ជាតិ
សម្តេច ហ៊ុន សែន ដោះស្រាយបញ្ហាសំរាមនៅភ្នំពេញ ដោយលុបសិទ្ធិផ្តាច់មុខរបស់ស៊ិនទ្រី
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ដំណោះស្រាយមួយលើការងារសំអាតសំរាមនៅរាជធានីភ្នំពេញ។ នាពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យបៀលប្រាយនៅព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា នេះ ប្រមុខរដ្ឋាភិបាលលើកឡើងពីគម្រោងពិភាក្សានៅក្នុងគណៈរដ្ឋមន្ត្រី ដោយរដ្ឋត្រៀមយកក្រុមហ៊ុនស៊ិនទ្រី ទៅគ្រប់គ្រងបណ្តោះអាសន្ន ហើយនឹងមានការបែងចែកតំបន់ប្រមូលសំរាមដោយអនុញ្ញាតឲ្យក្រុមហ៊ុនច្រើនប្រជែងដេញថ្លៃ។
«ទុកឲ្យស៊ិនទ្រីបន្តគឺអត់បានឡើយ...ជម្រើសត្រូវបែងចែកជាតំបន់ ហើយត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ យកល្អ៤ ដើម្បីប្រមូលសំរាមនៅភ្នំពេញ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន ជាមួយនឹងការពន្យល់បន្ថែមថា រដ្ឋចុះហត្ថលេខាជាមួយក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី តាំងពីជំនាន់សំរាម១មួយថ្ងៃពី៣០០ ទៅ៥០០តោនក្នុង១ថ្ងៃ ហើយបច្ចុប្បន្ន កើនដល់ប្រមាណ៣០០០តោនក្នុង១ថ្ងៃ រីឯទំហំរាជធានីភ្នំពេញក៏កើនពី៣០០ ទៅជាង៦០០គីឡូម៉ែត្រការ៉េផងដែរ។
ប្រមុខរដ្ឋាភិបាលវាយតម្លៃថា ក្រុមហ៊ុនស៊ិនទ្រីតែមួយពិតជាមិនអាចដោះស្រាយបញ្ហាសំរាមនៅរាជធានីភ្នំពេញបានឡើយ។ សម្តេចបានលើកឡើងពីវិធីសាស្ត្រដែលទៅមុខ និងមិនអាចស៊ិនទ្រីខាតបង់។ សម្តេចបញ្ជាក់ថា៖ «រដ្ឋត្រូវយកក្រុមហ៊ុននោះ [ស៊ិនទ្រី] មកវិញសិន ទាំងបុគ្គលិក សម្ភារ រថយន្ត... ហើយរៀបចំតំបន់ឲ្យដាក់ដេញថ្លៃ»។
សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា ការបែងចែកតំបន់ពី៣ទៅ៤តំបន់ សម្រាប់ការប្រមូលសំរាម នឹងកាត់បន្ថយការថ្ងូររបស់ពលរដ្ឋ ដែលមួយថ្ងៃៗ ឮតែពាក្យ «ស៊ិនទ្រី»។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនស៊ិនទ្រី ក៏អាចដាក់ពាក្យដេញថ្លៃប្រជែងផងដែរ ប៉ុន្តែមិនមែនពេញមួយរាជធានីភ្នំពេញនោះឡើយ។
សម្តេចក៏បានកត់សម្គាល់ផងដែរ លើគម្រោងសាងសង់ទីលានចាក់សំរាមចំនួន៣កន្លែងដែលមិនទាន់ចេញជារូបរាងសូម្បីតែបន្តិច ក្នុងនោះមាននៅកៀនស្វាយជាដើម ដូច្នេះបើមិនមានការបែងចែកតំបន់ទេនោះ បញ្ហាសំរាមពិតជាមិនអាចដោះស្រាយចេញបានទេ។
សម្តេចបានអះអាងថា លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដឹកនាំការពិភាក្សាលើបញ្ហានេះ នៅគណៈរដ្ឋមន្ត្រី។ ជាមួយគ្នានេះ សម្តេចបានស្នើទៅលោកអភិបាលរាជធានី ឃួង ស្រេង និងលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី ពិភាក្សាគ្នារកដំណោះស្រាយផងដែរ។
ទាក់ទងនឹងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីត នាពេលខាងមុខ ប្រមុខរដ្ឋាភិបាលបានលើកទឹកចិត្តដល់យុវជន នាំគ្នាចូលរួមប្រមូលសំរាមដើម្បីសម្អាតរាជធានីភ្នំពេញ ខណៈបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី មិនធ្វើការ។
បច្ចុប្បន្ន ក្រុមយុវជនក្រសួងបរិស្ថានប្រមាណ១០០០នាក់ បានលើកឡើងពីគម្រោងការរបស់ខ្លួនក្នុងយុទ្ធនាការប្រមូលសំរាមនាព្រះរាជពិធីបុណ្យអុំទូក។ សម្តេច ហ៊ុន សែន អំពាវនាវដល់ក្រុមយុវជនផ្សេងទៀត ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមក្នុងបេសកកម្មនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com