អន្តរជាតិ
វ៉េណេស៊ុយអេឡា ជាប់ឆ្នោតសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ទោះរងការរិះគន់ រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា Jorge Arreaza ។ រូបភាព AFP
×
ដោយ៖ ងួន សុភាវត្តី
នៅថ្ងៃទី១៧ ខែតុលា វ៉េណេស៊ុយអេឡាទទួលបានកៅអីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) ។ ការជាប់ឆ្នោតរបស់វ៉េណេស៊ុយអេឡា រងប្រតិកម្មខ្លាំង ព្រោះប្រទេសនេះរងការរិះគន់ខ្លាំងពីក្រុមសិទ្ធិមនុស្ស និងប្រទេសអាមេរិកឡាទីនមួយចំនួនពីស្ថានភាពសិទ្ធិមនុស្សក្នុង ដែលគ្មានភាពល្អប្រសើរអ្វីនោះ។
វ៉េណេស៊ុយអេឡា ជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកថ្មីចំនួន១៤ប្រទេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាមួយនេះមានសមាជិក៤៧ប្រទេសមានក្នុងមូលដ្ឋានទីក្រុងហ្សឺណែវ។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស មានតួនាទីលើកកម្ពស់និងការពារសិទ្ធិមនុស្សជុំវិញពិភពលោក។ សមាជិកនីមួយៗ ត្រូវបានជ្រើសរើសដោយការបោះឆ្នោតនិងមានអាណត្តិ៣ឆ្នាំ។
នាកិច្ចប្រជុំថ្ងៃទី១៧ ខែតុលា កៅអីសមាជិកចំនួនពីរក្នុងចំណោម៨ ដែលរក្សាទុកសម្រាប់រដ្ឋមកពីតំបន់ឡាទីន ត្រូវបានដាក់ឲ្យបោះឆ្នោត។ ជាចុងក្រោយ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសកសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សបង្ហាញថា ប្រេស៊ីលទទួលបាន១៥៣សំឡេង វ៉េណេស៊ុយអេឡាទទួលបាន១០៥សំឡេង និង Costa Rica ទទួលបាន៩៦សំឡេង។ ដូចនេះ ប្រេស៊ីល និងវ៉េណេស៊ុយអេឡា ជាអ្នកបំពេញកៅអីទាំងពីរ។
ការជាប់ឆ្នោតរបស់វ៉េណេស៊ុយអេឡា ត្រូវបានមើលឃើញថា ជារឿងមិនសមរម្យ។ មិនសមរម្យត្រង់ថា រដ្ឋាភិបាលឆ្វេងនិយមរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ធ្លាប់បានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងដាក់គុក និងត្រូវបានគេចោទប្រកាន់ថាធ្លាប់ប្រើអំពើហិង្សានិងការបំពានលើមនុស្សមួយចំនួន។ បច្ចុប្បន្ន រដ្ឋាភិបាលមួយនេះកំពុងជួបការពិបាកក្នុងការកាន់អំណាច ខណៈដែរសេដ្ឋកិច្ចប្រទេសនេះកំពុងដួលរលំទៅហើយនោះ។
លោក Philippe Bolopion ជាសមាជិកមួយរូបក្នុង ក្រុមឃ្លាំមើលសិទ្ធមនុស្សបាននិយាយថា វាគឺជារឿងដែលសោកស្តាយដែលមើលឃើញសមាជិកដែលគ្មានគុណសម្បត្តិគ្រប់គ្រាន់បានជាប់ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស។ លោក និយាយបែបនេះចង់សំដៅលើប្រទេសវ៉េណេស៊ុយអេឡាដែលត្រូវបានប្រទេសជាង៥០ទៀតចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្ស។
ទន្ទឹមនឹងនោះដែរសកម្មជនឃ្លាំមើលសិទ្ធមនុស្ស បាននិយាយថា« ការបោះឆ្នោតឲ្យវ៉េណេស៊ុយអេឡាប្រៀបដូចជាការបោះឆ្នោត សំរាប់អំពើហិង្សា និងការសម្លាប់ ដែលនេះជាបានក្លាយជាអត្តសញ្ញាណរបស់រដ្ឋាភិបាលលោកម៉ាឌុយរ៉ូ»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ៕
© រក្សាសិទ្ធិដោយ thmeythmey.com