អន្តរជាតិ
ព្រះ​ចៅ​អធិរាជ​ជប៉ុន ឡើង​គ្រងរាជ្យ​ផ្លូវការ​
22, Oct 2019 , 11:25 am        
រូបភាព
​អធិរាជ ណា​រ៉ូ​ហ៊ី​តុ (Naruhito) ដែលមាន​ព្រះជន្ម ៥៩​វស្សា បាន​ឡើង​គ្រង​រាជសម្បត្តិ​ជា​អធិរាជ​ទី​១២៦​របស់​ជប៉ុន តាម​ពិធី​បែប​ទំនៀម​ទំលាប់​ប្រពៃណី នៅ​ថ្ងៃទី ២២ ខែតុលា​។ ពិធី​រាជាភិសេក​នេះ មានការចូលរួម​ព្រះមហាក្សត្រ ខ្សែ​រាជរ​ង្ស និង​មន្ត្រីជាន់ខ្ពស់​មកពី​បណ្តាល​ប្រទេស​ជាង ១៨០​។​



​នៅ​ថ្ងៃទី​២២ ខែតុលា អធិរាជ ណា​រ៉ូ​ហ៊ី​តុ បាន​ឡើងគ្រងរាជ្យសម្បត្តិ​ផ្លូវការ​ហើយ បន្ទាប់​ស្នង​តំណែង​ជំនួស​បិតា អាគី​ហ៊ី​តុ ដែល​បានដាក់​រាជ្យ​។ អាគី​ហ៊ី​តុ ជា​អធិរាជ​ជប៉ុន​ដំបូង​គេ​ក្នុង​រយៈពេល​ជាង​ពីរ​រយ​ឆ្នាំ​ដែល​ដាក់រាជ្យ​ក៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​

​ជាមួយ​សំលៀកបំពាក់​គ្រង​រាជសម្បត្តិ​បុរាណ​ពណ៌​ទឹកមាស និង​អមដោយ​ព្រះ​អគ្គមហេសី បាន​ថ្លែង​ព្រះរាជប្រកាស​រាជាភិសេក​ពី​ព្រះរាជ​ប​ល្ល័​ង Takamikura​។ បន្ទាប់ពី​ព្រះរាជប្រកាស​របស់​ព្រះ​ចៅ​អធិរាជ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បាន​ស្រែក​បន្ទរ​ថា «banzai ឬ សូម​ឲ្យ​ព្រះអង្គ​មាន​ព្រះជន្ម​យឺនយូរ​» បី​ដង ដើម្បី​បញ្ចប់​និតិ​វិធី​រាជាភិសេក​។​
​ជា​កិច្ច​បន្ត គឺ​ក្បួន​ព្យុះ​ហយា​ត្រា ប៉ុន្តែ​កិច្ច​នេះ​ត្រូវបាន​គេ​លើក​ទៅ​ដាក់​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​វិញ​។ នៅ​ថ្ងៃ​បន្ទាប់ គណៈប្រតិភូ ឬ​មន្ត្រីជាន់ខ្ពស់​មកពី​ប្រទេស​ផ្សេង នឹងត្រូវ​ជួបជុំគ្នា​ក្នុង​ពិធី​លៀង​សាយភោជន​។

​ដើម្បី​ឲ្យ​ស្នងរាជ្យ​ទៅបាន មហាក្សត្រ​ចាំបាច់​ណាស់​ត្រូវការ គ្រឿង​រាជកកុធភណ្ឌ (​គ្រឿង​សម្រាប់​គ្រង​រាជ​)​។ ចំណែក​ពិធី​រាជាភិសេក​របស់ អធិរាជ ណា​រ៉ូ​ហ៊ី​តុ វិញ ក៏​មិន​ខុសគ្នា​ពី​ប្រទេស​ផ្សេង​ប៉ុន្មាន​ដែរ​។ ពិតណាស់ គ្រឿង​រាជកកុធភណ្ឌ​សម្រាប់​រាជ​ភិ​សេក​របស់​រជ្ជទាយាទ​ណា​រ៉ូ​ហ៊ី​តូ គឺ​រតនវត្ថុ និង​ដាវ​បុរាណ ដែល​ប្រជាជន​ជប៉ុន​ចាត់ទុកថា​ជា​អំណោយ​ពី​អ​ធិ​ទេព និង​ជា​គ្រឿង​តំណាង​ឲ្យ​ព្រះ​ចៅ​អធិរាជ ។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​ដ៏​អធិកអធម​មួយ​នេះ មាន​អធិបតីភាព​យ៉ាង​ខ្ពង់ខ្ពស់​ពី​ព្រះមហាក្សត្រ​ប្រទេស​កម្ពុជា ព្រះអង្គម្ចាស់​អង់គ្លេស Charles នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង និង​លោកស្រី ការី ឡាំ​ផងដែរ​៕

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com