អន្តរជាតិ
វៀតណាម​អនុវត្ត​វិធានការ​ប្រឆាំង​អំពើពុករលួយ​មុនពេល​ធ្វើ​សមាជ​បក្ស​
17, Oct 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ផ្ទាំងផ្សព្វផ្សាយពីបក្សកុម្មុយនីស្តវៀតណាមនៅដងផ្លូវមួយនៅក្រុងហាណូយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ ផ្ទាំងផ្សព្វផ្សាយពីបក្សកុម្មុយនីស្តវៀតណាមនៅដងផ្លូវមួយនៅក្រុងហាណូយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
ដោយ: VOA
​ហូជីមិញ ៖ ប្រទេស​វៀតណាម​បានអនុម័ត​បទបញ្ញត្តិ​ថ្មី​មួយ​ដែល​ចែង​លម្អិត​អំពី​ការហាមឃាត់​ប្រឆាំងនឹង​ការប្រព្រឹត្ត​អំពើពុករលួយ ចាប់តាំងពី​អាកប្បកិរិយា​របស់​មន្ត្រី​រដ្ឋាភិបាល និង​ការ​សូកប៉ាន់​តាម​ការផ្ដល់ជូន​កន្ត្រក​ផ្លែឈើ​ជាដើម​។​

 
​អនុក្រឹត្យ​លេខ​59/2019/ND-CP តម្រូវ​ឲ្យ​មន្ត្រី​រដ្ឋការ​ទាំងអស់​រា​យ​ការណ៍​អំពី​អំណោយ​គ្រប់បែបយ៉ាង​រួមទាំង​អំណោយ​តូចតាច និង​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​អ្នកផ្ដល់​អំណោយ ក៏ដូចជា​តម្រូវ​ឲ្យ​មន្ត្រី​រដ្ឋការ​សាធារណៈ​បដិសេធ​ទទួល «​អំណោយ​មិន​សមរម្យ​» ដែលជា​ពាក្យ​មិនទាន់​ត្រូវបាន​គេ​ឲ្យ​និយមន័យ​នៅឡើយ​ទេ តែ​វា​សំដៅ​ទៅលើ​ការ​សូកប៉ាន់​។​
 
​ក្រុមហ៊ុន​ច្បាប់​មួយ​ឈ្មោះថា Baker & McKenzie Vietnam បាន​កត់សម្គាល់ថា កាលពីមុន​គឺ​ធ្លាប់មាន​ការកំណត់​ឲ្យ​ទទួលយក​អំណោយ​ត្រឹម​តម្លៃ ៥០​ម៉ឺន​ដុង ឬ​ក្រោម ២០​ដុល្លារ​អាមេរិក ដែល​ពុំ​តម្រូវ​ឲ្យ​មន្ត្រី​រដ្ឋការ​រាយការណ៍​នោះទេ​។ អំណោយ​ជាទូទៅ​ត្រូវបាន​គេ​ផ្ដល់ជូន​នៅក្នុង​ឱកាស​មួយចំនួន​ដូចជា​អាពាហ៍ពិពាហ៍ បុណ្យសព និង​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ជាដើម ក៏​មិនចាំបាច់​រាយការណ៍​។ អនុក្រឹត្យ​ថ្មី​នេះ បាន​លុបចោល​ការលើកលែង​ខាងលើនេះ​។​
 
​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា នៅក្នុង​សេចក្ដី​សង្ខេបនៃ​អនុក្រឹត្យ​នេះ​មានការ​ចែងថា​៖ «​ឥឡូវនេះ​មន្ត្រី​រដ្ឋការ​សាធារណៈ​ត្រូវតែ​រាយការណ៍​រាល់​អំណោយ​ទាំងអស់​ដែល​ទទួលបាន​ក្នុង​គោលបំណង​មិន​សមរម្យ មិន​ថា​អំណោយ​នោះ​មានតម្លៃ​ប៉ុន្មាន​នោះទេ​»​។​
 
​វិធានការ​នេះ​គឺជា​ផ្លាស់ប្ដូរ​ថ្មី​បំផុត​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ថ្មីៗ​របស់​ប្រទេស​ដើម្បី​កម្ចាត់​អំពើពុករលួយ មិន​ខុសគ្នា​ទៅនឹង​យុទ្ធនាការ​កម្ចាត់​អំពើពុករលួយ​នៅ​ប្រទេសជិតខាង​គឺ ប្រទេស​ចិន​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ស៊ី​ជីន​ពីង​ឡើយ​។ កន្លងមកនេះ ប្រទេស​វៀតណាម​បាន​ចាប់​ធនាគារិក មន្ត្រី​សាលាក្រុង និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​ដាក់ពន្ធនាគារ​រួចមកហើយ​។ ឥឡូវនេះ​វៀតណាម​កំពុងតែ​ផ្ដោតលើ​គណ​បក្សកុម្មុយនិស្ត​ដែល​កំពុងកាន់​អំណាច​ដែល​ក្នុង​ខែកញ្ញា​បានអនុម័ត​ច្បាប់​មួយទៀត​គឺ​សេចក្ដីសម្រេច​លេខ ២០៥ ដើម្បី​ហាមឃាត់​ការបង់ប្រាក់​ដើម្បី​ឡើង​ដំណែង​។​
 
