ជាតិ
សង្គមជាតិ
អង្គការភ្លែន បង្កើតយុទ្ធនាការ ជំរុញឲ្យមានសមភាព និងបំបាត់គំនិតចាស់គំរឹលលើក្មេងស្រី
× ភ្នំពេញ៖ «ក្មេងស្រីទទួលបានសមភាព» ជាយុទ្ធនាការមួយដែលអង្គការភ្លែនប្រារព្ធនៅក្នុងទិវាក្មេងស្រីអន្តរជាតិ នៅថ្ងៃទី១១ ខែតុលានេះ។ អង្គការភ្លែន មានគោលបំណងរៀបចំយុទ្ធនាការនេះឡើង ដើម្បីជំរុញលើកទឹកចិត្តឲ្យក្មេងស្រីហ៊ានបញ្ចេញមតិយោបល់ ទទួលបានសិទ្ធិអំណាចក្នុងការសម្រេចចិត្តលើរឿងដែលប៉ះពាល់ដល់ខ្លួន និងចង់ឲ្យមានការផ្សព្វផ្សាយបែបវិជ្ជមានរបស់ក្មេងស្រីនៅក្នុងសង្គម។
តាមរយៈយុទ្ធនាការ «ក្មេងស្រីទទួលបានសមភាព» អង្គការភ្លែនជំរុញឲ្យក្មេងស្រី មានសក្កានុពលក្នុងការសម្តែងសិល្បៈ និងលុបបំបាត់គំនិតចាស់គំរឹលដែលដាក់បន្ទុកលើក្មេងស្រី បំបាត់ការរើសអើង និងរំលោភបំពានលើក្មេងស្រី និងស្ត្រី។ អង្គការភ្លែនដែលធ្វើការលើកកម្ពស់សិទ្ធិកុមារ និងសមភាពយែនឌ័រនៅកម្ពុជា តាំងពីឆ្នាំ២០០២មក បានកត់សម្គាល់ថា ស្ថានភាពកុមារនៅកម្ពុជា មានភាពប្រសើរឡើងហើយ ដោយឡែកស្ថានភាពក្មេងស្រី និងស្រី្តវ័យក្មេង ហាក់បីនៅជួបបញ្ហាវិសមភាពយេនឌ័រ នៅតាមផ្ទះ សហគមន៍ និងកន្លែងធ្វើការ។ នេះជាការបញ្ជាក់របស់លោកស្រី គ្វីននេត វ៉ង (Gwynneth Wong) នាយិកាអង្គការភ្លែនប្រចាំកម្ពុជា។
លោកស្រី គ្វីននេត វ៉ង បាននិយាយដូច្នេះថា៖«ជាការពិតណាស់ ក្មេងស្រីនិងក្មេងប្រុសមានសក្តានុពលដូចគ្នាក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ វាដល់ពេលហើយដែលយើងត្រូវបង្កើតឱកាសបន្ថែមទៀតសម្រាប់ក្មេងស្រីដើម្បីឲ្យពួកគេអាចធ្វើអ្វី ដែលពួកគេចង់ធ្វើ។ វាដល់ដល់ពេលហើយដែលយើងត្រូវបង្ហាញពិភពលោកថាក្មេងស្រីមានសក្តានុពលខ្លាំងក្លាក្នុងការចូលរួមធ្វើឲ្យប្រទេសជាតិ និងសហគមន៍រីកចម្រើន។ យើងទាំងអស់គ្នាត្រូវផ្លាស់ប្តូរការគិតរបស់យើងពីអ្វីដែលក្មេងស្រីអាចធ្វើបាន និងជំរុញឲ្យក្មេងស្រីក្លាយជាអ្នកដឹកនាំ»។
អង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំយុទ្ធនាការដែលផ្តោតសំខាន់លើក្មេងស្រី និងស្ត្រីនៅកម្ពុជាអស់រយៈពេល១៧ឆ្នាំមកហើយ ដែលបានជួយកុមារជិត៤សែននាក់ តាមរយៈកម្មវិធី គាំពារ និងអភិវឌ្ឍន៍កុមារ, កិច្ចការពារកុមារ, ទឹកស្អាត និងអនាម័យ, អាហារូបត្ថម្ភ និងការអប់រំថ្នាក់បឋមសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
Tag:
អង្គការភ្លែន
ក្មេងស្រី
© រក្សាសិទ្ធិដោយ thmeythmey.com