ថៃ បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្រោយ​ឈ្នះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ២-១ ឯ​បា​រ៉ែ​ន​ផ្តល់​ការខកចិត្ត​ឲ្យ​អ៊ីរ៉ង់​
FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្រោយ​ឈ្នះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ២-១ ឯ​បា​រ៉ែ​ន​ផ្តល់​ការខកចិត្ត​ឲ្យ​អ៊ីរ៉ង់​
16, Oct 2019 , 11:06 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​តាមរយៈ​ជ័យជម្នះ ២-១ លើ​ជម្រើសជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដើម្បី​ឡើងឈរ​កំពូល​តារាង ពូ​ល G នា​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ នៃ​ពានរង្វាន់ FIFA World Cup 2022 នៅ​ថ្ងៃទី​១៥ ខែតុលា​។ បា​រ៉ែ​ន​ក៏បាន​បង្ក​ការភ្ញាក់ផ្អើល​ផងដែរ ក្រោយ​យកឈ្នះ​ក្រុម​ខ្លាំង​អ៊ីរ៉ង់ ១-០ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C​។​



​នា​កីឡដ្ឋាន Thammasat ខ្សែប្រយុទ្ធ​ឆ្នើម Teerasil Dangda បានតែ​ត​បញ្ចូល​ទីមួយ​គ្រាប់​នៅ​នាទី​២៦ ដើម្បី​ជួយ​ថៃ​នាំមុខ​ក្រុម​ភ្ញៀវ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម មុនពេល​ខ្សែប្រយុទ្ធ Ali Ahmed Mabkhout តាម​ស្មើ​វិញ​នៅ​ចុង​ម៉ោង​នៃ​វគ្គ​ទី​១​។​

​ចូលដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការបាន​៦​នាទី ខ្សែបម្រើ​វ័យក្មេង Ekanit Panya ជា​អ្នក​បញ្ចប់​ទី​គ្រាប់​ទី​២​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ក្រុម​ថៃ​លើ​អា​មី​រ៉ា​ត​អារ៉ាប់​រួម​ក្នុង​លទ្ធផល ២-១​។​



​លទ្ធផល​នេះ បាន​ជួយ​ថៃ​ដែលមាន​គ្រូ​ជា​ជនជាតិ​ជប៉ុន​លោក Akira Nishino ឡើងទៅ​ឈរ​កំពូល​តារាង​ពូ​ល G ក្រោយ​ឆ្លងកាត់​ការប្រកួត​៣​លើក​មិនដែល​ចាញ់ មាន​៧​ពិន្ទុ តាម​ពីក្រោយ​ដោយ​វៀតណាម​ដែលមាន​៧​ពិន្ទុ​ដែរ តែ​ស៊ីសង​គ្រាប់​បាល់​ចាញ់​ថៃ ខណៈ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នៅ​លេខ​៣ មាន​៦​ពិន្ទុ​។ ម៉ាឡេស៊ី​រកបាន​៣​ពិន្ទុ នៅ​លេខ​រៀង​ទី​៤ ហើយ​ឥណ្ឌូណេស៊ី​នៅ​បាត​តារាង​មាន​សូន្យ​ពិន្ទុ​។​

​វៀតណាម បាន​បន្ត​ឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ៣-១ ក្នុងជំនួប​លើក​ទី​៣​របស់​ពួកគេ​។ ៣​គ្រាប់​របស់​វៀតណាម​ធ្វើបាន​ដោយ Duy Manh Do (២៦) Ngoc Hai Que (៥៥) និង Nguyen Tien Linh (៦១) ឯ​មួយ​គ្រាប់​របស់​ឥណ្ឌូណេស៊ី​សម្រេចបាន​ដោយ Irfan Bachdim នៅ​នាទី​៨៤​។​



​ដោយឡែក​ជំនួប​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយទៀត គឺ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន​បាន​យកឈ្នះ​ក្រុម​លេខ​១​តំបន់​អាស៊ី អ៊ីរ៉ង់ ១-០ ដើម្បី​ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​ទី​២ ពូ C មាន​៧​ពិន្ទុ​។ មុន​ចាញ់​បា​រ៉ែ​ន​នេះ អ៊ីរ៉ង់​បាន​លត់​កម្ពុជា​នៅ​ចំពោះមុខ​ស្ត្រី​អ៊ីរ៉ង់​រួចមកហើយ​រហូតដល់​ទៅ ១៤-០ ឯណោះ ខណៈដែល​បា​រ៉ែ​ន​ស៊ី​កម្ពុជា​បាន​តែមួយ​គ្រាប់​ប៉ុណ្ណោះ​កាលពី​ជំនួប​ទី​២​៕

​សម្រាប់​ជំនួប​លើក​ទី​៤ វគ្គ​សន្សំ​ពិន្ទុ​នេះដែរ កម្ពុជា​បាន​ចាញ់​អ៊ីរ៉ាក់ ៤-០ នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ បរាជ័យ​នេះ​បាន​នាំគោ​ព្រៃ​នៅ​បាត​តារាង​ពូ​ល C មាន​១​ពិន្ទុ ស្មើគ្នា​ជាមួយ​ហុងកុង​ដែល​ឈរ​លេខ​៤ ខណៈដែល​អ៊ីរ៉ាក់​ឡើងទៅ​ឈរ​កំពូល​តារាង​មាន​៧​ពិន្ទុ ស្មើ​បា​រ៉ែ​ន​តែ​លើស​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​។ អ៊ីរ៉ង់​ឈរ​លេខ​៣ មាន​៦​ពិន្ទុ​។​


Tag:
 World Cup
  ជម្រើសជាតិ​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com