​លោក Carl Thayer អ្នកវិភាគ និង​សាស្ត្រាចារ្យ​ខាង​នយោបាយ​នៅឯ​សាកលវិទ្យាល័យ New South Wales ក្នុងប្រទេស​អូស្ត្រាលី បាន​ទស្សន៍ទាយ​ថា​នឹងមាន​អាទិភាព​បី នៅពេលដែល​មានការ​ប្រជុំ​គណៈកម្មការ​កណ្ដាល​រប​ស់​បក្ស​នៅក្នុង​ខែតុលា​នេះ ដែល​នឹង​ផ្ដោតលើ​ការរៀបចំ​ធ្វើ​សមាជ​បក្ស​លើក​ក្រោយ គោលនយោបាយ​ការបរទេស និង​ការប្រឆាំង​អំពើពុករលួយ​។​
 
​លោក Thayer បាន​និយាយថា​៖ «​អគ្គលេខាធិការ​បក្ស លោក Nguyen Phu Trong កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​យ៉ាង​ជាប់លាប់ និង​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​កំណត់​អត្តសញ្ញាណ យុទ្ធសាស្ត្រ​ស្នូល​នៃ​កម្មាភិបាល​ដែល​មិន​ពុករលួយ និង​ការតែងតាំង​តំណែង​មន្ត្រី​ថ្នាក់​កំពូល បន្ទាប់ពី​សមាជ​ថ្នាក់ជាតិ​លើក​ទី​១៩ របស់​គណ​បក្សកុម្មុយនិស្ត ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២១​។​»
 
​លោក Thayer បន្តថា​៖ ឧទាហរណ៍​គណ​បក្សកុម្មុយនិស្ត វៀតណាម​បាន​យល់ព្រម​លើ​បញ្ជី​មួយ​ដែល​សមាជិក​គណបក្ស​មិនអាច​ធ្វើបាន​រួចទៅហើយ​។ សេចក្ដីសម្រេច​លេខ ២០៥ មាន​គោលបំណង​កាត់បន្ថយ ការរីក​រាលដាល​នៃ​ការអនុវត្ត​សូកប៉ាន់​ឡើង​តំណែង ឬ​យក​តួនាទី​ណាមួយ​»​។​
 
​ឲ​អង្គការ​តម្លាភាព​អន្តរជាតិ​បានផ្ដល់​ចំណាត់ថ្នាក់​ទី ១១៧ ក្នុងចំណោម​ប្រទេស ១៨០ ដល់​ប្រទេស​វៀតណាម​នៅ​លើស​ន្ទ​ស្សន៍​ការយល់ឃើញ​អំពី​អំពើពុករលួយ​ប្រចាំឆ្នាំ​របស់ខ្លួន​។ អង្គការ​ឃ្លាំមើល​អំពើពុករលួយ​នេះ​បាន​ឲ្យ​ដឹងថា ការលុបបំបាត់​អំពើពុករលួយ​ក៏​អាចជួយ​ប្រទេស​វៀតណាម​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទូលំទូលាយ​របស់ខ្លួន​ក្នុងនាម​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​។​
 
​លោក Nguyen Ngoc Anh និង Dang Quang Vinh អ្នកស្រាវជ្រាវ​ពីររូប​មកពី​អង្គារ​តម្លាភាព បាន​ឲ្យ​ដឹងថា​នៅក្នុង​របាយការណ៍​រប​ស់​ពួកគេ​ថា​៖«​ការលើកកម្ពស់​សុចរិត​ភាព​និង​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ការ​វិនិយោគ និង​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាជន​ក្នុង​តំបន់​។ សេចក្ដីសម្រេច​លេខ 59/2019/ND-CP គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខំប្រឹងប្រែង​នេះ​។​
 
​ក្រៅពី​គោលការណ៍​ណែនាំ​ថ្មី​ស្ដីពី​ការបង់ប្រាក់​ខុសច្បាប់ សេចក្ដីសម្រេច​នេះ​ក៏បានផ្ដល់​សិទ្ធិអំណាច​ដល់​ប៉ូលិស​ក្នុងការ​ស៊ើបអង្កេត​អំពើពុករលួយ និង​អាច​ចោទប្រកាន់​ថ្នាក់ដឹកនាំ​ឲ្យ​ទទួល​ខ្លួន​ត្រូវ​ចំពោះ​បទល្មើស​ទាក់ទង​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ​ដែល​កូនចៅ​ក្រោមបង្គាប់​របស់​ពួកគេ​បាន​ប្រព្រឹត្ត​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com