ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​ការបរទេស​ខ្មែរ​ថា អ្នកស្រី មូរ សុខ​ហួរ ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូល​ទឹកដី​ថៃ
22, Oct 2019 , 4:31 pm        
រូបភាព
រូបពីទំព័រហ្វេប៊ុក Mu Sochua
រូបពីទំព័រហ្វេប៊ុក Mu Sochua
ដោយ: ថ្មីៗ
​ក្រសួងការបរទេស​ក​ម្ពុ​ជា បានទទួល​ព័ត៌មាន​ផ្លូវការ​ពី​ភាគី​ថៃ​ថា នគរបាល​អន្តោប្រវេសន៍​ថៃ មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី មូរ សុខ​ហួរ អតីតអនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ដឹក​ដី​ថៃ​។



​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩​ថា អ្នកស្រី មូរ សុខ​ហួរ បម្រុង​នឹង​ហោះ​ចេញពី​ប្រទេស​ម៉ាឡេស៊ី ចូលមក​ថៃ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​នៅ​ព្រលានយន្តហោះ មុននឹង​ចូលដល់​ទឹកដី​ប្រទេសមួយ យើង ត្រូវ​ឆ្លងកាត់​កន្លែង​អន្តោប្រវេសន៍​។ ពេល​ហ្នឹងហើយ គេ​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ទេ​»​។​

​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​រូប​នេះ មានតែ​ករណី​អ្នកស្រី មូរ សុខ​ហួរ ប៉ុណ្ណោះ ដែល​ភាគី​ថៃ ផ្តល់ព័ត៌មាន​ថា មិន​ឲ្យ​ចូល​ទឹកដី​ថៃ ចំណែក ថ្នាក់ដឹកនាំ​ប្រឆាំង​ដទៃទៀត ពុំទាន់​មាន​ព័ត៌មាននោះទេ។ យ៉ាងណា គេ មិនទាន់​ឃើញ​មានប្រតិកម្ម​ពី​អ្នកស្រី មូរ សុខ​ហួរ នៅឡើយទេ។ កន្លងមក អ្នកស្រី ប្រកាសថា ថ្នាក់ដឹកនាំ​ប្រឆាំង​មួយចំនួន រួមទាំង​អ្នកស្រី​ផងដែរ បានចាប់ផ្តើម​ចូលមក​តំបន់​អាស៊ីហើយ ហើយនឹង​មាន​ជា​បន្តបន្ទាប់​ទៀត មុននឹង​ពួកគេ ឈាន​ជើង​ចូលមក​កម្ពុជាជាមួយលោក សម  រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩​។

សារព័ត៌មាន​មួយ​របស់​ថៃ​ឈ្មោះ MGR Online ទើបនឹង​ចុះផ្សាយ​ថា អាជ្ញាធរ​ថៃ អាច​នឹងមិន​ផ្តល់​ទិដ្ឋាការ​ដល់​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​របស់លោក ប្រសិនបើ ពួកលោក បង្កចលាចល​ក្នុង​ទឹកដី​ថៃ ពីព្រោះ កាលៈទេសៈ​នេះ អាជ្ញាធរ​ថៃ ត្រូវ​រក្សា​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​បំផុត ក្នុងនាម​ជា​ម្ចាស់ផ្ទះ ដែល​ត្រូវ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ ពីថ្ងៃ​ទី​៣១ ខែតុលា ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

​លោក សម រង្ស៊ី  បង្ហើប​ថា លោក និង ពលករ​ខ្មែរ នឹង​ចូលមក​កម្ពុជា​តាម​ព្រំដែន​ថៃ ដោយ​ថ្មើរជើង​។ លោក ពឹងផ្អែក​ខ្លាំង​លើ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដោយ​លោក អះអាងថា នៅ​ថៃ មាន​ពលករ​ខ្មែរ​ប្រមាណ​ជា​២​លាន​នាក់​ឯណោះ ហើយក៏​រំពឹង​ដែរ​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ដទៃទៀត ដូចជា កូរ៉េ និង ម៉ាឡេស៊ី ជាដើម នឹង​មក​ប្រមូលផ្តុំ​គ្នា​នៅ​ប្រទេស​ថៃ​។

​មេដឹកនាំ​ប្រឆាំង​រូបនេះ ធានាថា បើ​លោក ពិតជា​មក​ប្រមូលផ្តុំ​កម្លាំង​ពលករ​ខ្មែរ​នៅ​ថៃ​មែន​នោះ លោក នឹងមិន​ធ្វើ​ឲ្យ​មាន​ចលាចល​ក្នុងប្រទេស​ថៃ​នោះទេ​៕

Tag:
 មូរ សុខ​ហួរ​
  ថៃ​
  កេ​ត សោ​ផាន់​
  សម រង្ស៊ី​
  មាតុភូមិ​និវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com