កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន រំពឹងថា ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន ជួយ​ជំរុញ​កំណើន​ទេសចរ​អន្តរជាតិ​ឡើងវិញ​
13, Oct 2019 , 8:39 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, រូបភាពពី SEA Games 2023
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, រូបភាពពី SEA Games 2023
ដោយ:
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រំពឹង​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ ជួយ​ជំរុញ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​នៅ​ខេត្តសៀមរាប ដែល​កំពុងមាន​ការធ្លាក់​ចុះ​។ បើតាម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ គិត​ត្រឹម​ថ្ងៃទី​១០ តុលា មាន​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ជិត​៤​ពាន់​នាក់​បាន​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍ ដែល​រំពឹង​ទាក់ទាញ​អ្នកចូលរួម​កើនឡើង​១០​ភាគរយ​មួយ​នេះ​។ លោក បាន​អំពាវនាវ​ដល់​អ្នករត់​ដែលមាន​បំណង​ចង់​ចូលរួម រួសរាន់​មក​ចុះឈ្មោះ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​គណៈកម្មកា​រ​ក្នុងការ​សម្ភារ​នានា​។​



​ស្របពេល​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​មានការ​ធ្លាក់ចុះ​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេ​ចរណ៍​សង្ឃឹមថា ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នឹង​ជួយ​ស្រោចស្រង់​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុង​ខេត្ត​សម្បូរ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ ការរំពឹង​បែបនេះ ធ្វើឡើង​ក្រោយ​សន្ទុះ​អ្នក​ចុះឈ្មោះ​រត់​ឆ្នាំនេះ មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

​បើតាម​របាយការណ៍រ​បស់​គ្រឹះស្ថាន​អង្គរ ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​១,៥៥១,៨៣៦​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ ចំណូល​ពី​ការលក់​សំបុត្រ​មាន​ចំនួន​៦៩,៤៦៤,២១៧​ដុល្លារ ថយចុះ​១១.៨២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។

​បើតាម​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ គិត​ត្រឹម​ថ្ងៃទី​១០ ខែតុលា មាន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ជិត​៤​ពាន់​នាក់​ហើយ បាន​ចុះឈ្មោះ​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩​មួយ​នេះ​។ ក្នុងចំណោម​អត្ត​ព​លិ​ក​បរទេស​ជាង​១​ពាន់​នាក់ ដែល​បាន​ចុះឈ្មោះ អត្ត​ពលិកម​ក​ពី​អង់គ្លេស​ឈរ​លំដាប់​ទី​១​មាន​ចំនួន​ជិត​៥០០​នាក់ និង​មកពី​សហរដ្ឋអាមេរិក​ឈរ​លំដាប់​ទី​២​មាន​ជិត​៣០០​នាក់​។

​លោក វ៉ា​ត់ ចំរើន រំពឹងថា ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ក្នុង​បរិវេណ​អង្គរ​ឆ្នាំនេះ នឹង​អាច​ទាក់ទាញ​អ្នកចូលរួម​កើនឡើង​ពី​១០​ទៅ​១៥​ភាគរយ ខណៈ​ឆ្នាំមុន​មាន​អ្នកចូលរួម​ចំនួន​១០,៥០០​នាក់​។ ជាមួយគ្នានេះ លោក អំពាវនាវ​ឲ្យ​អ្នក​ចង់​ចូលរួម​រត់​ទាំងអស់​រួសរាន់​មក​ចុះឈ្មោះ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​រៀបចំ​សម្ភារ​ផ្សេងៗ​ដល់​អ្នករត់​។

«​ឆ្នាំ​២០១៨ យើង​ទទួលបាន​អ្នកចូលរួម​ចំនួន​១០,៥០០​នាក់ ជា​ឆ្នាំ​ដែល​យើង​ទទួលបាន​ឯតទគ្គ​កម្ម​មាន​អ្នកចូលរួម​លើស ១​ម៉ឺន​នាក់​។ បើ​ស្ថានភាព​នៅតែ​បែបនេះ យើង​សង្ឃឹមថា នឹង​ទទួលបាន​អ្នកចូលរួម​មិន​ក្រោម​១​ម៉ឺន​នាក់​ទេ អាច​លើសពី​១​ម៉ឺន​នាក់​ដូច​ឆ្នាំមុន​ដែរ​»​។ នេះ​ការបង្ហាញ​ក្តី​រំពឹង​របស់លោក វ៉ា​ត់ ចំរើន​។

​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព ជូន​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ លោក សែម ផល្លា នាយក​ប្រតិបត្តិ​ប្រចាំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​បាន​និយាយថា លោក​នឹង​ស្នើសុំ​គ្រូពេទ្យ​ពី​កង​អន្តរាគមន៍​ពិសេស​នៃ​ក្រសួងការពារជាតិ​ដើម្បី​ដាក់ពង្រាយ​បន្ថែម លើ​ក្រុមគ្រូពេទ្យ​ដែលជា​ដៃគូ​។

​ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​បំផុសស្មារតី​របស់​ប្រជាពលរដ្ឋ​ឲ្យ​រួមចំណែក​ជួយ​ការពារ​បរិស្ថាន​ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ​។ ជាពិសេស ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប និង​ជួយ​រក​ចំណូល​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ប្រាក់ចំណូល​រដ្ឋ​ជាដើម​៕ 


Tag:
 International Haft Marathon
  វ៉ា​ត់ ចំរើន​
  សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com