អន្តរជាតិ
មហាក្សត្រថៃ ដកបុណ្យសក្តិស្នំឯក ព្រោះមិនស្មោះត្រង់ និងចង់បានតំណែងខ្ពង់ខ្ពស់ មហាក្សត្រថៃ មហា វជិរាលង្ករណ៍ និងស្នំឯក ស៊ីនីនាថ ពិលាសកល្យាណី ដែលត្រូវដកតំណែង។ រូបភាពផ្សាយដោយរាជវាំងថៃ
× មហាក្សត្រថៃ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) បានដកតំណែងស្នំឯកពីព្រះនាង ស៊ីនីនាថ ពិលាសកល្យាណី ក្រោមហេតុផលថា មិនស្មោះត្រង់នឹងស្ដេច មិនគោរពក្រមប្រតិបត្តិរាជវង្ស និងប្រើប្រាស់មុខតំណែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើតាមការប្រកាសរបស់រាជវាំងថៃដែលចូលធរមាននៅថ្ងៃទី២១ ខែកក្កដា។ ព្រះស្នំ ស៊ីនីនាថ ជាបុគ្គលដំបូងគេក្នុងរយៈពេលជាងមួយរយឆ្នាំដែលទទួលបានតំណែងជាស្នំឯកនេះ។
ជាមួយនឹងការជំទាស់ការតែងតាំងអគ្គមហេសីឥតឈប់ឈរ រួមទាំងការកេងចំណេញផលប្រយោជន៍ផងនោះ មហាក្សត្រថៃ មហា វជិរាលង្ករណ៍ បានដកតំណែងឃុនចៅព្រះ (Royal Noble Consort) ពីស្នំឯក ស៊ីនីនាថ ពិលាសកល្យាណី ដកតំណែងក្នុងជួរកងទ័ព និងដកហូតរាល់គ្រឿងឥស្សរិយយសទាំងអម្ប៉ាលម៉ានទៀតផង។ ស្នំឯកអង្គនេះ ទើបទទួលតំណែងនេះកាលពីខែកក្កដាកន្លងទៅ ដែលជាបុគ្គលដំបូងក្នុងរយៈពេលមួយរយឆ្នាំទទួលតំណែងនេះ។
បើតាមសេចក្ដីរាជប្រកាសថ្ងៃទី២១ ខែតុលា ស្នំឯកអង្គនេះ ជំទាស់ការតែងតាំងព្រះនាង សុធីតា ជាអគ្គមហេសី ដោយបានជំទាស់ការរៀបចំពិធីនេះដោយចំហ ហើយប្រើប្រាស់អំណាចដើម្បីកុំឲ្យពិធីនេះកើតឡើងទៀតផង។ បើតាមកាសែតបាងកកប៉ុស្តិ៍ ស្នំអង្គនេះ ចង់ឲ្យមហាក្សត្រ មហា វជិរាលង្ករណ៍ តែងតាំងខ្លួនជាអគ្គមហេសីជំនួសវិញ។ លើសពីនោះ ព្រះនាងអង្គនេះ ក៏បានបំពានអំណាច តាមរយៈការចេញបញ្ជាផ្សេងៗទាក់ទងសកម្មរបស់មហាក្សត្រផងដែរ។
ក្នុងរាជប្រកាសដដែល ដើម្បីបញ្ចៀសបញ្ហា និងសកម្មភាពដែលប៉ះពាល់មុខមាត់រាជវង្ស ស្ដេចរាមាទី១០ ក៏តែងតាំងព្រះនាង ជាចៅឃុនព្រះស៊ីនីនាថ ពិលាសកល្យាណី ដើម្បីឲ្យស្ងប់ចិត្ត។ យ៉ាងណាមិញ កាសែតដដែលបានស្រង់ព័ត៌មានពីរាជប្រកាសថា ទោះបានខ្ពង់ខ្ពស់ក្ដី ស្នំឯកអង្គនេះ នៅតែចង់បានតំណែងជាអគ្គមហេសីដដែល។ ទ្រង់ក៏បានចេញបញ្ជានានាដើម្បីលើកប្រជាប្រិយរបស់ខ្លួន ក្នុងន័យទាក់ទាញព្រះទ័យមហាក្សត្រ។
ដោយមិនពេញព្រះទ័យនឹងរឿងនេះ មហាក្សត្រ មហា វជិរាលង្ករណ៍ ក៏ចេញរាជបញ្ជាដកហូតតំណែង ដកសក្តិ និងគ្រឿងឥស្សរិយយសទាំងអស់តែម្ដង។ ស្នំឯកអង្គនេះ ជាឧត្តសេនីយ៍ទោក្នុងជួរអង្គរក្សផ្ទាល់របស់ស្ដេច ហើយមានទំនាក់ទំនងសម្ងាត់នឹងគ្នាអស់ពេលជាយូរមកហើយ។ ការឡើងតំណែងចាស្នំឯកនាពេលកន្លងទៅ ក៏ជារឿងគួរឲ្យភ្ញាក់ផ្អើលផងដែរ ព្រោះជារឿងកម្រដែលស្ដេចថៃមានមហេសីពីរអង្គជាផ្លូវការបែបនេះ។
ក្សត្រថៃបច្ចុប្បន្ន មហា វជិរាលង្ករណ៍ ធ្លាប់មានមហេសីបីអង្គទៅហើយ។ អគ្គមហេសីទីបួន សម្ដេចព្រះរាជិនីនាថ សុធិតា ក៏ធ្លាប់ជាយោធាក្នុងជួរអង្គរក្សស្ដេចដែរ ហើយក៏មានទំនាក់ទំនងស្ងាត់ៗផងដែរ មុននឹងរៀបអភិសេកផ្លូវការកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ៕
Tag:
ថៃ
មហា វជិរាលង្ករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com