ជាតិ
សំរាម​កំពុង​បំផ្លាញ​សោ​ភណ្ឌ​ភាព​ខេត្ត​ព្រះសីហនុ​!
15, Oct 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ដោយសារ​កំណើន​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ជា​គំហុក​នោះ វា​បានធ្វើឱ្យ​ខេត្ត​តំបន់​ទេសចរណ៍​នេះ កំពុង​ជួប​បញ្ហា​សំរាម និង​បរិស្ថាន​។ នេះ​បើតាម​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ។​



​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​បញ្ជាក់ថា ការរីកចម្រើន​រយៈពេល ២​ឆ្នាំនេះ បានធ្វើឱ្យ​សំរាម​មានការ​កើនឡើង ពី ១០​ទៅ ១៥​ភាគរយ​ក្នុង​មួយឆ្នាំ ពោលគឺ​ក្នុង​ឆ្នាំ​២០១៥ ខេត្ត​ព្រះសីហនុ មាន​សំរាម​ចន្លោះ​ពី ១០០​ទៅ ២០០​តោន​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ។ ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ន​សំរាម​ក្នុង​ខេត្ត​នេះ មាន​រហូត ១,០០០​តោន​ក្នុង​មួយថ្ងៃ​។



​បញ្ហា​សំរាម​កើនឡើង​នេះ បានធ្វើឱ្យ​ខេត្ត​ព្រះសីហនុ ប្រឈម​នឹង​បញ្ហា​បរិស្ថាន អនាម័យ និង​បាត់បង់​សោ​ភណ្ឌ​ភាព​។ នោះ​ក៏​ព្រោះតែ​ការប្រមូល​សំរាម​បច្ចុប្បន្ន មិនទាន់​សភាពការណ៍ ដែល​ធ្វើឱ្យ​សំរាម​គរ​នៅ​ពាសពេញ​ផ្លូវ​សាធារណៈ ហើយ​មាន​ក្លិនស្អុយ​ទៀតផង​។ បញ្ហា​ប្រឈម​ដ៏​ធំ​មួយទៀត​នោះ គឺ​នៅពេល​សំរាម​គរ​ច្រើន​នោះ វា​បាន​ហូរ​តាម​ទឹកភ្លៀង ចូល​លូទឹកកខ្វក់ និង​ធ្លាក់ចូល​សមុទ្រ ។ មូលហេតុ​ដែលនាំឱ្យ​សំរាម​បំផ្លាញ​សម្រស់​ខេត្ត​ទេសចរណ៍​មួយ​នេះ ដោយសារតែ​ក្រុមហ៊ុន​ប្រមូល​សំរាម​ជួប​វិបត្តិ​ខ្វះ​កម្មករ រួមទាំង​កត្តា​គួបផ្សំ​ផ្សេងទៀត ដូចជា​បញ្ហា​ផ្លូវ និង​ចរាចរណ៍​ជាដើម​។​

​ត្រង់ចំណុច​នេះ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​បានដឹង​ពី​បញ្ហា​សំរាម​នេះ បាន​បញ្ជាក់ថា​៖«​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​សេដ្ឋកិច្ច នូវពេល​ក្រុមហ៊ុន​ប្រមូល​សំរាម​រើស​កម្មករ​គ្រប់ គឺ​បានតែ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ (​ព្រោះ​)​ពួកគេ​នឹង​ទៅរក​ការងារ​កន្លែង​ថ្មី គួបផ្សំ​នឹង​ផ្លូវថ្នល់​មានការ​ខូចខាត និង​ការកកស្ទះ​ចរាចរណ៍​។ ព្រោះ​តាម​ធម្មតា​ឡាន​អាច​ដឹក​សំរាម​ចេញ​បាន ៣​ជើង​ក្នុង​មួយថ្ងៃ តែ​នៅពេល​កកស្ទះ​ការដឹកជញ្ជូន​សំរាម​ចេញ​បាន​តែមួយ​ជើង​ក្នុង​មួយថ្ងៃ ជា​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​»​។

​បច្ចុប្បន្ន​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​ខេត្ត​ព្រះសីហនុ មាន​រថយន្ត​ដឹក​សំរាម​ចំនួន ៨៥​គ្រឿង ហើយ​ក្រុមហ៊ុន​គ្រោង​បន្ថែម​រថយន្ត​ជិត​១០០​គ្រឿង​ទៀត​នៅពេល​ខាងមុខ ដើម្បី​សម្អាត​សំរាម​និង​បរិស្ថាន​នៅក្នុង​ខេត្ត​នេះ ។ នេះ​បើតាម​លោក គួច ចំរើន​។​


Tag:
 គួច ចំរើន​
  សំរាម​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com