ការសិក្សា​៖ អតីត​កីឡាករ​បាល់ទាត់​ដែលមាន​ជំងឺ​វង្វេង ងាយ​ស្លាប់​ជាង​មនុស្ស​ធម្មតា​
កីឡាអន្តរជាតិ
អន្តរជាតិ
ការសិក្សា​៖ អតីត​កីឡាករ​បាល់ទាត់​ដែលមាន​ជំងឺ​វង្វេង ងាយ​ស្លាប់​ជាង​មនុស្ស​ធម្មតា​
22, Oct 2019 , 9:19 pm        
រូបភាព
​ការសិក្សា​ថ្មី​មួយ ដែល​រកឃើញ​ដោយ​សាកលវិទ្យាល័យ Glasgow បង្ហាញថា​អតីត​កីឡាករ​បាល់ទាត់ ដែល​កើត​ជំងឺ​ខួរក្បាល​-​វង្វេង (Neurodegenerative) ងាយ​នឹង​ស្លាប់​ជាង​មនុស្ស​ទូទៅ​ដល់​ទៅ ៣,៥​ដង​។​



​របាយការណ៍​ខាងលើ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ ត្រូវបាន​ប្រគល់​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) និង​សមាគម​កីឡាបាល់ទាត់​អាជីព (PFA) ដើម្បី​វាយតម្លៃ​កំណត់ត្រា​បែប​វេជ្ជសាស្ត្រ​ទៅលើ​បុរស​ដែល​លេង​កីឡាបាល់ទាត់​អាជីព​ចំនួន ៧៦៧៦​រូប នៅក្នុង​ប្រទេស​ស្កុ​តឡែ​ន ចន្លោះ​ឆ្នាំ ១៩០០ ដល់​ឆ្នាំ ១៩៧៦​។​

​ចំនួន​កីឡាករ​ទាំង ៧៦៧៦​នាក់​នេះ បាន​យកទៅ​ផ្គូរ​ផ្គង​ជាមួយ​មនុស្ស​ជាង ២៣០០០​នាក់​ផ្សេងទៀត​ដែលជា​ប្រជាជន​ទូទៅ ដោយ​ការសិក្សា​នេះ​ដឹកនាំ​ដោយ​អ្នកពិគ្រោះ​យោបល់​ផ្នែក​ជំងឺសរសៃប្រសាទ​លោក​វេជ្ជបណ្ឌិត Willie Stewart នៃ​សាកលវិទ្យាល័យ Glasgow ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ស្កុ​តឡែ​ន​។​



​ការរកឃើញ​របស់លោក Stewart បង្ហាញថា​ហានិភ័យ​នៃ​ជំងឺ​ក្នុង​ខួរក្បាល​រហូតដល់​វង្វេង ទៅលើ​អតីត​អ្នកលេង​កីឡាបាល់ទាត់​អាជីព​ប៉ះពាល់ ខ្ពស់ជាង​អ្នក​មិន​លេង​កីឡា​នេះ​ជិត​៤​ដង​។ អ្នកលេង​កីឡាបាល់ទាត់ គឺមាន​ការប៉ះពាល់​ក្បាល​ញឹកញាប់ ដោយសារ​ពួកគេ​យក​ក្បាល​តែ​តបាល់ ឬ​ប៉ះទង្គិច​ក្បាល​គ្នា​ជាមួយ​គូប្រជែង​។​

​យ៉ាងណាក៏ដោយ បើ​ទោះ​កីឡាករ​បាល់ទាត់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការស្លាប់​ដោយសារ​ជំងឺ Neurodegenerative នេះ​ច្រើនក្តី ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​មិន​ស្លាប់​ដោយសារ​ជំងឺ​ទូទៅ​ផ្សេងទៀត​ដូចជា​ជំងឺ​បេះដូង និង​ជំងឺមហារីក​មួយចំនួន រួមទាំង​ជំងឺមហារីក​សួត​នោះទេ​។​

​ការសិក្សា​ដែលមាន​ចំណងជើង​ថា «​ឥទ្ធិពល​របស់​កីឡាបាល់ទាត់​ទៅលើ​សុខភាព និង​ជំងឺ​វង្វេងវង្វាន់​» បាន​រកឃើញ​ទៀតថា​ការស្លាប់​របស់​អតីត​កីឡាករ​បាល់ទាត់​ទាំងអស់នោះ គឺ​ទាប​ជាង​ការរំពឹងទុក​ត្រឹម​អាយុ ៧០​ឆ្នាំ និង​ខ្ពស់ជាង​នេះ​បន្តិចបន្តួច​ប៉ុណ្ណោះ​៕

Tag:
 Neurodegenerative
© រក្សាសិទ្ធិដោយ thmeythmey.com