ជាតិ
កាប់​ឈើ​យកទៅ​ធ្វើ​កុដិ តែ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ថា ជា​ករណី​លួច​អារឈើ​ខុសច្បាប់
18, Oct 2019 , 2:25 pm        
រូបភាព
រូបភាព៖ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប
រូបភាព៖ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប
​សៀមរាប​៖ អាជ្ញាធរ​ខេត្តសៀមរាប កាលពី​យប់​ថ្ងៃទី​១៥ តុលា បាន​ចុះ​ហាមឃាត់​និង​រឹបអូស​ឈើ​នៅ​បរិវេណ​វត្ត​អ​ធ្ធា ក្រោយពី​មាន​សេចក្ដីរាយការណ៍​ថា មាន​ករណី​លួច​កាប់​។ ឈើ​ដែល​កាប់​នោះ ជា​ប្រភេទ​ឈើទាល មាន​អាយុកាល​រយ​ឆ្នាំ និង​ស្ថិតនៅ​តំបន់​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​



​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប លោក ម៉ុង ប៊ុន​លីម បានឱ្យដឹងថា លោក​បានទទួល​ដំណឹង​ថា​មាន​ករណី​លួច​កាប់​ដើមឈើ​នៅ​វត្ត​អ​ធ្ធា ដែល​ស្ថិតនៅ​ភូមិ​ក្រសាំងរ​ល៉ើ​ង សង្កាត់​សៀមរាប ក្រុង​សៀមរាប នៅ​យប់​ថ្ងៃទី​១៥ តុលា​។ លោក​បន្តថា នៅពេល​ដល់​កន្លែងកើតហេតុ​ឃើញ​មាន​ឈើ​ចម្រៀក តែ​រក​មិនឃើញ​ជនបង្ក​ឬ​ទីតាំង​កាប់​នោះទេ ទើប​លោក​បញ្ជា​ឱ្យកម្លាំង​ដឹក​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​នា​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល​។​

​លោក ប៊ុន​លីម បន្តថា លុះ​ព្រឹក​ថ្ងៃទី​១៦ តុលា លោក​ក៏បាន​ចុះ​រក​មូលហេតុ និង​បាន​រកឃើញ​ឈើ​នោះ​កាប់​ចេញពី​ក្រោយ​កុដិ​លោក​ក្នុង​វត្ដ​អ​ធ្ធា​។ តាម​ចម្លើយសារភាព​លោកតា ជៀម ជា​ជំនួយការ​វត្ត ប្រាប់ថា កាប់​ដើម្បី​ទុក​សង់​កុដិ​។ ចម្លើយ​នេះ លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប្រាប់ថា ទទួលយក​មិនបាន​ទេ​។ លោក​ពន្យល់ថា​៖« ក្រោយ​រកឃើញ​កន្លែង​កាប់ លោក​ថា ដើមឈើ​នោះ​ងាប់ ព្រោះ​ខ្លាច​រលំ​ត្រូវ​កុដិ យើង​ក៏​សួររក​រូបថត ហើយ​ក្រោយ​ពិនិត្យឃើញថា​ដើមឈើ​នោះ​នៅ​ល្អ ...​ករណី​លួច​កាប់​ដើមឈើ​ក្នុង​តំបន់​ប្រាសាទ​គឺ​ខុស​ហើយ​។ ករណី​នៅ​តំបន់​ខាងក្រៅ​ក៏​ដូចគ្នា​ដែរ ជន​ណា​ដែល​កាប់​ដើមឈើ​ដួល​ដល់​ដី​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​គឺមាន​ទោស​...​ករណី​ព្រះសង្ឃ​ក្នុង​វត្ត​អ​ធ្ធា បើ​គាត់​មាន​តម្រូវការ​ចឹ​ង​មែន គួរ​ស្នើសុំ​មក​អាជ្ញាធរ តែត្រឹម​ធ្វើ​កុដិ​មួយ សុំ​តែ​សប្បុរសជន​ក៏​គេ​ជូន​ដែរ មិនបាច់​លួច​កាប់​ចឹ​ង​ទេ​...»​។​

​បច្ចុប្បន្ននេះ ឈើ​ចំនួន​៤៦​ចម្រៀក ឈើមូល​២​ដុំ រួម​និង​រណា​យន្ត​មួយគ្រឿង​ផង ត្រូវបាន​យកទៅ​រក្សាទុក ដោយ​រង់ចាំ​ដំណោះស្រាយ​បន្ត​។ មិនមាន​ការឃាត់ខ្លួន​បុគ្គល​ណា​នោះទេ គ្រាន់តែ​មានកំណត់​ហេតុ​ការព្រមព្រៀង​ប្រ​ល់​វត្ថុតាង​ពី​ខាង​វត្ត​តែប៉ុណ្ណោះ​។  គេ​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៃ​ការ​លួច​កាប់​ឈើ​ទាំងយប់​របស់​ព្រះសង្ឃ​ក្នុង​វត្ត​អ​ធ្ធា​នេះ​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​ជាតិ​អប្សរា​ចង់​អភិរក្ស​ដើមឈើ​ធំៗ​ក្នុង​តំបន់​ប្រាសាទ ព្រោះថា​ដើមឈើ​មាន​ប្រយោជន៍​ច្រើន​ដល់​គ្រឹះ​ប្រាសាទ​៕

Tag:
 ឈើ​
  វត្ដ​អ​ធ្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com