អន្តរជាតិ
សកម្មភាពចំណាន៨ ដែលជប៉ុនអនុវត្តពេលមានគ្រោះរញ្ជួយដី ឬគ្រោះមហន្តរាយផ្សេងទៀត
× បើរៀបរាប់ពីប្រទេសដែលសំបូរទៅដោយគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះរញ្ជួយដី ឬគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ជប៉ុនគឺជាប្រទេសមួយដែលគេអាចនឹកឃើញមុនគេ។ ជប៉ុនគឺជាប្រទេសកោះមួយដែលមានទីតាំងនៅបណ្តោយតំបន់ខ្សែក្រវាត់ភ្នំភ្លើងបាស៊ីហ្វិក ដែលជាតំបន់សំបូរទៅដោយសកម្មភាពតិចតូនិចក្នុងជម្រៅដី។
ជប៉ុនឧស្សាហ៍ជួបប្រទះគ្រោះរញ្ជួយដីខ្លាំងណាស់ ប៉ុន្តែផ្ទុយទៅវិញ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយទាំងនោះមានចំនួនតិចតួច បើប្រៀបធៀបជាមួយនឹងចំនួនប្រជារាស្ត្រដ៏ច្រើនលើសលុបរបស់ខ្លួន។ នេះគឺដោយសារលក្ខណៈពិសេសមួយចំនួនដែលប្រទេសមួយនេះបានអនុវត្តក្នុងការត្រៀមខ្លួននៅពេលដែលមានហេតុការណ៍អាក្រក់មកដល់។ ខាងក្រោម គឺជាការរៀបរាប់ដែលដកស្រង់ចេញពីគេហទំព័រ The Culture Trip ៖
ទី១៖ សំណង់ជាច្រើននៅប្រទេសជប៉ុនបានសាងសង់ឡើងជាមួយនឹងបច្ចេកវិទ្យាក្នុងការសម្របខ្លួនជាមួយនឹងរលករញ្ជួយដី។ ការសាងសង់ទាំងនេះត្រូវបានធ្វើឡើងជាមួយនឹងការឃ្លាំមើលពីច្បាប់។ ៨៧%នៃសំណង់នានាក្នុងប្រទេសជប៉ុនអាចទប់ទល់ជាមួយនឹងគ្រោះរញ្ជួយបាន។
ទី២៖ សារប្រកាសអាសន្នតាមទូរសព្ទដៃ ដែលគេបំពាក់នៅក្នុងប្រព័ន្ធទូរសព្ទរបស់ប្រជាជនទូទៅប្រើប្រាស់។ ប្រមាណជា១០វិនាទីមុនពេលកើតហេតុសារប្រកាសអាសន្ននឹងផ្តល់សំឡេង «Jishin Desu! Jishin Desu!» ឬមានន័យថា «មានគ្រោះរញ្ជួយដី!» រហូតដល់ការកើតហេតុត្រូវបានបញ្ចប់។ សារអាសន្នអាចធ្វើឲ្យប្រជាជនមានពេលគ្រប់គ្រាន់ក្នុងការរកកន្លែងការពារខ្លួន។
ទី៣៖ ប្រជាជនជប៉ុនចូលចិត្តធ្វើដំណើរតាមរថភ្លើង ដូចជារថភ្លើងក្រោមដី ឬរថភ្លើងល្បឿនលឿន។ ទាំងអស់នេះនឹងក្លាយជាបញ្ហាធំ បើគ្រោះមហន្តរាយមកដល់។ ផ្លូវរថភ្លើងនានាត្រូវបានបំពាក់ដោយឧបករណ៍ស្ទង់យ៉ាងទំនើបដែលអាចស្ទង់ដឹងពីគ្រោះមហន្តរាយ។ នៅពេលដែលមានហេតុការណ៍កើតឡើង ឧបករណ៍ទាំងនោះនឹងបញ្ចារឲ្យខ្សែរថភ្លើងទាំងឡាយឈប់ជាស្វ័យប្រវត្តិសម្រាប់សុវត្តិភាពអ្នកធ្វើដំណើរ។
ទី៤៖ ការផ្សាយផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍អំពីគ្រោះមហន្តរាយ។ ដំណឹងទាំងអស់នេះគឺដើម្បីប្រាប់ប្រជាជននៅតាមតំបន់នានាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការរកន្លែងសុវត្តិភាព ឬទីទួល។
ទី៥៖ ការបង្រៀនក្មេងតូចៗអំពីការការពារខ្លួន និងអ្នកដទៃពីគ្រោះមហន្តរាយ។ ជារើយៗ សាលានានានឹងបង្រៀនសិស្សរបស់ខ្លួនក្នុងការជ្រកក្រោមតុរ ពេលនៅក្នុងអគារ ឬរត់ទៅទីវាលនៅពេលនៅខាងក្រៅអគារដើម្បីគេចពីបំណែកដែលអាចធ្លាក់មកពីខាងលើ។ គេក៏មានកន្លែងបង្កើតរលករញ្ជួយសិប្បនិម្មិតផងដែរ សម្រាប់ក្មេងតូចៗអាចសម្របខ្លួនជាមួយនឹងហេតុការណ៍។
ទី៦៖ សារមន្ទីរដែលបង្ហាញពីគ្រោះមហន្តរាយពីអតីតកាល អាចជាការពង្រឹកស្មារតីមួយក្នុងការយល់ដឹងពីរឿងដែលគ្រោះថ្នាក់មួយនេះ។ នៅក្នុងឆ្នាំ១៩៩៥ ទីក្រុង Kobe របស់ប្រទេសជប៉ុនបានជួបគ្រោះរញ្ជួយដីយ៉ាងកាចសាហាវ ស្រដៀងគ្នានឹងឆ្នាំ២០១១ដែរ ដែលបានសម្លាប់មនុស្សជាង៥០០០នាក់ និងសំណង់ជាច្រើនខ្នងទៀត។ នៅពេលដែលគេសាងសង់ទីក្រុងនេះឡើងវិញ គេក៏បានសាងសង់សារមន្ទីរអំពីហេតុការណ៍នេះមកជាមួយផងដែរ។
ទី៧៖ សំភារៈសំខាន់ៗដែលត្រូវយកតាមខ្លួនពេលមានហេតុការណ៍ ដូចជាទឹក អាហារ ខោអាវការពារ និងវិទ្យុជាដើមនៅក្នុងកាតាប ដែលវាជារឿងមួយចំបាច់នៅផ្ទះ ឬនៅកន្លែងធ្វើការ។
ទី៨៖ អាងស្តុកទឹកក្រោមដី គឺជាស្ថាបត្យកម្មមួយដែលអស្ចារ្យសម្រាប់ប្រទេសជប៉ុនក្នុងការទប់ស្កាត់ទឹកសមុទ្រស៊ូណាមិ ពេលវាឈានមកដល់លើដី។ វាមានឈ្មោះថា «Discharge Tunnel» ដែលមានទីតាំងនៅក្រោមដី ជាយទីក្រុង។ ទឹកដែលហូរចូលត្រូវបានបញ្ចេញទៅវិញបន្តិចម្តងៗទៅកាន់ទន្លេដែលនៅក្បែរ។ អាងស្តុកទឹកនេះត្រូវការពេល១៣ឆ្នាំក្នុងការសាងសង់ និងថវិកាជាង៣ពាន់លានដុល្លារ៕
Tag:
ជប៉ុន
រញ្ជួយដី
ចំណេះដឹងទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com