ONE Championship
កីឡាជាតិ
ជាតិ
រិ​ន សា​រ័ត្ន កំពុងមាន​ទីផ្សារ គុន​ខ្មែរ និង​គុន​ចម្រុះ​
19, Oct 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ថ្មីៗ​នេះ សិស្ស​គុន​នៅ​ក្លិប Cambodian Top Team រិ​ន សា​រ័ត្ន ដែល​ស្គាល់​តាមរយៈ​ការប្រកួត​គុន​ខ្មែរ និង គុន​ចម្រុះ​នោះ​កំពុងមាន​ទីផ្សារ​ប្រកួត​ហូរហែ​ទាំង​ប្រកួត​មិត្តភាព ដណ្តើម​ខ្សែក្រវាត់ និង ប្រកួត​គុន​ចម្រុះ​នៅ​ថៃ​។ ក្រៅពីនោះ សា​រ័ត្ន​ក៏មាន​បទពិសោធន៍​ប្រកួត​នៅ​សង្វៀន ONE Championship រហូតដល់ ៦ ដង​ផងដែរ​។ រូបគេ ចូលខ្លួន​រៀបរាប់​ពី​ស្ថានភាព​បច្ចុប្បន្ន តាមរយៈ​ចម្លើយ​៥​សំណួរ​របស់​អ្នកយកព័ត៌មាន ONE ដូចខាងក្រោម​។



ONE: ខ្ញុំ​ឃើញ រិ​ន សា​រ័ត្ន មានកម្ម​វិធី​ប្រកួត​ហូរហែ តើ​គិតថា​ខ្លួនឯង​មាន​ទីផ្សារ​ច្រើនជាង​មុន ឬ ដោយសារ​សមត្ថភាព​?

​រិ​ន សា​រ័ត្ន​៖ បាទ​! បង មួយរយៈ​នេះ​ខ្ញុំ​មានកម្ម​វិធី​ប្រកួត​ច្រើន​ទាំង​នៅក្នុង​ស្រុក និង ប្រកួត​អន្តរជាតិ​ខាង​គុន​ចម្រុះ​នៅ​ថៃ​ផង​។ ហើយ គ្រូ ហ៊ុន ច័ន្ទ​រាជ្យ ថា​អាច​នឹង​ចាប់​ឈ្មោះ​ប្រកួត​ញឹកញាប់​ទៀត​នៅ​ប្រទេស​ថៃ ខាង​ក្បាច់គុន​ចម្រុះ​។ បាទ​! ការពិត កីឡាករ​គុន​ចម្រុះ​មាន​តិច ដូច្នេះ​សមត្ថភាព​អាច​ប្រកួត​បាន​នៅ​ថៃ​មិនជា​បញ្ហា ហើយ​យើង​ក៏​ធ្លាប់​វ៉ៃ​នៅ ONE ច្រើន​ដែរ​។ ជាមួយគ្នានេះ​ខ្ញុំ​ក៏​ជាប់​លេង​ខ្សែក្រវាត់​គុន​ខ្មែរ ទម្ងន់ ៦៣,៣ គីឡូក្រាម​នៅ​ប៉ុស្តិ៍ អាស៊ីអាគ្នេយ៍​ដែរ​ដែលមាន​បេក្ខភាព​កីឡាករ​ខ្មែរ ៤ រូប និង ថៃ​៤ រូប​។

ONE ៖ ពេល​ទីផ្សារ​ប្រកួត​មមាញឹក​បែបនេះ តើ​ប្រាក់កម្រៃ​អាច​ទប់​ជាប់​នឹង​ជីវភាព ឬ ក៏​នៅមាន​បញ្ហា​ប្រឈម​?

​រិ​ន សា​រ័ត្ន​៖ បាទ​! បើ​ប្រកួត​ញឹក​អីចឹង​យើង​ទប់ទល់​បាន​បង និង​អាច​រ៉ាប់រង​ការចំណាយ​ប្រចាំថ្ងៃ​បាន​។ ប៉ុន្តែ បើសិន​អត់​សូវ​មាន​ទីផ្សារ​ប្រកួត ដូច​មុន​អី​ចង់​យ៉ាប់​ម្ដងៗ​ដែរ​បង យើង​លំបាក​បន្តិច​។ យ៉ាងណាក្ដី ខ្ញុំ​នៅ​ប្រឹង​ហ្វឹកហាត់​ជាប្រចាំ​ទោះ​មិនសូវ​បាន​ឡើង​ប្រកួត​ក្ដី ព្រោះ​ខ្ញុំ​មិនទាន់មាន​គម្រោង​ច្បាស់​នៅឡើយ​ទៅ​ថ្ងៃមុខ​ថា​ត្រូវ​ឈប់ ឬ បន្តធ្វើ​អ្វី​ផ្សេង​។
ONE៖ សា​រ័ត្ន ពេល​ប្រកួត​គុន​ខ្មែរ​ផង និង គុន​ចម្រុះ​ផង​នាពេល​ថ្មីៗ​នេះ តើ​ពេលខ្លះ​វា​អាចធ្វើ​ឲ្យ សា​រ័ត្ន ច្រឡំ​ក្បាច់​គ្នា​ពេល​ឡើង​វ៉ៃ​ទេ​? ឧទាហរណ៍​៖ ពេលខ្លះ​ប្រកួត​គុន​ខ្មែរ ច្រឡំ​ទៅ​ហក់​ចាប់​បោក ឬ ឃ្លេ​ជាដើម​។

