ជាតិ
២៥ខេត្ត/រាជធានី
ហេតុអ្វីបានជាកសិករខ្មែរចូលរួមវិនិយោគលើវិស័យកសិកម្ម មានកម្រិតទាប?
× ភ្នំពេញ៖ កសិករខ្មែរទូទៅ ប្រកបរបរដាំដុះក្នុងលក្ខណៈទ្រង់ទ្រាយខ្នាតតូចប៉ុណ្ណោះ។ ការដាំដុះបែបនេះ ជាហេតុនាំឲ្យកសិករមិនទាន់មានលទ្ធផលគ្រប់គ្រាន់ ក្នុងការវិនិយោគលើវិស័យកសិម្ម។ នៅក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី៨ កាលពីថ្ងៃទី១៦ ខែតុលានេះ លោកស្រី តុង ចាន់ធាង នាយិកាអង្គការសេដាក បញ្ជាក់ថា កសិករភាគច្រើន ជាកសិករដែលដាំដុះខ្នាតតូច (មានដីធ្លីតូច) និងការចូលរួមរបស់កសិករ ក្នុងការវិនិយោគលើវិស័យកសិកម្មក្នុងទំហំតូចនៅឡើយ។
ដើម្បីឲ្យកសិករមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើវិស័យកសិកម្ម លោកស្រី តុង ចាន់ធាង បញ្ជាក់យ៉ាងដូច្នេះ៖«កសិករត្រូវឈ្វេងយល់និងដឹងថាទីផ្សារត្រូវការអ្វី ដែលជាជំហានចំបង»។ ជាមួយគ្នានេះ នាយិកាអង្គការសេដាករូបនេះ ក៏បានរំឭកដែរថា ប្រសិនបើកសិករចង់ចូលទៅកាន់ទីផ្សារ កសិករត្រូវផ្លាស់ប្ដូរការគិតក្នុងការដាំដុះ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោកស្រី តុង ចាន់ធាង នាយិកាអង្គការសេដាកដូចតទៅ៖
បើតាមលោកស្រី តុង ចាន់ធាង ជាប្រពៃណីកសិករខ្មែរមិនសូវបានសិក្សាពីទីផ្សារនោះទេ កសិករតែងតែគិតថា រដូវណាដាំបន្លែអ្វីបាន នោះពួកគាត់ចាប់ផ្ដើមដាំ ដោយមិនបានដឹងថាទីផ្សារត្រូវការប៉ុន្មាន និងនៅពេលណា។ ក្នុងបទសម្ភាសជាមួយ ThmeyThmey25 លោកស្រី តុង ចាន់ធាង គូសបញ្ជាក់ថា កសិករត្រូវមានផែនការដាំដុះឲ្យបានត្រឹមត្រូវ និងគួរគិតពីបញ្ហាទីផ្សារ។
នាយិកាអង្គការសេដាករូបនេះ អះអាងថា កសិករខ្មែរជួបប្រទះបញ្ហាប្រឈមដូចជា ខ្វះខាតប្រភពទឹកក្នុងការដាំដុះ, ទុន និងទីផ្សារ។ សម្រាប់លោកស្រី តុង ចាន់ធាង ទឹក, ទុន និងទីផ្សារ ជាកត្តាសំខាន់សម្រាប់កសិករក្នុងការពង្រីក និងពង្រឹងការផលិត ដើម្បីឈានទៅទីផ្សារ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦-១៧ តុលានេះ វេទិកាកសិករថ្នាក់ជាតិលើកទី៨ រៀបចំដោយវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOForum) និងអង្គការអុកស្វាម រួមទាំងអង្គការដៃគូជាច្រើនទៀត ក្រោមប្រធានបទ៖«លើកកម្ពស់ការចូលរួមដៃគូពហុភាគី ដើម្បីឲ្យកសិករមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើវិស័យកសិកម្ម» ដែលមានតំណាងសហគមន៍, រដ្ឋាភិបាល, វិស័យឯកជន, អង្គការ និងកសិករជិត ៣០០នាក់ ចូលរួម។ ក្នុងវេទិកានេះ បានជជែកពីការចូលរួមរបស់ពហុភាគីក្នុងកសិធុរៈកិច្ច ដើម្បីជួយកសិករមានលទ្ធភាពទទួលបានទឹក, ទុន និងទីផ្សារ សម្រាប់កសិកម្ម៕
Tag:
កសិកម្ម
វេទិកាកសិករថ្នាក់ជាតិលើកទី៨
កសិករ
អង្គការសេដាក
© រក្សាសិទ្ធិដោយ thmeythmey.com