុង​ចាត់ចែង​ទប់ទល់​បាតុកម្ម​ដោយ​ខ្លួនឯង​។ បាតុកម្ម​ទាំងនេះ ពេលខ្លះ មាន​ទ្រង់ទ្រាយ​ធំ ហើយ​ខ្លះ មាន​ចរិត​ហិង្សា​ខ្លាំង​។​

​តាម​បណ្តាញ​សង្គម អ្នក​តវ៉ា​ហុងកុង​ខ្លះ ជឿថា កងកម្លាំង​សន្តិសុខ​របស់​ចិនដីគោក​ដែល​បង្កប់ខ្លួន បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​របស់​ប៉ូលិស​ហុងកុង​ក្នុងការ​បង្ក្រាប​ភាពវឹកវរ​ក្នុង​ទីក្រុង​នេះ ដែល​អូសបន្លាយ​ជិត​៤​ខែ​មកនេះ​។ 

​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១០ ខែតុលា រដ្ឋាភិបាល​ហុងកុង គូសបញ្ជាក់ថា​៖«​ឆ្លើយតប​ពាក្យ​ចចាមអារ៉ាម​លើ​អ៊ីនធឺណិត​និយាយថា មាន​សមាជិក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន ឬ​កម្លាំង​ប៉ូលិស​ចិនដីគោក​កំពុង​ចូលរួម​ក្នុង​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​របស់​កម្លាំង​ប៉ូលិស​ហុងកុង រដ្ឋាភិបាល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ថ្ងៃនេះ ចេញមុខ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ពាក្យ​ចចាមអារ៉ាម​នេះ គឺ​មិន​ពិត និង​គ្មាន​មូលដ្ឋាន​»​។

​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន កងទ័ព​ចិន បានចេញ​ការព្រមាន​ទៅកាន់​បាតុករ​ហុងកុង ដែល​បាន​បាញ់​ភ្លើង​ឡាស៊ែ​រលើ​បន្ទាយ​ពួកគេ​ក្នុង​ទីក្រុង​នេះ​។ នេះ​ជាការ​ប្រឈមមុខ​ដាក់គ្នា​ដោយផ្ទាល់​លើកទីមួយ រវាង​កម្លាំងយោធា​ចិនដីគោក និង​ក្រុមបាតុករ​ហុងកុង​។

​កងទ័ព​ចិន ដែល​ឈរជើង​ក្នុង​សង្កាត់ Kowloon នៃ​ទីក្រុង​ហុងកុង បាន​ព្រមាន​ក្រុមបាតុករ​ប្រមាណ​២​ទៅ​៣​រយ​នា​ក់ថា ពួកគេ​អាច​ត្រូវ​ចាប់ខ្លួន​សម្រាប់​ការបាញ់​ភ្លើង​ឡាស៊ែ​រដាក់​លើ​របង​បន្ទាយ និង​កងទ័ព​។ មន្ត្រី​យោធា​ចិន​ម្នាក់ បាន​ស្រែក​ទៅកាន់​ក្រុមបាតុករ​នា​យប់នោះ​ថា​៖«​ប្រយ័ត្ន​ចំពោះ​ផលវិបាក​ដែល​កើតចេញពី​សកម្មភាពរ​បស់​អ្នក​»​។

​គួរ​រម្លឹក​ផងដែរ​ថា ក្នុង​ខែសីហា​កន្លងទៅ ក្រុង​ប៉េកាំង បាន​ចល័ត​ទ័ព​ជាច្រើន​ពាន់​នាក់​ឆ្លងកាត់​ព្រំដែន​ខ្លួន​ចូលទៅ​កាន់​ទីក្រុង​ហុងកុង ក្នុង​ប្រតិបត្តិការ​មួយ​ដែល​ភ្នាក់ងាររដ្ឋ​ចិន Xinhua ហៅថា «​ការ​ចល័ត​ទ័ព​ទូទៅ​» ប៉ុណ្ណោះ​៕


Tag:
 ​ហុងកុង​
  ចិន​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com