ត្រូវ​ចេះ​ខ្មាស​បាប​និង​ខា្ល​ចបាប​!
ជាតិ
ត្រូវ​ចេះ​ខ្មាស​បាប​និង​ខា្ល​ចបាប​!
21, Oct 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ហិរិ និង ឱត្តប្បៈ គឺ​លោកបាល​ធម៌ មានន័យថា ធម៌​រក្សា​លោក​ឲ្យ​មាន​សន្តិភាព​។ ប្រសិនបើ​មនុស្ស មិន​មានធម៌​ទាំងពីរ​នេះ​ទេ ច្បាស់​ណាស់​សង្គម នឹងមាន​ភាពវឹកវរ​។​



​ហិរិ មានន័យថា «​សេចក្តី​ខ្មាសអៀន​ចំពោះ​អំពើ​ដែល​គួរ​ខ្មាសអៀន​»​។ អំពើ​ដែល​គួរ​ខ្មាសអៀន គឺ​សំដៅ​ដល់​អំពើអាក្រក់ អំពើ​លាមក អំពើ​អកុសល​ទាំងពួង ដែល​កើតចេញពី​ទ្វារ​ទាំងបី គឺ​កាយ​ទ្វារ វចីទ្វារ និង​មនោទ្វារ​។

​អំពើ​បាប​កើតចេញពី​ទ្វារ​ទាំងបី​នោះ​គឺ​៖
​កាយទុច្ចរិត​៖ អំពើ​បាប​កើតចេញពី​កាយ ដូចជា សម្លាប់ បៀតបៀន ប្រើ​អំណាច​ជិះជាន់​ជីវិត​អ្នកដទៃ លួច​យក​ទ្រព្យ​ដែលមាន​ម្ចាស់​ហួងហែង និង ប្រព្រឹត្ត​អំពើ​ឆ្គាំឆ្គង​លើ​កូន​ប្រពន្ធ​អ្នកដទៃ ជាដើម​។​

​វចីទុច្ចរិត​៖ អំពើ​បាប​កើតចេញពី​វាចា ដូចជា ជេរប្រទេច​បុគ្គល​អ្នកមាន​គុណធម៌ និយាយដើម​អ្នកដទៃ ប្រើពាក្យ​ស៊កសៀត ចាក់​ដោត និង ញុះញង់​បំបែកបំបាក់ ជាដើម​។​

​មនោ​ទុច្ចរិត​៖ អំពើ​បាប​កើតចេញពី​ចិត្ត ដូចជា ចងគំនុំ​គុំកួន ចិត្ត​រំពៃ​ចង់បាន​របស់​អ្ន​ដទៃ និង មាន​សេចក្តី​យល់​ខុស​ចំពោះ​ធម៌​ក្នុង​លោក ជាដើម​។​

​ហិរិ គឺជា​សភាវធម៌​ដែល​ផុស​ចេញពី​ដួងចិត្ត​របស់ខ្លួន ដោយ​ខ្មាសអៀន និង​ស្អប់ខ្ពើម​យ៉ាង​ក្រៃលែង​ចំពោះ​ការប្រព្រឹត្ត​នូវ​អំពើ​បាប​ទាំងឡាយ ទោះបីជា តាម​កាយ​ក្តី តាម​វាចា​ក្តី តាមចិត្ត​ក្តី​។​

​ឱត្តប្បៈ មានន័យថា «​សេចក្តី​តក់ស្លុត​ចំពោះ​អំពើ​ដែល​គួរ​តក់ស្លុត​»​។ អំពើ​ដែល​គួរ​តក់ស្លុត គឺ​អំពើ​បាប​ទាំងពួង ដែល​នាំទៅរក​សេចក្តី​ទុក្ខ និង​សេចក្តី​វិនាស​គ្រប់បែបយ៉ាង​។ សេចក្តី​បាប​ទាំងនោះ​កើតចេញពី​ទ្វារ​ទាំងបី​ដូចគ្នា គឺ​កាយទុច្ចរិត វចីទុច្ចរិត និង មនោ​ទុច្ចរិត​។​

​ឱត្តប្បៈ គឺជា​សភាវធម៌​ដែល​ញ៉ាំង​បុគ្គល​ណា​ម្នាក់ ឲ្យ​មាន​សេចក្តី​តក់​ស្លុក ខ្លាចក្រែង​មិន​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​បាប នៅពេលដែល​ឃើញ​អ្នកដទៃ​ប្រព្រឹត្ត ហើយ​ទទួល​នូវ​សេចក្តី​ទុក្ខទោមនស្ស និង​បាបកម្ម​ពី​ការប្រព្រឹត្ត​នោះ​៕


Tag:
 សតិ​
  ឱត្តប្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com