កម្ពុជា វៀតណាម ថៃ និង​ឡាវ ផ្ដើម​ជជែក​ពី​ទំនប់​អគ្គិសនី​ហ្លួងព្រះបាង​ក្រោម​កង្វល់​ពី​ក្រុម​ការពារ​បរិស្ថាន​
ជាតិ
កម្ពុជា វៀតណាម ថៃ និង​ឡាវ ផ្ដើម​ជជែក​ពី​ទំនប់​អគ្គិសនី​ហ្លួងព្រះបាង​ក្រោម​កង្វល់​ពី​ក្រុម​ការពារ​បរិស្ថាន​
12, Oct 2019 , 7:59 pm        
រូបភាព
កិច្ចប្រជុំ​លើក​ទី​មួយ​របស់​ក្រុម​ការងារ​ថ្នាក់​តំបន់ ស្តីពី​ការពិគ្រោះ​យោបល់​ជាមុន សម្រាប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ហ្លួងព្រះបាង ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ នៅ​ថ្ងៃទី​៨ ខែ​តុលា​​ ឆ្នាំ២០១៩។ (ផ្តល់​ដោយ​លេខា​ធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ)
កិច្ចប្រជុំ​លើក​ទី​មួយ​របស់​ក្រុម​ការងារ​ថ្នាក់​តំបន់ ស្តីពី​ការពិគ្រោះ​យោបល់​ជាមុន សម្រាប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ហ្លួងព្រះបាង ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ នៅ​ថ្ងៃទី​៨ ខែ​តុលា​​ ឆ្នាំ២០១៩។ (ផ្តល់​ដោយ​លេខា​ធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ)
ដោយ: VOA
 ភ្នំពេញ ៖ ក្រុមការងារ​ថ្នាក់​តំបន់​មកពី​ប្រទេស​កម្ពុជា វៀតណាម ថៃ​និង​ឡាវ បានចាប់ផ្ដើម​ពិភាក្សាគ្នា​អំពី​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង (Luang Prabang) ទោះបីជា​មានការ​រិះគន់​ពី​ក្រុម​ការពារ​បរិស្ថាន​ថា ទំនប់​នេះ​នឹង​បង្ក​ឲ្យ​ទន្លេមេគង្គ​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ថែមទៀត​។​



​ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង ដែល​នឹង​សង់​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ក្នុងប្រទេស​ឡាវ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១៣៧២​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ប្រទេស​កម្ពុជា និង​ឡាវ​។​

​កិច្ចប្រជុំ​នៃ​ក្រុមមន្ត្រី​តំណាង​ប្រទេស​ទាំង​បួន​បានចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​ទី​៨​ខែតុលា​នេះ​ដើម្បី​ពិភាក្សា​លើ​ផល​វិជ្ជមាន​និង​ផលប៉ះពាល់​ពី​ទំនប់​វា​រី​អគ្គិសនី​កម្រិត​១,៤៦០ មេ​ហ្គា​វ៉ា​ត់​នេះ​។ ក្រុម​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​មាន​រយៈពេល​ប្រាំ​មួយខែ ដើម្បី​ធ្វើការ​វាយតម្លៃ​មុននឹង​សម្រេច​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​ដំណើរការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​នេះ​។​

​លោក គល់ វ​ឌ្ឍ​នា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែល​ទទួលបន្ទុក​លើ​ការពិនិត្យ​ឯកសារ​គម្រោង​ទំនប់​ហ្លួងព្រះបាង បាន​ប្រាប់​វី​អូ​អេ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​មិនទាន់​អាច​បញ្ជាក់​ពី​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​ហ្លួងព្រះបាង​នេះ​បាន​នៅឡើយ​ទេ ដោយសារ​លោក​ទើបតែ​ទទួលបាន​ឯកសារ​គម្រោង​ពី​ភាគី​ឡាវ​។​

«​គឺ​យើង​ពិនិត្យ​ហើយ យើង​នឹង​លើក​ជា​អនុសាសន៍​ជាច្រើន​ដើម្បី​ធ្វើ​ម៉េច កាត់បន្ថយ​ឲ្យ​ដល់​កម្រិត​អប្បបរមា​នូវ​ផលប៉ះពាល់ មក​ខ្សែទឹក​ខាងក្រោម​។ បើសិនណា​ជា​គម្រោង​ហ្នឹង​ដំណើរការ យើង​ឃើញថា​មាន​ផលប៉ះពាល់ យើង​ត្រូវ យើង​មើល យើង​ពិភាក្សា​ហើយ យើង​នឹង​ចេញ​ជា​អនុសាសន៍​ឲ្យ​វា mitigation measure មានន័យថា វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​ហ្នឹង​»​។​

​ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង ស្ថិតនៅ​ចន្លោះ​ទំនប់ Pak Beng នៅ​ផ្នែក​ខាងលើ​ទន្លេមេគង្គ និង​ទំនប់ Xayaburi ដ៏​ចម្រូងចម្រាស់​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​ទន្លេមេគង្គ​និង​ដែល​សាងសង់​ជិត​រួចរាល់​។​

​ការសាងសង់​ទំនប់​ហ្លួងព្រះបាង ត្រូវ​រំពឹងថា នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០២០ ហើយ​និង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៧​។ ថាមពល​ដែល​ផលិត​បាន​ពី​ទំនប់​នេះ អាច​នឹងត្រូវ​លក់​ឲ្យ​ទៅ​ប្រទេស​ថៃ ឬ​វៀតណាម​។​

​ក្នុង​ពេលនេះ​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ខ្សែទឹក​ទន្លេមេគង្គ ត្រូវធ្វើ​ការវាយតម្លៃ​លើ​ផ្នែក​ជលសា​ស្ត្រ និង​កម្លាំង​ទឹក (Hydrology and Hydraulics) ផ្នែក​កំណក​កករ និង​រូបសាស្ត្រ​ទន្លេ (Sediment & Morphology) គុណភាព​ទឹក សុខភាព​ប្រព័ន្ធ​អេកូឡូស៊ី (Water quality, aquatic ecosystem health & environment flow) ផ្នែក​ជលផល និង​សុវត្ថិភាព​ទំនប់ ផ្នែក នាវាចរណ៍ និង​ផលប៉ះពាល់​សេដ្ឋកិច្ច​-​សង្គម ឆ្លងដែន (Transboundary socio-economic impact) មុននឹង​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​មួយ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។​

VOA មិនទាន់​អាច​សុំ​ការអធិប្បាយ​ពី​លោក​ដាវ​ង់ ផន​កែវ (Daovong Phonekeo) លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល​និង​រ៉ែ​របស់​ប្រទេស​ឡាវ​បានទេ នៅ​ថ្ងៃ​សុក្រ​នេះ​។​

​សម្ព័ន្ធ​សង្គ្រោះ​ទន្លេមេគង្គ ឬ Save the Mekong Coalition បាន​អំពាវនាវ​ឲ្យ​លុបចោល​គម្រោង​សាងសង់​ទំនប់​ហ្លួងព្រះបាង និង​ទំនប់​ផ្សេងៗ​ទៀត​ដែល​បានគ្រោង​នឹង​សង់​លើ​ដង​ទន្លេ​មេ​ទន្លេមេគង្គ ដោយ​អង្គការ​ការពារ​បរិស្ថាន​អន្តរជាតិ​មួយ​នេះ លើកឡើងថា​ទន្លេមេគង្គ​កំពុង​ជួប​វិបត្តិ ដែល​មិន​តម្រូវ​ឲ្យ​មាន​ការសង់​បន្ថែម​ទំនប់​ទៀត​នោះទេ​។ ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន​មួយ​ចុះ​ថ្ងៃទី​៨ ខែ តុលា អង្គការ​Save the Mekong​គូសបញ្ជាក់ថា ការប្រែប្រួល​អាកាសធាតុ និង​ទំនប់​ធំៗ​នៅលើ​តួ​មេ​ទន្លេមេគង្គ ហើយ​និង​ដៃទន្លេ​នេះ បានធ្វើ​ឲ្យ​ពិបាក​ធ្វើការ​ទស្សន៍ទាយ​ពី​លំហូរ និង​កម្រិត​ទឹក​។ ទំនប់​វា​រី​អគ្គិសនី បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​កាន់តែ​អាក្រក់​ឡើងទៅ​លើ​ទន្លេ និង​ប្រជាជន​។ ទំនប់​ធំៗ ដែល​គ្រោង​សង់​លើ​ដង​ទន្លេ​មេ​ទន្លេមេគង្គ​គឺជា​ការបង្ក​ហេតុ​ដ៏​ចម្បង និង​មិនបាន​ឆ្លើយតប​ទៅនឹង​វិបត្តិ​ទន្លេមេគង្គ​នោះទេ​។​

​លោក គល់ វ​ឌ្ឍ​នា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា អះអាងថា ការអធិប្បាយ​របស់​អង្គការ Save the Mekong គឺជា​អនុសាសន៍​ដែល​នឹង​ត្រូវបាន​គេ​យកមក​ពិចារណា​នៅក្នុង​វេទិកា​ភាគី​ពាក់ព័ន្ធ​ក្នុង​តំបន់ ដែល​នឹង​ធ្វើឡើង​ចំនួន​ពីរដង ក្នុងពេល​នៃ​ការពិគ្រោះ​យោបល់​មុននឹង​សម្រេច​ឲ្យ​មានការ​សាងសង់​ទំនប់​ហ្លួងព្រះបាង​នេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com