អន្តរជាតិ
ជម្លោះ​ពាណិជ្ជកម្ម​៖ អាមេរិក​ថា ការចរចា​ជាមួយ​ចិន​ទទួលបាន​ផ្លែផ្កា​លើសពី​ការរំពឹងទុក​
11, Oct 2019 , 8:19 pm        
រូបភាព
​ប្រតិភូ​អាមេរិក និង​ចិន​នៅ​ថ្ងៃទី​១០ ខែតុលា បានចាប់ផ្តើម​ចរចា​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទីមួយ បន្ទាប់ពី​ខកខាន​អស់​រយៈពេល​ជា​ពីរ​ខែ​។ ខណៈ​ក្រុម​អ្នកជំនួញ​បង្ហាញ​សុទិដ្ឋិនិយម​ថា ភាគី​ទាំងពីរ​នឹង​អាច​បន្ថយ​ជម្លោះ​ពាណិជ្ជកម្ម និង​ពន្យារពេល​យកពន្ធ​រហូត​ដល់​សប្តាហ៍​ក្រោយ​។



​ជំនួប​ភាគី​អាមេរិក រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Steven Mnuchin និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក Robert Lighthizer ជាមួយ​ភាគី​ចិន​ឧបនាយករដ្ឋមន្ត្រី Liu He និង​មន្ត្រីជាន់ខ្ពស់​ចិន​ផ្សេងទៀត  បាន​ធ្វើឡើង​រយៈពេល​៧​ម៉ោង នាទី​ស្នាក់ការ​កណ្តាល​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​(USTR) នៅ​ជិត​សេត​វិមាន​។​

«​យើង​មាន​កិច្ចចរចា​ដ៏​ល្អ​បំផុត​ជាមួយ​ចិន​»​។ នេះ​ជាស​ម្តី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រាប់​អ្នកកាសែត បន្ទាប់ពី​កិច្ចចរចា​បានបញ្ចប់​។ លោក ត្រាំ បញ្ជាក់ថា លោក​នឹងមាន​ជំនួប​ជាមួយ​លោក Liu នៅ​សេត​វិមាន​នា​ថ្ងៃទី​១១ ដែល​នេះ​ជា​សកម្មភាព​វិជ្ជមាន​មួយ​សម្រាប់​កិច្ចចរចា​របស់​ចិន និង​អាមេរិក​។ ចំណែកឯ​មន្ត្រី​សេត​វិមាន​វិញ ក៏បាន​លើកឡើង​ដូច​លោក ត្រាំ ដែរ​ថា កិច្ចចរចា​មានដំណើរ​ការល្អ និង​ល្អប្រសើរ​ជាង​ការរំពឹងទុក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

​ដើរ​ចេញពី​កិច្ចប្រជុំ​ក្នុង​ទឹកមុខ​ញញឹមញញែម លោក​ឧបនាយករដ្ឋមន្ត្រី Lui He បាន​លើកដៃ​ជា​សញ្ញា​ទៅ​អ្នកកាសែត មុនពេល​ចេញពី​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ចូលទៅក្នុង​រថយន្ត Cadillac ពណ៌​ខ្មៅ ដោយ​មិនបាន​និយាយ​អ្វី​ទាំងអស់​។ ក្នុង​កាយវិការ​បែបនេះ ទំនងជា​កិច្ចចរចា​ទទួលបាន​ផ្លែផ្កា​ដូច​ទៅនឹង​អ្វីដែល​ភាគី​ចិន​បាន​រំពឹងទុក​។ ប៉ុន្តែ​អ្វីៗ​មិនទាន់​ចប់​ឡើយ ទីក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង​ត្រូវ​ជួបចរចា​គ្នា​ម្តងទៀត​នៅ​ថ្ងៃទី​១១ ខែតុលា​នេះ​។​

​បើតាម​មន្ត្រីសភា​ពាណិជ្ជកម្ម​អាមេរិក ប្រតិភូ​អាមេរិក និង​ចិន អាច​នឹង​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពីមុន ពាក់ព័ន្ធ​ទៅនឹង​រូបិយប័ណ្ណ ការការពារ​កម្មសិទ្ធិ​បញ្ញា​ជាដើម​។ ចំណែក​លោក Myron Brilliant ប្រធាន​កិច្ចការ​អន្តរជាតិ​នៃ​សភាពាណិជ្ជកម្ម​វិញ បាន​អះអាងថា ភាគី​ទាំងសងខាង នឹង​ព្យាយាម​រក​ច្រកចេញ​ឲ្យ​ឃើញ​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​ស្តីពី​ការលក់​ផលិតផល​ក្នុង​ទីផ្សារ​ចិន កម្មសិទ្ធិបញ្ញា និង​បញ្ហា​មួយចំនួនទៀត​។

​ក្នុងន័យនេះ លោក Brilliant ជឿជាក់ថា ប្រទេស​ទាំងពីរ​អាចមាន​កិច្ចព្រមព្រៀង​រូបិយប័ណ្ណ និង​មិនមាន​ការដំឡើង​អត្រាពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ជា​លើក​ទី​បួន នៅ​ថ្ងៃទី​១៥ ខែតុលា​។ ក្រៅពី​បញ្ហា​ខាងលើ​ភាគី​អាមេរិក និង​ចិន​ក៏​និយាយ​ពី​បញ្ហា​សុវត្ថិភាព​អ៊ិន​ធឺ​ណិ​ត ការផ្ទេរ​បច្ចេកវិទ្យា ការឧបត្ថម្ភ​ធន​លើ​រោងចក្រ​ជាដើម​។  

​សូមបញ្ជាក់ថា ជំនួប​អាមេរិក និង​ចិន​លើក​នេះ កើតឡើង​នៅក្នុង​បរិបទ​នៃ​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន ពាក់ព័ន្ធ​នឹង​ជនជាតិភាគតិច​មូស្លីម វី​ហ្គ័​រ យ៉ាងខ្លាំង​។ នៅក្នុង​ភាពចម្រូងចម្រាស់​នេះ ភាគី​អាមេរិក បានដាក់​អង្គការ​ចិន​២៨ ចូលទៅក្នុង​បញ្ជីខ្មៅ និង​រឹតត្បិត​លើ​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល​ចិន ខណៈពេល​ចិន​កំពុង​ចេញ​វិធានការ​សងសឹក​វិញ​។ ទាក់ទិន​នឹង​បញ្ហា​នេះ ទីក្រុង​ប៉េកាំង​មាន​គម្រោង​រឹតត្បិត​លើ​ទិដ្ឋាការ​មន្ត្រី​អាមេរិក​ដូចគ្នា​។


Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com