អន្តរជាតិ
ការផ្តោត​ទៅលើ​គេហដ្ឋាន​ប្រណិត​ធ្វើ​ឲ្យ​វៀតណាម​ប្រឈម​នឹង​វិបត្តិ​ខ្វះ​ផ្ទះ​ដែលមាន​តំលៃ​សមរម្យ​
11, Oct 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ រូបភាពបង្ហាញពីព្រះអាទិត្យរៀបលិចនៅក្រុងហាណូយ។
រូបឯកសារ៖ រូបភាពបង្ហាញពីព្រះអាទិត្យរៀបលិចនៅក្រុងហាណូយ។
ដោយ: VOA
​ហូជីមិញ ៖ នៅក្នុង​ទីក្រុង​នានា​នៃ​ប្រទេស​វៀតណាម មិនមាន​ការពិបាក​ក្នុងការ​ស្វែងរក​អា​ប៉ា​តឺ​ម៉​ង​ប្រណីតៗ ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​នោះទេ ខណៈដែល​នៅតាម​ដងផ្លូវ​តែមួយ​នោះ មានផ្ទះ​ខ្ទម​ប្រក់​ស័ង្កសី​ចាស់ៗ​។ បើ​និយាយ​ឲ្យ​ចំ​ទៅក្នុង​វិស័យ​អចលនទ្រព្យ ផ្ទះ​មានតម្លៃ​ទាប​និង​ខ្ពស់​នៅក្នុង​ប្រទេស​នេះ ត្រូវបាន​បង្កើតឡើង ក៏ប៉ុន្តែ មាន​សំណួរ​អំពី ចុះ​ផ្ទះ​ដែលមាន​តម្លៃ​សមរម្យ​វិញ​?



​ផ្ទះ​ដែលមាន​តំលៃ​សមរម្យ​ពិបាក​រក​

​ក្រុមគ្រួសារ​វណ្ណៈ​កណ្តាល​និង​អ្នកមាន​ការងារ​ធ្វើ ដែល​កំពុងតែ​កើនឡើង​នៅក្នុង​ប្រទេស​វៀតណាម ត្រូវការ​លំនៅដ្ឋាន​ថ្មីៗ​។ ប្រសិនបើ​តម្រូវការ​ផ្ទះ​ថ្មីៗ​ដែលមាន​តំលៃ​សមរម្យ​នេះ មិនត្រូវ​បាន​បំពេញ​ទេនោះ ប្រទេស​នេះ​អាច​ជួបប្រទះ​វិបត្តិ​ដែល​អាច​កើតមាន ដូច​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល និង​អៀរ​ឡង់​ជាដើម​។​

​តួលេខ​បាន​បង្ហាញថា ផ្ទះ​ដែលមាន​តំលៃ​សមរម្យ មិនមែនជា​អាទិភាព​ចំបង​ទេ​។ ទិន្នន័យ​កាលពីពេល​ថ្មីៗ​នេះ ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​អចលនទ្រព្យ​Jones Lang LaSalle Incorporated បាន​បង្ហាញថា អា​ប៉ា​តឺ​មង់​ជាច្រើន​ថែមទៀត​ដូចជា​អា​ប៉ា​តឺ​មង់​ប្រណីត ទំនើប និង​មានតម្លៃ​ថ្លៃ​បង្គួរ គឺអាច​រកបាន​នៅ​ទីក្រុង​ហូជីមិញ​នៅ​ឆ្នាំនេះ ប៉ុន្តែ ផ្ទះល្វែង​ដែលមាន​តម្លៃ​សមរម្យ មិនមាន​ច្រើន​ទេ​។​

​ការខិតខំ​ដើម្បី​ដោះស្រាយ​បញ្ហា​

​ក៏ប៉ុន្តែ ក្រុមហ៊ុន​អចលនទ្រព្យ​មួយចំនួន កំពុង​ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​តម្រូវការ​នេះ​។ ក្រុមហ៊ុន​អចលនទ្រព្យ Phu My Hung ដែល​ផ្តោតលើ​អ្នកទិញ​ដែលមាន​ជីវភាព​មធ្យម កំពុង​ប្រមូលប្រាក់​ឲ្យ​បាន​ចំនួន ១ កន្តក់សញ្ញា ៧ លាន​លាន​ដុង ដែលមាន​ចំនួន​ប្រមាណ​ជា ៧៥ លាន​ដុល្លារ​អាមេរិក តាមរយៈ​ការចេញលក់​មូលប័ត្រ ដើម្បី​អភិវឌ្ឍ​ទីក្រុង​មួយ​នៅ​តំបន់​ជនបទ​ដែលមាន​ចម្ងាយ​ប្រមាណ ៦០ គីឡូម៉ែត្រ​ពី​ទីក្រុង​ហាណូយ​។​

​លោក Gary Tseng នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Phu My Hung​នេះ បាន​មានប្រសាសន៍ថា «​តាមរយៈ​ការវិនិយោគ​នេះ ឥឡូវនេះ​យើង​មាន​ជំហរ​រឹងមាំ​ក្នុងការ​ផ្តោតលើ​ការអភិវឌ្ឍ​ទីក្រុង​ដែលមាន​ការរួមបញ្ចូល​គ្នា​ថ្មី នៅក្នុង​ខេត្ត​មួយចំនួនទៀត​ដែល​ចាប់ផ្តើម​ពី​ទីក្រុង Phu Hung Khang​ដែលជា​ផ្នែក​មួយ​នៃ​គំរូ​កំណើន​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​»​។​

