កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​ហែល​ទឹក ៨​រូប ទៅ​ហ្វីលីពីន តែ​គ្មាន​កីឡាការិនី​ឆ្នើម វិ​ទិ​នី​
17, Oct 2019 , 5:09 pm        
រូបភាព
​ក្នុង​វិញ្ញាសា​ហែល​ទឹក កម្ពុជា​បានសម្រេច​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​៨​រូប ក្នុងនោះ​កីឡាការិនី​៤​រូប និង​កីឡាករ​៤​រូប ដើម្បី​ទៅ​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ហ្វីលីពីន ឆ្នាំ​២០១៩  (SEA Games Philippines 2019)​។ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង​៨​រូប កីឡាការិនី​ល្បីឈ្មោះ​របស់​កម្ពុជា ហែម ថុ​ន​វិ​ទិ​នី មិន​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ឡើយ​។​



​បើតាម​ការប្រកាស​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក (Khmer Swimming Federation) ក្រៅពី​អត្ត​ព​លិ​ក​៨​រូប ក៏មាន​គ្រូបង្វឹក​ពីររូប​ផងដែរ ក្នុងនោះ​រួមមាន​លោកគ្រូ ហែម ថុ​ន​ពន្លឺ និង​លោក ចេង ពិរោទ​។​

​អត្ត​ព​លិ​ក​ទាំង​៨​រូប រួមមាន កីឡាករ លឹម កែវ​ឧ​ត្ត​ម​, អ៊ុង លី​ហេង ,​ហែម ប៉ុច និង​ឌឿ​ន រ៉ាត់​ធី​ឌុន​។ ចំណែក​កីឡាការិនី​មាន សុខ វរ​ល័ក្ខណ ,​កាំ​ង មុយ​នី​ន ,​ឃី​ន ប៊ុន​ពេជ្រ​មរកត និង ឆោម ស្រី​វ​ល្ល័​ក្ខ​ណ៍​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្នុងចំណោម​កីឡាការិនី​៤​រូប​របស់​កម្ពុជា ដែល​ត្រូវ​បញ្ជូនទៅ​ស៊ី​ហ្គេម​លើក​នេះ មិនមាន​ឈ្មោះ​កីឡាការិនី​ហែល​ទឹក​ឆ្នើម ហែម ថុ​ន​វិ​ទិ​នី ឡើយ​។



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​និយាយថា ហែម ថុ​ន​វិ​ទិ​នី បាន​សុំលាលែង​ពី​ក្រុម​ជ​ម្រើ​ជាតិ​ហែល​ទឹក​នេះ តាំងពីដើម​ខែតុលា​នេះ​ម្ល៉េះ ពោលគឺ​ក្រោយ​បញ្ចប់​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​កូរ៉េខាងត្បូង ដោយសារ​នាង​មាន​បញ្ហា​សុខភាព​។​

​បើតាម​លោក គី​រី កីឡាការិនី វិ​ទី​នី មាន​ជំងឺ​ដុះសាច់ច្រមុះ​ធ្ងន់ធ្ងរ ហើយ​អាច​ឈានដល់​ប៉ះពាល់​ប្រ័​ន្ធ​ប្រសាទ​ផង ដែល​តម្រូវ​ឲ្យ​ទទួល​ការព្យាបាល​រយៈពេល​វែង​។ យ៉ាងណាក៏ដោយ នៅពេល​ធូរស្រាល​ពី​ជំងឺ វិ​ទិ​នី​នឹង​ត្រឡប់​ចូល​ជួយ​ជម្រើសជាតិ​វិញ​។​

​ស្របពេល អត្ត​ព​លិ​ក​ឆ្នើម​វិ​ទិ​នី​គ្មាន​វត្តមាន​ក្នុង​ព្រឹត្តិការ​កីឡា​តំបន់​អាស៊ាន​ដែល​ធ្វើ​នៅ​ហ្វីលីពីន ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​១១ ធ្នូ ឆ្នាំ​២០១៩ នេះ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ខាងលើ​បានដាក់​ការទុកចិត្ត​លើ​កីឡា​ការី​នី​ម្នាក់ទៀត​គឺ​សុខ វរ​ល័ក្ខណ​។ លោក គី​រី អះអាងថា វរ​ល័ក្ខណ ដែលមាន​បទពិសោធន៍​ក្នុងការ​ប្រកួត SEA Games ដែរនោះ ក៏មាន​កម្រិត​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ជាមួយ​វិ​ទិ​នី​ដែរ​៕

Tag:
 ​កីឡាហែលទឹក​
  SEA Games
  ហែម ថុ​ន​វិ​ទិ​នី
© រក្សាសិទ្ធិដោយ thmeythmey.com