លោក សម រង្ស៊ី ថា មិត្ត​បរទេសកាន់តែច្រើន ​កំពុង​ទិញ​សំបុត្រ​យន្តហោះ ត្រៀម​មក​ខ្មែរ​ជាមួយ​លោក​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ថា មិត្ត​បរទេសកាន់តែច្រើន ​កំពុង​ទិញ​សំបុត្រ​យន្តហោះ ត្រៀម​មក​ខ្មែរ​ជាមួយ​លោក​
19, Oct 2019 , 6:29 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង លើកឡើងថា សមាជិក​រដ្ឋសភា​និង​សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​ផ្សេងៗ មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ ដែល​សម្រេចចិត្ត​មក​កម្ពុជា​ជាមួយ​លោក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ លោក បន្តថា អ្នកនយោបាយបរទេស​ទាំងនោះ កំពុង​រៀបចំ​ទិញ​សំបុត្រ​យន្តហោះ​។



​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៨ ខែតុលា លោក សម រង្ស៊ី បញ្ជាក់​ដូច្នេះ​ថា​៖«​ការងារ​ទាំងអស់នេះ គឺ​កំពុងតែ​រៀបចំ​ទិញ​សំបុត្រ​យន្តហោះ ដើម្បី​ទៅដល់​ពេលណា អ្នកណា​ដល់​មុន អ្នក​ដល់​ក្រោយ ទៅ​ជួបគ្នា​យ៉ាងម៉េច នៅទីណា គឺ​យើង​គិតគូរ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​»​។

​មេដឹកនាំ​ប្រឆាំង​រូបនេះ ប្រាប់​ឲ្យ​ដឹង​តែ​សមាជិកសភា​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ ដែល​នឹង​រួម​ដំណើរ​ជាមួយ​លោក តែ​ចំពោះ​សមាជិក​រដ្ឋសភា​និង​សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​ដទៃទៀត លោក ពុំបាន​បង្ហើប​ឲ្យចំឈ្មោះ​នោះទេ​។ លោក បន្តថា ក្រៅពី​សមាជិក​រដ្ឋសភា​និង​សមាជិក​ព្រឹទ្ធសភា ក៏មាន​អ្នកសង្កេតការណ៍ អង្គការសិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​ផងដែរ ដែល​នឹងចូលរួម​ជាមួយ​លោក ក្នុង​ការវិល​មក​កម្ពុ​ជា​វិញ​។

​លោក សម រង្ស៊ី ប្រហែលជា​មិន​ហោះ​ត្រង់​មក​កម្ពុជា​នោះទេ​។ ទោះ​មិនទាន់​បង្ហាញ​ឲ្យ​ច្បាស់​ក៏ដោយ ថា​ប្រទេស​ណា​ដែល​លោក នឹង​មក​ប្រមូលផ្តុំ​កម្លាំង ដើម្បី​ដឹកនាំ​ចូលមក​កម្ពុជា តែ​គោលដៅ​របស់លោក ទំនងជា​ប្រទេស​ថៃ​។

​លោក សម រង្ស៊ី ពឹងផ្អែក​ខ្លាំង​លើ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដោយ​លោក អះអាងថា នៅ​ថៃ មាន​ពលករ​ខ្មែរ​ប្រមាណ​ជា​២​លាន​នាក់​ឯណោះ ហើយក៏​រំពឹង​ដែរ​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ដទៃទៀត ដូចជា កូរ៉េ និង ម៉ាឡេស៊ី ជាដើម នឹង​មក​ប្រមូលផ្តុំ​គ្នា​នៅ​ប្រទេស​ថៃ​។

​លោក ថ្លែង​ក្នុង​វិទ្យុ​អាស៊ីសេរី​ថា​៖«​ថា​ត្រឹម​១០​ភាគរយ​ចុះ ១០​ភាគរយ​នៃ​២​លាន​នាក់ គឺ​២​សែន​នាក់​។ បើ​២​សែន​នាក់ យើង​មក​ប្រមូល​ផ្តុំគ្នា ហើយ​ចូលមក​ប្រទេស​កម្ពុជា យើង​មក​ចាប់ដៃ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងស្រុក ពេលនោះ​លោក ហ៊ុន សែន វង្វេង​ហើយ​»​។

​លោក បង្ហើប​ទៀតថា លោក និង ពលករ​ខ្មែរ​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ថៃ នឹង​ចូលមក​កម្ពុជា​តាម​ព្រំដែន ដោយ​ថ្មើរជើង​។ លោក និយាយថា​៖«​បើ​គ្នា​រាប់ម៉ឺន​រាប់សែន​នាក់ ឲ្យ​ទៅ​ជិះ​យន្តហោះ​ម៉េច​កើត មាន​យន្ត​ហោះណា ដឹក​ពួកយើង មានតែ​យើង​ធ្វើដំណើរ​ថ្មើរជើង​ទាំងអស់គ្នា​»​។

​អ្នកស្រី មូរ សុខ​ហួរ ប្រធាន​គណៈកម្មការ​រៀប​ចំ​មាតុភូមិ​និវត្ត ផ្តល់ព័ត៌មាន​នាពេល​ថ្មីៗ​នេះ​ថា មាន​ថ្នាក់ដឹកនាំ​ប្រឆាំង​មួយចំនួន​ហើយ ដែល​បាន​ចូលមក​តំបន់​អាស៊ី ហើយ​អ្នក​ផ្សេងទៀត នឹង​ចាប់ផ្តើម​ចូល​មកជា​បន្តបន្ទាប់​។

​នៅ​ថ្ងៃទី​១៩ ខែតុលា​នេះ លោក សុខ ឥសាន សមាជិក​ព្រឹទ្ធសភា​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​ក្នុង​តេ​ឡេ​ក្រាម​ដូច​លើក​មុន​ថា ក្រុម​លោក សម រង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក​នោះទេ​។ លោក ចំអក​ថា​៖«​ទណ្ឌិត​រត់ចោលស្រុក​ថា​មាន​ប្រជាជន​២​លាន​នាក់​មកពី​ប្រទេស​ថៃ នឹង​មក​ទទួល​ខ្លួន​ដូច​ស៊ូណាមិ​។ បើ​គគ្រឹកគគ្រេង​ដូច​ស៊ូណាមិ នឹង​ជាន់គ្នា​ងាប់​អស់ហើយ  មានន័យថា​ទណ្ឌិត​នេះ មិន​ហ៊ាន​មក​ចូល​ស្រុក​ខ្មែរ​ទេ​»៕
  
 

 


Tag:
 សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com