​ក្រុមហ៊ុន​អចលនទ្រព្យ Phu My Hung ដែល​ដាក់ឈ្មោះ​តាម​តំបន់​មួយ​នៅ​ភាគខាងត្បូង​ទីក្រុង​ហូជីមិញ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​គម្រោង​រៀបចំ​ទីក្រុង​។ លោក Tseng បានចាត់ទុក​តំបន់ Phu My Hung ជា​តំបន់​គំរូ​មួយ​នៃ​«​ទីក្រុង​ប្រកបដោយ​ចីរភាព​មួយ ដែលមាន​ទឹក ថាមពល និង​មធ្យោបាយ​ធ្វើដំណើរ​ឆ្លងកាត់​» ដែល​អាច និង​គួរតែ​ត្រូវបាន​គេ​យកទៅអនុវត្ត​នៅ​កន្លែង​ផ្សេង​បាន​។​

​ទីក្រុង​ដូចនេះ កំពុង​ត្រូវបាន​សាងសង់​ពីលើ​ដី​ទទេ​។ ខុសពី​ប្រទេស​ផ្សេងៗ ដូចជា​សហរដ្ឋអាមេរិក​ជាដើម ដែល​ផ្ទះ​ចាស់ៗ​មាន​អាយុកាល​ជាច្រើន​ទសវត្សរ៍​មកហើយ​ត្រូវបាន​គេ​ទិញ​និង​លក់​យ៉ាងច្រើន​ក្នុង​ទ្រង់ទ្រាយ​ធំ​។ ទីផ្សារ​អចលនទ្រព្យ​នៅ​វៀតណាម​ច្រើនតែ​កើតឡើង​ដោយ​ប្រជាជន​ទិញ​ដី ហើយ​បន្ទាប់មក​សាងសង់​ផ្ទះរ​បស់​ខ្លួន​នៅលើ​ដី​នោះ​។​

​ជំនួយ​ពី​រដ្ឋាភិបាល​

​រដ្ឋាភិបាល​មិនមែន​មិនបាន​ដឹង​អំពី​តម្រូវការ​សម្រាប់​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ​នោះទេ​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បម្រុង​ទុក​គម្រោង​ផ្ទះសម្បែង​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល មានតម្លៃ​សរុប ៣០ លាន​លាន​ដុង ដែលមាន​ចំនួន​ប្រមាណ​ជា ១​ពាន់ ៣ រយ​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ គម្រោង​ផ្ទះសម្បែង​នោះ មិនទាន់​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ​ទេ​។​

​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​ទីក្រុង​កាន់តែ​រីក​ធំ ជាពិសេស​ទីក្រុង​ធំៗ ពីរ​គឺ​ទីក្រុង​ហាណូយ​ដែលជា​ទីក្រុង​រដ្ឋបាល ស្ថិតនៅ​ភាគ​ខាងជើង និង​ទីក្រុង​ហូជីមិញ​ដែលជា​ទីក្រុង​ពាណិជ្ជកម្ម ស្ថិតនៅ​ភាគខាងត្បូង​។ ការណ៍​នេះ អាចធ្វើឱ្យ​ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព​ក្នុង​ការទិញ​ផ្ទះ​។ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា IFC មើលឃើញ​ទីក្រុង​អភិវឌ្ឍន៍ ដូចជា​ទីក្រុង​ដែល​ត្រូវបាន​សង់​ដោយ​ក្រុមហ៊ុន Phu My Hung ជា​មធ្យោបាយ​មួយ​ដើម្បី​ធ្វើ​ឲ្យ​កំណើន​ប្រជាពលរដ្ឋ​មាននៅ​តំបន់​ផ្សេងៗ​ដែរ មិនមែន​តែ​ក្នុង​ទីក្រុង​ធំៗ​នោះទេ​។ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែលជា​ផ្នែក​មួយ​នៃ​ធនាគារពិភពលោក ដែល​ផ្តោតលើ​ការចេញ​ប្រាក់កម្ចី​សម្រាប់​ការអភិវឌ្ឍ​នៅក្នុង​ប្រទេសមួយ​ចំនួន​នោះ បាន​ចុះឈ្មោះ​ជាវ​មូលប័ត្រ​របស់​ក្រុមហ៊ុន Phu My Hung​។ លោក Kyle Kelhofer នាយក IFC ប្រចាំ​នៅ​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ​ថ្លែងថា​៖

«​ការវិនិយោគ​នេះ នឹង​ផ្តល់នូវ​កន្លែង​រស់នៅ​ប្រកបដោយ​គុណភាព​និង​បរិយាកាស​ល្អ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​នៅក្នុង​និង​ជុំវិញ​ទីក្រុង​ហាណូយ​។ ដូច្នេះ វា​បន្ធូរបន្ថយ​ដល់ទី​ក្រុង​ដែល​កាន់តែ​រីក​ធំ​យ៉ាង​ឆាប់រហ័ស ហើយ​វា​ក៏​ផ្តល់​ការងារ​និង​ប្រាក់ចំណូល​ដល់​សហគម​ន៍​មូលដ្ឋាន​ផងដែរ​»​។​

​លោក Kyle Kelhofer ចង់​និយាយ​សំដៅ​ដល់​គម្រោង​អចលនទ្រព្យ​ថា​ជា​មធ្យោបាយ​មួយ​ដើម្បី​ផ្តោតទៅលើ «​ខេត្ត​លំដាប់​ទី​ពីរ​»​គ្រា​ដែល​លើកកម្ពស់ «​ការអភិវឌ្ឍ​ជនបទនិង​កំណើនសេដ្ឋកិច្ច​» នៅក្នុង​ប្រទេស​វៀតណាម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com