ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​ការងារ​ឃើញ​ផល​ល្អ​ច្រើន​លើ​ដំណើការ​សភាពាណិជ្ជកម្ម​ចិន​ប្រចាំខេត្ត​ព្រះសីហនុ​
12, Oct 2019 , 1:46 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ រូបថត៖ ពីទំព័រហ្វេសប៊ុកក្រសួងការងារ​ ។​ Front
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ រូបថត៖ ពីទំព័រហ្វេសប៊ុកក្រសួងការងារ​ ។​ Front
​ភ្នំពេញ​៖ ការបង្កើត​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ប្រចាំខេត្ត​ព្រះសីហនុ គឺ​កាន់តែ​ជួយ​ជំរុញ​ពាណិជ្ជករ និង​វិនិយោគ​គិ​ន​ចិន​ឱ្យ​ងាយស្រួល​ថែមទៀត ក្នុងការ​ពង្រីក​ទំនាក់ទំនង​ភាពជា​ដៃគូ​ជាមួយ វិនិយោគ​គិ​ន​ក្នុង និង​ក្រៅ​ស្រុក​ដើម្បី​ធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

 
​ក្នុង​ពិធី​សម្ពោធ​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ប្រចាំខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១១ តុលា ឆ្នាំ​២០១៩ រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ថ្លែងថា សមាគម​នេះ នឹង​ធ្វើឱ្យ​ពាណិជ្ជករ និង​វិនិយោគ​គិ​ន​ចិន បង្កើត​នូវ​យន្តការ​នានា សម្រាប់​ផ្លាស់ប្តូរ​ព័ត៌មាន​ទៅវិញទៅមក អំពី​បរិយាកាស​ធុរកិច្ច និង​សក្តានុពល ក្នុងការ​វិនិយោគ ក៏ដូចជា​គោលនយោបាយ​សេដ្ឋកិច្ច គោលនយោបាយ​ពន្ធ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម នៅ​កម្ពុជា សម្រាប់ធ្វើ​ការទាក់ទាញ​ដៃគូ​ចិន​ដូចគ្នា ក៏ដូចជា​ទាក់ទាញ​ដៃគូ​បរទេស​ផ្សេងៗ​។ 
 
​លោក អ៊ិត សំហេង បាន​កោតសរសើរ​អ្នកវិនិយោគ​ទាំងអស់ ដែល​បាន​សម្រេចចិត្ត ជ្រើសរើស​កម្ពុជា ជាទី​តាំង​បណ្តាក់​ទុនវិនិយោគ​។ កត្តា​នេះ បានបញ្ជាក់​ឱ្យឃើញ​នូវ​ជំនឿ​ទុកចិត្ត​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកវិនិយោគទុន​បរទេស ជាពិសេស​អ្នកវិនិយោគទុន​ដែលជា​ជនជាតិ​ចិន ទៅលើ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដែល​ធានាបាន​នូវ​បរិយាកាស​វិនិយោគ ពាណិជ្ជកម្ម ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​។​
 
​ជាមួយគ្នានេះ លោក  វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំ​កំពូល របស់​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​ចិន​)​បាន​បង្កើត​និង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ដ​ល់​កម្រិត យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​តាមរយៈ​នេះ ក៏បាន​បន្ត​លើកទឹកចិត្ត និង​ជំរុញ​ដល់​ពាណិជ្ជករ និង​វិនិយោគិន​ចិន មក​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ស្របទៅតាម​គោលនយោបាយ ផ្លូវ​មួយ ខ្សែក្រវាត់​មួយ របស់​ចិន​និង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

Tag:
 ចិន​
  ពាណិជ្ជកម្ម​
  សភាពាណិជ្ជកម្ម​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com