អត្ថបទពាណិជ្ជកម្ម
និស្សិត​ខ្មែរ​ជំនាញ​អគ្គិសនី ទទួលបាន​មេដាយមាស​នៅ​ម៉ា​កាវ​
15, Oct 2019 , 11:54 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩៖ និស្សិត​ផ្នែក​វិស្វកម្ម​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច នៃ​សាកលវិទ្យាល័យ ន័​រ​តុ​ន ដែល​តំណាង ឱ្យ​ប្រទេស​កម្ពុជា បាន​ចូលរួម​ប្រកួត​ស្នាដៃ​ជា​លក្ខណៈ​អន្តរជាតិ នៅ​ទីក្រុង​ម៉ា​កាវ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ទទួលបាន​ជោគជ័យ​ដែល​នឹកស្មាន​មិន​ដល់ ក្នុង​ការយក​មេដាយ និង​ពានរង្វាន់​ជាច្រើន ពី​កម្មវិធី​អន្តរជាតិ ឈ្មោះថា «​គំនិត​ច្នៃប្រឌិត និង​ការបង្កើត​ថ្មី ជា​លក្ខណៈ​អន្តរជាតិ​នៅ​ទីក្រុង​ម៉ា​កាវ ឆ្នាំ​២០១៩» ។​

​ក្នុង​ការចូល​រូ​ម​ប្រកួត​នេះ ដឹកនាំ​ដោយ លោក​សាស្ត្រាចារ្យ ចាន់ មិថុនា ជា​ប្រធាន​ផ្នែក​វិស្វកម្ម​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច​, លោក​សាស្ត្រាចារ្យ អ៊ុ​ល ដា​រ៉ា និង​និស្សិត ២ រូប​ទៀត​គឺ និស្សិត ហាច ផានុង និង ដាន ចន្ទ​តារា​។ ក្នុងនោះ​សាកលវិទ្យាល័យ ន័​រ​តុ​ន បាន​យក​នូវ​ស្នាដៃ​ចំនួន ៣ ដើម្បី​ចូលរួម​ប្រកួត​រួមមាន​៖



១. ឧបករណ៍​ប្រកាសអាសន្ន ឆ្លាត​វៃ​ក្នុងការ​ស្វែងរក​ទីតាំង​ទទួលបាន​៖
- មេដាយមាស​ចំនួន​១​ពី​កម្មវិធី​នេះ​
- ពានរង្វាន់​ពិសេស​ចំនួន​១ ពី​សមាគម​គំនិត​ច្នៃប្រឌិត​ការបង្កើត​ថ្មី នៃ​សាកលវិទ្យាល័យ​ប្រទេស​កូរ៉េ​
- ពានរង្វាន់​ពិសេស​ចំនួន​១ ពី​សមាគម​គំនិត​ច្នៃប្រឌិត​ការបង្កើត​ថ្មី នៃ​ទីក្រុង​សៀង​ហៃ​
- ជាពិសេស​នោះ​គឺ​ទទួលបាន​ពានរង្វាន់​ពិសេស​លំដាប់​ខ្ពស់​ពី សមាគមន៍​ពិភពលោក នៃ​គំនិត​ច្នៃប្រឌិត និង​ការបង្កើត​ថ្មី​ពី​កោះ​តៃវ៉ាន់​ចំនួន​១

២. ឧបករណ៍​ផ្ដល់ដំណឹង​អំពី​ទឹកជំនន់ និង​ភ្លើង​ឆេះ​ព្រៃ​ទទួលបាន​៖
- មេដាយមាស​ចំនួន​១​ពី​កម្មវិធី​នេះ​
- ពានរង្វាន់​ពិសេស​ចំនួន​១ ពី​សមាគម​គំនិត​ច្នៃប្រឌិត​ការបង្កើត​នូវ​សមិទ្ធផល​ថ្មីៗ​នៃ កោះ​តៃវ៉ាន់​
- ពានរង្វាន់​ពិសេស​ចំនួន​១ ពី​សមាគមជំនួញ​សហភាព​អឺរ៉ុប ហ៊ែ​ល​ល័​រ (Euro Business Haller)
- ពានរង្វាន់​ពិសេស​ចំនួន​១ ពី​សមាគម​គំនិត​នៃ​ការច្នៃប្រឌិត និង​ការបង្កើត​ថ្មី​នៃ​និស្សិត​អន្តជាតិ​នៅ​ទីក្រុង​ហុងកុង​

៣. ឧបករណ៍​ពិសោធន៍​ដាំទឹក សម្រាប់​សិស្ស​អនុវិទ្យាល័យ​ទទួលបាន​៖
- មេដាយប្រាក់​ចំនួន​១​ពី​កម្មវិធី​នេះ​
- ពានរង្វាន់​ពិសេស​ចំនួន​១ ពី​សមាគម​គំនិត​ច្នៃប្រឌិត​ការបង្កើត​ថ្មី នៃ​ទីក្រុង តៃ​ណាន​
- ពានរង្វាន់​ពិសេស​ចំនួន​១ ពី​សមាគម​គំនិត​ច្នៃប្រឌិត​ការបង្កើត​នូវ​សមិទ្ធិផល​ថ្មីៗ​នៃ កោះ​តៃវ៉ាន់​
​ចំពោះ​លោក​សាស្ត្រាចារ្យ ចាន់ មិថុនា ទទួលបាន​៖
- ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​គំរូ ពី​សមាគម​គំនិត​ច្នៃប្រឌិត​ការបង្កើត​ថ្មី នៃ​សាកលវិទ្យាល័យ​ប្រទេស​កូរ៉េ​
- ពានរង្វាន់​ជា​អ្នករៀបចំ និង​ដឹកនាំ​ដ៏​ល្អ​ក្នុងការ​ចូលរួម​កម្មវិធី​អន្តរជាតិ​នេះ​
- ពានរង្វាន់​ជា​គណកម្មការ​អន្តរជាតិ ក្នុងការ​វាយតម្លៃ​ស្នាដៃ​ក្នុង​កម្មវិធី​នេះ​
- ពាន​មិត្តភាព​ពីសា​លា​អនុវិទ្យាល័យ Salesians of Don Bosco Ng Siu Mui (S.D.B. Ng Siu Mui Secondary School)​។​

​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​នេះ​មាន​ប្រទេស​ជាង ២០ ចូលរួម សរុប​ប្រមាណ ៣៦ ​សមាគម ហើយ​មាន​ស្នាដៃ​ប្រហែល​ជាង ៣៣០ ស្នាដៃ​។ តាមរយៈ​លទ្ធផល​នេះ​បញ្ជាក់​ឲ្យ​ឃើញថា និស្សិត​ខ្មែរ​របស់​យើង​ក៏មាន​សមត្ថភាព មិន​អន់​ដែរ​។  នេះ​ជា​មោទកភាព​មួយ ដែល​ទង់ជាតិ​ខ្មែរ​បាន​បង្ហាញ​លើ​ឆាក​អន្តរជាតិ ជាមួយ​ជោគជ័យ និង​បទពិសោធន៍​គួរឱ្យ​ចងចាំ​៕



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com