ជាតិ
សង្គមជាតិ
ជប៉ុន ផ្តល់ថវិកាជាង៣លានដុល្លារ ឲ្យក្រសួងអប់រំ ផ្គត់ផ្គង់ម្ហូបអាហារនៅតាមសាលារៀន ពិធីចុះហត្ថលេខា រវាងស្ថានទូតជប៉ុន និងក្រសួងអប់រំ យុវជន និងកីឡា លើការផ្តល់ថវិកាជាង ៣លានដុល្លារ សម្រាប់ផ្គត់ផ្គង់អាហារដល់សិស្សនៅតាមសាលារៀនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩
× ភ្នំពេញ៖ ថវិកាជាង៣លានដុល្លារដែលជាជំនួយរបស់ជប៉ុន នឹងផ្តល់ជូនក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផ្គត់ផ្គង់ម្ហូបអាហារដល់សិស្សនៅតាមសាលារៀន តាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំកម្ពុជា (WFP)។ ជប៉ុន និងអង្គការ (WFP) បានចុះហត្ថលេខាព្រមព្រៀងគ្នាកាលពីព្រឹកថ្ងៃទី១៧ ខែតុលា សម្រាប់ឲ្យក្រសួងអប់រំ ចាត់ចែងម្ហូបអាហារពេលព្រឹកដល់សិស្សសាលារៀនដែលខ្វះខាតនៅបណ្តាខេត្ត។
តាមរយៈថវិកាប្រមាណ៣លាន២សែនដុល្លារនេះ ក្រសួងអប់រំនឹងរៀបចំជាត្រីខកំប៉ុងប្រមាណ៤១៥តោនសម្រាប់ចែកជូនដល់គ្រឹះស្ថានសិក្សាចំនួន៦ខេត្ត ក្នុងនោះមាន សៀមរាប ព្រះវិហារ បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ បាត់ដំបង និងខេត្តដទៃទៀតដែលនៅជាប់ទន្លេសាប។ លើសពីនេះ ជប៉ុនក៏បានសន្យាថា នឹងផ្តល់ជាត្រីខកំប៉ុងប្រមាណ៤០០តោន ប្រេងឆា អំបិលអ៊ីយ៉ូត និងបន្លែ ដែលមានបរិមាណស្មើនឹង៥៥០គីឡូកាឡូរី ក្នុងមួយឆ្នាំ សម្រាប់រៀបចំជាអាហារចែកជូនដល់សិស្សនៅតាមជនបទដែលខ្វះស្បៀងអាហារ។
កន្លងមកអង្គការ WFP បានអនុវត្តគម្រោងនេះ។ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងនឹងចាប់ផ្តើមអនុវត្តកម្មវិធីនេះនៅឆ្នាំ២០១៩តែម្តង នៅតាមសាលារៀនដែលមានសិស្សចំនួន៥ម៉ឺននាក់។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ជាអង្ករចំនួន២ពាន់តោនក្នុងមួយឆ្នាំផងដែរ ដើម្បីផ្គត់ផ្គង់ដល់សិស្សដែលជាទីទ័លក្រនៅតាមជនបទ។
លោករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា ក្រសួងនឹងយកថវិកានេះចែកជូនដល់អ្នកគ្រប់គ្រងសាលារៀន ដើម្បីរៀបចំឲ្យមានចុងភៅចម្អិនម្ហូបអាហារប្រចាំសាលានីមួយៗ។ ក្នុងមួយថ្ងៃសាលានីមួយៗអាចនឹងចំណាយថវិកាប្រមាណ៥០ដុល្លារ សម្រាប់ចាត់ចែងធ្វើម្ហូបអាហារដល់សិស្ស។ លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ដូច្នេះថា៖«ក្រសួងនឹងយកថវិកានោះទៅទិញត្រី និងបន្លែបង្ការពីសហគមន៍ ដើម្បីជួយឲ្យសហគមន៍ផលិតជាបន្លែបង្ការ ក៏ដូចជាការចិញ្ចឹមត្រី ដើម្បីលក់ឲ្យសាលា ហើយសាលាយកទៅដើម្បីរៀបចំជាម្ហូបឲ្យក្មេងៗ។ អ៊ីចឹងយើងឃើញរបៀបនេះដូចជាជួយដល់សហគមន៍ផងដែរ ដើម្បីឲ្យមានការអភិវឌ្ឃនៅតាមសហគមន៍។
បើតាមលោក ហង់ ជួន ណារ៉ុន ក្រសួងអប់រំក៏នឹងជំរុញ និងលើកទឹកចិត្តឲ្យគ្រឹះស្ថានសិក្សានានា និងសហគមន៍ ចូលរួមដាំបន្លែបង្ការ សម្រាប់ផ្គត់ផ្គង់ដល់សិស្ស ដើម្បីឲ្យពួកគេមានអាហារគ្រប់គ្រង និងអាចឲ្យសិស្សមានស្មារតីរៀនសូត្រ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahrio) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ថា សេដ្ឋកិច្ចនៅកម្ពុជាមានការកើនឡើងខ្លាំង ហើយអត្រាភាពក្រីក្រក៏មានការថមថយ តែពលរដ្ឋដែលរស់នៅតាមជនបទនៅតែជួបបញ្ហាខ្វះខាតអាហារូបត្ថម្ភ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាព្រមព្រៀងរវាងកម្ពុជានិងជប៉ុន នៅក្រសួងអប់រំ នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ជឿជាក់ថា ថវិកានេះនឹងអាចជួយលើកស្ទួយសុខភាពកុមារឲ្យទទួលបានការអប់រំ។ លោកនិយាយដូច្នេះថា៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ជំនួយរបស់ជប៉ុននឹងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពដើម្បីធានាបាននូវអនាគតល្អសម្រាប់កុមារ»៕
Tag:
ជប៉ុន
ថវិកា
ម្ហូបអាហារ
សាលារៀន
ការអប់រំ
ហង់ ជួន ណារ៉ុន
WFP
© រក្សាសិទ្ធិដោយ thmeythmey.com