អន្តរជាតិ
នាយករដ្ឋមន្ត្រី​ឥណ្ឌា​៖ ស្ថានភាព​នៅ​កា​ស្មៀ​រ​នឹង​វិល​មក​ធម្មតា​វិញ​នៅ​៤​ខែ​ទៀត​
15, Oct 2019 , 8:29 am        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី , រូបភាព Reuters
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី , រូបភាព Reuters
​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី នៅ​ថ្ងៃទី​១៣ ខែតុលា បាន​និយាយថា ឥណ្ឌា​ត្រូវការ​រយៈពេល ៤​ខែ​ទៀត​សម្រាប់​តំបន់​ចា​មូ​និង​កា​ស្មៀ​រ ដើម្បី​វិល​ត្រលប់​ទៅរក​ភាព​ធម្មតា​វិញ​។ ការអះអាង​របស់​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ដូចនេះ គឺ​បន្ទាប់​រដ្ឋាភិបាល​ទីក្រុង​ញូវដែលី បាន​ដក​ឋានៈ​ស្វ័យភាព​ពិសេស​នៅក្នុង​ខែសីហា និង​ដាក់​បម្រាម​គោចរ​ទៅលើ​ដែនដី​មួយ​នេះ​កាលពី​ខែសីហា​កន្លងទៅ​។



​នៅក្នុង​ការជួបប្រជុំ​នៅ​រដ្ឋ​ភាគ​ខាងលិច Maharashtra នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​លើកឡើងថា រដ្ឋាភិបាល​ឥណ្ឌា បាន​ឈាន​ជំហាន​ដ៏​សំខាន់​ក្នុង​ការរក្សាសន្តិសុខ​នៅក្នុង​តំបន់​ចា​មូ​និង​កា​ស្មៀ​រ ដែលជា​ដែនដី​ជម្លោះ​ត្រូវបាន​ទាមទារ​ដោយ​ប៉ា​គី​ស្ថាន​។ ចា​មូ និង​កា​ស្មៀ​រ​ជា​ទឹកដី​របស់​កា​ស្មៀ​រដែ​ល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។ 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters  លោក ម៉ូ​ឌី បាន​លើកឡើងថា​៖ «​ខ្ញុំ​ធានាថា វា​នឹងមិន​ប្រើ​រយៈពេល​ច្រើនជាង ៤​ខែ​ទេ ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​មក​ធម្មតា ដែល​យើង​ខិតខំ​តស៊ូ​អស់​រយៈពេល ៤០​ឆ្នាំ​មកហើយ​»​។

​បើទោះបីជា​បញ្ហា​នៅ​តំបន់​កា​ស្មៀ​រ មាន​ភាព​បន្ធូរបន្ថយ​បន្តិច​ក្តី ប៉ុន្តែ​សេវា​ទូរ​សព្ទ អ៊ីនធឺណិត​នៅតែ​ត្រូវបាន​គេ​កាត់ផ្តាច់​ដដែល​។ ទាក់ទិន​ទៅនឹង​បញ្ហា​នេះ ទីក្រុង​ញូវដែលី បាន​ឆ្លើយតប​នៅ​ថ្ងៃទី​១២ ខែតុលា ថា បណ្តាញ​ទូរ​សព្ទ​នៅ​តំបន់​ខ្លះ នឹងត្រូវ​បាន​គេ​ត​ភ្ជាប់​ឡើងវិញ​នៅ​ថ្ងៃទី​១៤ ខែតុលា​នេះ​។ ប៉ុន្តែ​បញ្ហា​នេះ នៅតែ​មិន​ច្បាស់​នៅឡើយ​ទេ ព្រោះ​កន្លងមក​រដ្ឋាភិបាល​ក៏​ធ្លាប់បាន​សន្យា​ឲ្យ​ស្វ័យភាព​ដល់​ដែនដី​នេះដែរ ប៉ុន្តែ​មកដល់ពេលនេះ មិនទាន់មាន​ការអនុវត្ត​អ្វីមួយ​នូវឡើយ​ទេ​។ 

​ជាការ​ពិតណាស់ ទីក្រុង​ញូវដែលី បាន​ទទូចថា ការផ្លាស់ប្តូរ​នៅក្នុង​ខែសីហា គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការដាក់​ប​ញ្ជូ​ល​ដែន​ដីកា​ស្មៀ​រ​ជាមួយ​ឥណ្ឌា​តែម្តង ជាពិសេស​គឺ​នាំយក​ការអភិវឌ្ឍ​ទៅ​តំបន់​មួយ​នេះ​។ ប៉ុន្តែ​ដូចដែល​បានឃើញ​កន្លងមកហើយ ការដាក់​ដែនដី​កា​ស្មៀ​រ ឲ្យ​ស្ថិតនៅក្រោម​រដ្ឋាភិបាល​ឥណ្ឌា​បែបនេះ គឺ​បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​នៅក្នុង​តំបន់​។​

​សូមបញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​នៅ​តំបន់​ចា​មូ​និង​កា​ស្មៀ​រ បាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅក្នុង​កាសែត​ក្នុងស្រុក ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​វិល​ទៅរក​ជីវិត​ធម្មតា​វិញ រួមទាំង​ការបើក​ដំណើរការ​ជំនួញ និង​បញ្ជូន​កូន​ទៅ​សាលារៀន​វិញ​ផងដែរ​។ ដោយ​ក្នុងនោះ គេ​ឃើញ​មានការ​សរសេរថា «​បិទ​ហាង​ទំនិញ គ្មាន​សេវាសាធារណៈ​? នរណា​ទទួលបាន​ប្រ​យោន៍​នេះ​?»​។
​គួររំលឹកថា កាលពី​ថ្ង​ទី​០៥ ខែសីហា រដ្ឋាភិបាល​ឥណ្ឌា​បាន​ដក​ឋានៈ​ស្វ័យភាព​តំបន់​កា​ស្មៀ​រ ហើយ​បាន​បន្ថែម​ទ័ព​ទៅ​តំបន់​នេះ ជាពិសេស​គឺ​ការដាក់​បម្រាម​គោចរ​នៅក្នុង​តំបន់​នេះ មិន​ឲ្យ​មានការ​ចេញចូល​អ្វី​ទាំងអស់​។ យ៉ាងណាមិញ នៅពេល​បន្ទាប់ រដ្ឋាភិបាល​ឥណ្ឌា បាន​បន្ធូរ​ការ​រឹតត្បិត​ខ្លះ​វិញ​៕


Tag:
 ឥណ្ឌា​
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com