អន្តរជាតិ
នាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed ឈ្នះពានរង្វាន់ណូបែលសន្តិភាព២០១៩ នាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed (AFP)
× ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៩ ត្រូវបានប្រគល់ជូនលោក Abiy Ahmed នាយករដ្ឋមន្ត្រីអេត្យូពី ដែលបានជួយបញ្ចប់សង្គ្រាមរយៈពេល២០ឆ្នាំរបស់ប្រទេសលោកជាមួយប្រទេសក្បែរខាងអេរីត្រេ។
ការផ្តល់ពានរង្វាន់នេះជូនលោក គឺសម្រាប់កិច្ចប្រឹងប្រែងលោកក្នុងការសម្រេចសន្តិភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយជាពិសេសសម្រាប់គំនិតផ្តួចផ្តើមលោកក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសក្បែរខាង អេរីត្រ។ នេះបើតាម Twitter ផ្លូវការរបស់គណៈកម្មធិការណូបែល។
ថ្លែងក្នុងសន្និសីទព័ត៌មាន ទីក្រុង អូស្លូ ប្រទេសន័រវែស នៅថ្ងៃសុក្រ ទី ១០ តុលា ប្រធានគណៈកម្មាធិការណូបែល លោកស្រី Berit Reiss-Andersen បញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី លោក Abiy Ahmed បានប្រឹងប្រែងលើកស្ទួយយុត្តិធម៌សង្គម ការផ្សះផ្សា និងសាមគ្គីភាព។ ទោះជាបែបនេះក្តី លោកស្រី បន្តថា បញ្ហាប្រឈមជាច្រើន នៅតែពុំទាន់ដោះស្រាយរួច ហើយមនុស្សខ្លះ នឹងយល់ឃើញថា ពានរង្វាន់ណូបែលសន្តិភាពឆ្នាំនេះ គឺផ្តល់ឲ្យលឿនជ្រុលពេក។
យ៉ាងណាមិញ លោកស្រី Reiss-Andersen សង្កត់ធ្ងន់ថា គណៈកម្មាធិការ ជឿជាក់ថា កិច្ចប្រឹងប្រែងរបស់លោក Abiu Ahmed សមនឹងបានការទទួលស្គាល់ និងត្រូវការលើកទឹកចិត្ត។ លោកស្រី សង្ឃឹមថា ពានរង្វាន់នេះ អាចពង្រឹងការតាំងចិត្តរបស់លោកនាយករដ្ឋមន្ត្រីឲ្យប្រឹងប្រែងធ្វើការដ៏សំខាន់របស់លោក៕
© រក្សាសិទ្ធិដោយ thmeythmey.com