​រិ​ន សា​រ័ត្ន​៖ បាទ បង​សម្រាប់​ខ្ញុំ​ដូច​មិន​អី​ទេ ដោយមាន​ពិសោធន៍​ច្រើន​។ ព្រោះ​ខ្ញុំ​បាន​ត្រៀម និង ហាត់​ច្បាស់លាស់​ថែមទាំង​ការផ្ដោត​អារម្មណ៍​គិត​។ បើ​វ៉ៃ​គុន​ខ្មែរ ខួរក្បាល​ផ្ដោត​តែ​គុន​ខ្មែរ​។ តែ​ប្រកួត​គុន​ចម្រុះ គឺ យើង​ត្រូវផ្ដោត​និង​ត្រៀម​ក្បាច់គុន​ចម្រុះ​តាម​ហ្នឹង​ទេ​។ ខ្ញុំ​មិន​ច្រឡំ​ទេ ព្រោះ​អាជីព​យើង​បែប​ហ្នឹងហើយ​។

ONE ៖ សា​រ័ត្ន ជាប់​វ៉ៃ​ខ្សែក្រវាត់​គុន​ខ្មែរ ហើយ​ឮថា​មាន​គម្រោង​ទៅ​ប្រកួត​នៅ​ភូ​កេ​ត​ប្រទេស​ថៃ​ផ្នែក​គុន​ចម្រុះ​ឆាប់ៗ​ផង តើ​ការបែងចែក​ពេលវេលា​ហ្វឹកហាត់​យ៉ាងដូចម្ដេច​?
​រិ​ន សា​រ័ត្ន​៖ ឥឡូវនេះ​ខ្ញុំ​ហាត់​ផ្ដោត​តែ​លើ​គុន​ខ្មែរ​ប៉ុណ្ណោះ​បង ដើម្បី​ត្រៀម​ខ្សែក្រវាត់​។ ប៉ុន្តែ ក្នុង​មួយ​សប្ដាហ៍ ខ្ញុំ​គ្រាន់តែ​រំលឹក ២ ទៅ ៣ ដង​សម្រាប់​ក្បាច់គុន​ចម្រុះ​លើកលែងតែ​ចេញទៅ​ប្រកួត​គុន​ចម្រុះ​តែម្ដង​ទើប​ខ្ញុំ​ហ្វឹកហាត់​ត្រៀម​។ ការ​រំលឹក​នេះ​ធ្វើជា​ប្រចាំ​រៀងរាល់​សប្ដាហ៍​ដើម្បី​កុំ​ឲ្យ​គាំង​។

ONE ៖  ខ្ញុំ​មើលឃើញថា សា​រ័ត្ន នៅ​ផ្ដោតលើ​ការហ្វឹកហាត់​ខ្លាំង​ដើម្បី​ប្រកួត តើ​មាន​ការដាក់​គោលដៅ​បែបណា​នៅ​ឆ្នាំក្រោយ​?

​រិ​ន សា​រ័ត្ន​៖ ដូច​ខ្ញុំ​ថា​អីចឹង​បង មិនទាន់មាន​គោលដៅ​អ្វី​ច្រើន​ទេ ប៉ុន្តែ​នៅតែ​ប្រឹង​ហ្វឹក​ហាត់គុន​ខ្មែរ និង គុន​ចម្រុះ​ដើម្បី​ធ្វើ​បានល្អ​ទាំង​ក្នុងស្រុក និង ឆាក​អន្តរជាតិ​។ អ្វីដែល​ត្រូវ​ត្រៀម​គឺ ហ្វឹកហាត់​ឲ្យ​ល្អ​ដើម្បី​ប្រកួត​ខ្សែក្រវាត់​នៅ​អាស៊ីអាគ្នេយ៍​។



​គួររំលឹកថា ទោះ​ក្បាច់គុន​ចម្រុះ​មិនសូវមាន​កីឡាករ​ច្រើន​ចាប់​អាជីព​ក្នុងចំណោម​កីឡាករ​ខ្មែរ ក៏​កីឡាករ​វ័យ ២៥ ឆ្នាំ រិ​ន សា​រ័ត្ន ខំ​ខ្នះខ្នែង​ហ្វឹកហាត់​ដែរ​។ កីឡាករ​ជាច្រើន​ដែល​ធ្លាប់​ហ្វឹក​ហាត់គុន​ចម្រុះ​ជាមួយ រិ​ន សា​រ័ត្ន បាន​លាចាក​ពិភព​គុន​ទៅរក​ស៊ី​រៀងៗ ដោយ​ផ្អែកលើ​ហេតុផល​មិនសូវមាន​ទីផ្សារ​ប្រកួត​៕

​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: DAWN OF VALOR នៅ​ថ្ងៃទី ២៥ តុលា​ខាងមុខ​ពី​ប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧​ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕


© រក្សាសិទ្ធិដោយ thmeythmey.com