អន្តរជាតិ
ទប់ស្កាត់​ការលួចចម្លង សាលា​មួយ​នៅ​ឥណ្ឌា​ឲ្យ​បេក្ខជន​ពាក់​សំបក​ឡាំង​លើ​ក្បាល​
23, Oct 2019 , 8:29 am        
រូបភាព
ដោយ: ធីតា
​នៅ​សាកលវិទ្យាល័យ Bhagat Pre-University College ក្នុង​ក្រុង Haveri រដ្ឋ Karnataka របស់​ឥណ្ឌា បេក្ខជន​ប្រឡង​ត្រូវបាន​តម្រូវ​ឲ្យ​ពាក់​សំបក​ឡាំង​នៅលើ​ក្បាល ដោយ​ចោះ​ត្រឹម​មុខ​ប៉ុណ្ណោះ​។ ការធ្វើ​បែបនេះ គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​ការលួចចម្លង​គ្នា​ក្នុងចំណោម​បេក្ខជន​។​



​លោក M.B. Satish ដែល​មន្ត្រីរដ្ឋបាល​ម្នាក់​របស់​សាកលវិទ្យាល័យ បានបញ្ជាក់​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ BBC ថា សាលា​សម្រេច​ឃើញ​មធ្យោបាយ​បែបនេះ ដោយ​យកតាម​មតិយោបល់​របស់​គ្រូបង្រៀន​ម៉ិ​ក​ស៊ិ​ក​ម្នាក់ ដែល​បាន​ណែនាំ​កាលពី​ខែកញ្ញា​កន្លងមក លើ​ការទប់ស្កាត់​ការលួចចម្លង​គ្នា​នាពេល​ប្រឡង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​បញ្ជាក់ថា ការពាក់​សំបក​ឡាំង​នោះ មិនមែនជា​លក្ខខណ្ឌ​តម្រូវ​នោះឡើយ ប៉ុន្តែ​យោងតាម​ការស្ម័គ្រចិត្តរ​បស់​បេក្ខជន​។ «​បេក្ខជន​ខ្លះ ថែមទាំង​យក​ឡាំង​មក​ដោយ​ខ្លួនឯង​។ យើង​មិន​តម្រូវ ឬ​គម្រាម​អ្វី​ឡើយ​។ នៅលើ​រូបថត អ្នក​ក៏​អាច​ឃើញ​អ្នកខ្លះ អត់​ពាក់​ឡាំង​ផងដែរ ហើយ​អ្នក​ខ្លះទៀត​ពាក់​ត្រឹមតែ​ពី​១៥ ទៅ​២០​នាទី​ប៉ុណ្ណោះ​»​។​



​ក្រោយ​រូបថត​ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម អាជ្ញាធរ​តំបន់ បាន​ទាក់ទង​ទៅកាន់​សាកលវិទ្យាល័យ និង​គ្រូ​ផ្ទាល់ ដើម្បី​សុំ​ការបកស្រាយ ខណៈ​តំណាងរាស្ត្រ​ម្នាក់ បាន​ចោទថា សាកលវិទ្យាល័យ​បាន​អនុវត្ត​ទង្វើ​មិនមែនជា​មនុស្ស​សម្រាប់​បេក្ខជន ហើយ​ថ្នាក់ដឹកនាំ​សាលា​គួរតែ​ទទួលរង​ការពិន័យ​ដើម្បី​កុំ​ឲ្យ​ធ្វើបែបនេះ​ទៀត​នា​ថ្ងៃក្រោយ​។​

​ក្រោយ​ការរិះគន់ ភាគី​សាកលវិទ្យាល័យ​បាន​ពន្យល់​ទៅកាន់​អាជ្ញាធរ និង​បាន​សុំទោស​ជា​សាធារណៈ ហើយ​អះអាង​ម្តង​ហើយ ម្តង​ទៀតថា ការពាក់​សំបក​ឡាំង មិនមែនជា​គោលការណ៍​កំណត់​ឡើយ ប៉ុន្តែ​អ្វីៗ​សុទ្ធតែ​កើតចេញពី​ការព្រមព្រៀង​ពី​សំណាក់​បេក្ខជន និង​អាណាព្យាបាល​របស់​ពួកគេ​។ ក្នុងចំណោម​បេក្ខជន​៧២​នាក់ មាន​៥៦​នាក់​បាន​ពាក់​ឡើង​ពេល​ប្រឡង ប៉ុន្តែ​មិនបាន​ពេញ​ម៉ោង​នោះឡើយ​៕


Tag:
 អប់រំ​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com