ជាតិ
បុណ្យអុំទូក
ទណ្ឌិត៥១២នាក់ ស្ថិតក្នុងបញ្ជីសុំលើកលែងនិងបន្ថយទោស នៅថ្ងៃបុណ្យអុំទូក
× ភ្នំពេញ៖ ទណ្ឌិត៥១២នាក់ ស្ថិតនៅក្នុងបញ្ជីសុំបន្ធូរបន្ថយទោស នៅថ្ងៃបុណ្យអុំទូកខាងមុខ។ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ រួមទាំងភាគីពាក់ព័ន្ធ កំពុងពិនិត្យលើឯកសារច្បាប់អ្នកទោសទាំងនេះ។
ថ្លែងពេលទៅចូលរួមកិច្ចប្រជុំនៅក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លោក សុច សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការនិងព្រហ្មទណ្ឌក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ទណ្ឌិតទាំង៥១២នាក់នេះ (ស្រី៥៨នាក់) ត្រូវបានពន្ធនាគាររាជធានី-ខេត្តចំនួន២៣ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដាក់សំណើទៅក្រសួង ដើម្បីសុំបន្ធូរបន្ថយនិងលើកលែងទោស។
ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ នឹងពិនិត្យសិក្សាផ្នែកច្បាប់ រួមផ្សំនឹងការអនុវត្តទោសរបស់ទណ្ឌិតកន្លងមក មុននឹងដាក់ជូននាយករដ្ឋមន្ត្រី ស្នើទៅព្រះមហាក្សត្រសុំព្រះរាជទានបន្ធូរបន្ថយ និងលើកលែងទោស។
បច្ចុប្បន្នកម្ពុជាមានចំនួនអ្នកទោសឬទណ្ឌិតជាង៣ម៉ឺន៤ពាន់នាក់ ក្នុងនោះមានស្រី្តមានជាង១ពាន់នាក់ ហើយមានជនជាតិបរទេសជាង១ពាន់ ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជា។ ជនបរទេសជាង១ពាន់នាក់ ដែលជាប់ពន្ធនាគារនៅកម្ពុជាភាគច្រើន គឺជនជាតិចិននិងវៀតណាម ក្នុងនោះមានស្រី្តជាង៦០នាក់។ ជនបរទេសទាំងនោះ ភាគច្រើនប្រព្រឹត្តគ្រឿងញៀន និងឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមលោក អ៊ុច ពង្ស អគ្គនាយករងពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលបានទៅចូលរួមក្នុងកិច្ចប្រជុំនោះដែរ។
សូមបញ្ជាក់ថា ទណ្ឌិតនៅកម្ពុជា តែងទទួលបានព្រះរាជទានលើកលែងនិងបន្ធូរបន្ថយទោស ពីព្រះមហាក្សត្រ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា និងពិធីបុណ្យអុំទូក៕
Tag:
ទណ្ឌិត
ក្រសួងយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com