អន្តរជាតិ
លោក មូ​ន ចេ​អ៊ី​ន នឹងមិន​ទៅ​ចូលរួម​ពិធី​ឡើង​គ្រងរាជ្យ​អធិរាជ​ជប៉ុន
11, Oct 2019 , 10:39 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន គ្មាន​គម្រោង​ចូលរួម​ពិធី​ឡើង​សោយរាជ្យ​អធិរាជ ណា​រ៉ូ​ហី​តូ (Naruhito) ។ មន្ត្រី​ប្រចាំ​វិមាន​ប្រធានាធិបតី​ម្នាក់  បញ្ជាក់​បែបនេះ នៅ​ថ្ងៃ​សុក្រ ទី​១១ តុលា​។ ចំពោះ​មូលហេតុ មន្ត្រី​រូបនេះ បាន​ទម្លាក់កំហុស​លើ​ជំហរ​របស់​ក្រុង​តូ​ក្យូ​វាយបក​ផ្នែក​ពាណិជ្ជកម្ម​ប្រឆាំង​ក្រុង​សេ​អ៊ូ​លពាក់​ព័ន្ធ​រឿង​ប្រវត្តិសាស្ត្រ​។



«​ប្រធានាធិបតី មូ​ន នឹងមិន​ទៅ​ចូលរួម​ពិធី​ឡើង​សោយរាជ្យ​របស់​អធិរាជ​ជប៉ុន​ឡើយ​»​។ មន្ត្រី​កូរ៉េខាងត្បូង​ម្នាក់​ដែល​បម្រើការ​នៅ​វិមាន Cheongwadae ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap បែបនេះ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។  សម្រាប់​ការសម្រេចចិត្ត​បែបនេះ លោកនាយក​រដ្ឋមន្ត្រី Lee Nak-yon ទំនងជា​ទៅ​ចូលរួម​ជំនួស​លោក មូ​ន ចេ​អ៊ី​ន​។
​    ​
​វា​នៅតែ​មិនទាន់​ត្រូវបាន​បញ្ជាក់ថា តើ​ក្រុង​សេ​អ៊ូ​ល​បាន​ជូនដំណឹង​ជា​ផ្លូវការ​ដល់ទី​ក្រុង​តូ​ក្យូ​អំពី​ឈ្មោះ​អ្នកតំណាង​របស់ខ្លួន​ហើយ​ឬ​នៅទេ​។ តាម​សារព័ត៌មាន​ជប៉ុន លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ នឹង​ជួប​មេដឹកនាំ​បរទេស​ប្រមាណ​៥០​នាក់ ដែល​នឹង​ទៅធ្វើ​ទស្សនកិច្ច​នា​ក្រុង​តូ​ក្យូ​សម្រាប់​ពិធី​នេះ​។  លោក អា​បេ ត្រូវបាន​រាយការណ៍​ថា មានបំណង​បង្កើត​ជំនួប​១​ទល់​១​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​។ 

​កន្លងទៅ ទីប្រឹក្សា​លោក​មូ​ន ចេ​អ៊ី​ន ធ្លាប់​បានបង្ហាញ​ក្តីសង្ឃឹម​សម្រាប់​កិច្ចប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ទំនាស់ ដែល​អាច​កើតមាន​ក្នុងជំនួប​រវាង​លោក មូ​ន និង​លោក អា​បេ នាឱកាស​ពិធី​ឡើង​សោយរាជ្យ នា​ថ្ងៃ​២២ តុលា​។  ក៏ប៉ុន្តែ រដ្ឋាភិបាល​ជប៉ុន មិន​បង្ហាញ​ឆន្ទៈ​ផ្លាស់ប្តូរ​ជំហរ​ខ្លួន​ឡើយ​។ សម្រាប់​លោក មូ​ន បន្ទុក​នយោបាយ​គឺ​ធំធេង​ណាស់ ហើយ​គ្មាន​សមិទ្ធិផល​ការទូត​ណាមួយ​ត្រូវបាន​ធានា​ពី​ការចូលរួម​របស់គាត់​នៅក្នុង​ព្រឹត្តិការណ៍​តូ​ក្យូ​នោះទេ​។

​សូមបញ្ជាក់ថា ទំនាស់​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​កើតចេញពី​សាលក្រម​កូរ៉េខាងត្បូង​បាន​បង្ខំ​អោយ​ក្រុមហ៊ុន​ជប៉ុន​បង់​សំណង​ទៅ​ជនរងគ្រោះ ដែល​ត្រូវបាន​គេ​បង្ខំ​អោយ​ធ្វើការ​ក្នុងសម័យ​អាណានិគម​របស់​ជប៉ុន​លើ កូរ៉េខាងត្បូង​។ ដោយសារតែ​រឿងនេះ ទីក្រុង​តូ​ក្យូ​បាន​រឹតត្បិត​ការនាំចេញ​រូបធាតុ​គីមី​សំខាន់ៗ​បី​ប្រភេទ​ទៅ​កូរ៉េខាងត្បូង ហើយ​បាន​ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្តបាន​ទៀត​៕



Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  មូ​ន​ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com