លោក សម រង្ស៊ី ប្រកាស​នាំ​ពលករ​នៅ​ថៃ ដើរកាត់​ព្រំដែន ចូលមក​ខ្មែរ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ប្រកាស​នាំ​ពលករ​នៅ​ថៃ ដើរកាត់​ព្រំដែន ចូលមក​ខ្មែរ​
17, Oct 2019 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ប្រកាសថា លោក នឹង​ចូលមក​ប្រទេស​ថៃ ហើយ​នាំ​ពលករ​ខ្មែរ ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ចូលមក​កម្ពុជា​។ លោក ប្រកាស​ពី​គម្រោង​នេះ នៅក្នុង​សន្និសីទ​នៃ​សហភាព​អន្តរ​សភា (IPU) ដែល​រៀបចំឡើង​នៅ​ទីក្រុង​បែ​ល​ក្រា​ដ ប្រទេស​ស៊ែ​បី កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩​។



​លោក សម រង្ស៊ី ថ្លែង​ទៅកាន់​អ្នកចូលរួម​ដែលជា​តំណាងរាស្ត្រ​សេរីនិយម​ពី​បណ្តា​ប្រទេស​នានា​ថា គណបក្ស​របស់លោក ត្រូវបាន​រំលាយ ហើយ​លោក កឹម សុខា ដែលជា​ដៃគូ​របស់លោក ត្រូវ​ឃុំខ្លួន ដូច្នេះ​លោក គ្មាន​ជម្រើស​អ្វី​នោះទេ ក្រៅតែពី​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​។ ប៉ុន្តែ លោក បង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​ការ​ឈម​នឹង​ហានិភ័យ ក្នុង​ការធ្វើ​មាតុភូមិ​និ​វ​ត្តិ​នេះ ដោយ​លោក បាន​រម្លឹកថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​បាញ់​យន្តហោះ ដែល​លោក​ជិះ និង​ប្រើ​កាំភ្លើងយន្ត ប្រឆាំងនឹង​វត្តមាន​របស់លោក និង អ្នកគាំទ្រ​។​

​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ មានបំណង​ចូលទៅ​កម្ពុជា តាម​ប្រទេស​ថៃ ជា​ប្រទេសជិតខាង​របស់​យើង ដែលមាន​ពលករ​យើង​ប្រមាណ​២​លាន​នាក់ កំពុង​រស់នៅ​ទីនោះ ហើយ​ក្នុងចំណោម​ពួកគេ ភាគច្រើន គឺ​គាំទ្រ​ខ្ញុំ និង​ចង់​ចូលរួម​ជាមួយ​ខ្ញុំ ដើរ​ឆ្លងកាត់​ព្រំដែន ចូលទៅ​ប្រទេស​កម្ពុជា​»​។

​លោក សង្ឃឹមថា មិត្ត​បរទេស​ខាង​សេរីនិយម​នៅលើ​ពិភពលោក នឹងដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កុំ​ឲ្យ​ប្រើ​ហិង្សា ពេល​លោក និង​អ្នកគាំទ្រ​ចូល​មកដល់​កម្ពុជា​។ លោក លើកឡើងថា​៖«​អ្វី ដែល​យើង​ទាមទារ គឺ​គ្រាន់តែ​ឲ្យ​ដោះលែង​សកម្មជន​នយោបាយ អនុញ្ញាត​ឲ្យ​គណបក្ស​យើង​រស់​ឡើងវិញ និង រៀបចំ​ការបោះឆ្នោត​សាជាថ្មី​។​...​វា ជា​មធ្យោបាយ​ចុងក្រោយ ដែល​ខ្ញុំ​ត្រូ​ទៅ [​កម្ពុជា​] ខ្ញុំ​បាន​ប្តេជ្ញា​លះបង់​ខ្លួន​ខ្ញុំ ដើម្បី​ផ្តល់ឱកាស​សម្រាប់​ប្រជាធិបតេយ្យ ដូច្នេះ ប្រជាធិបតេយ្យ អាច​ស្តារឡើងវិញ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា អាចមាន​សង្ឃឹម​ជាថ្មី ក្នុងការ​ផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ​»​។

​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​និយាយ​ដដែល​ថា លោក សម រង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នោះទេ​។

​អតីត​គណបក្សប្រឆាំង បានកំណត់​ផែនការ​ឲ្យ​លោក សម រង្ស៊ី ចូលមក​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ហើយ​បន្ទាប់មក នឹង​សម្រេច​ចូលមក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​។ អ្នកស្រី មូរ សុខ​ហួរ ប្រធាន​គណៈកម្មការ​រៀប​ចំ​មាតុភូមិ​និវត្ត អះអាង​នាពេល​ថ្មីៗ​នេះ​ថា មាន​ថ្នាក់ដឹកនាំ​ប្រឆាំង​មួយចំនួន​ហើយ បានចាប់ផ្តើម​ធ្វើដំណើរ​ចូលមក​តំបន់​អាស៊ី​។

​រដ្ឋាភិបាល ប្រកាសថា ត្រៀមកម្លាំង​រួចហើយ ដើម្បី​ចាប់​លោក សម រង្ស៊ី និង​បក្សពួក តាម​ដីកា​របស់​តុលាការ​។ លោក សម រង្ស៊ី និង មនុស្ស​សំខាន់ៗ​៨​នាក់​ទៀត​របស់លោក ត្រូវ​ចោទ​ពីបទ​ឧបឃាត ដែល​សំដៅលើ​ការរៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ ឯ​អ្នកគាំទ្រ​ក្នុងស្រុក​មួយចំនួន ត្រូវ​ចោទ​ពីបទ​រួមគំនិត​ក្បត់ជាតិ ដែល​សំដៅលើ​ការចូលរួម​គាំទ្រ​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ​នេះ​៕ 

Tag:
 សម រង្ស៊ី
  មាតុភូមិ​និវត្ត​
  ព្រំដែន​កម្ពុជា​-​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com