ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​ទាន់​ភ័យ​! ពេល​កូន​គ្រុនក្ដៅ ចូរ​ធ្វើបែបនេះ​
24, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ឪពុកម្ដាយ​ភាគច្រើន​តែងមាន​ការព្រួយបារម្ភ និង​ស្លន់ស្លោ​ជានិច្ច​នៅពេល​កូនៗ​របស់​ពួកគេ​ជួបប្រទះ​អាកា​រៈ​ក្ដៅខ្លួន​។ ជាធម្មតា​អាកា​រៈ​ក្ដៅខ្លួន​របស់​ក្មេង គឺ​កើតឡើង​នៅពេល​រាងកាយ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ណាមួយ​ដែល​មិនមែនជា​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​កម្ដៅ​របស់​ក្មេង​ឡើង​លើសពី ៣៧.៥ អង្សារ ឪពុកម្ដាយ​ត្រូវ​ប្រញាប់​រក​មធ្យោបាយ​បញ្ចុះ​កម្ដៅ​កូន​ភ្លាម​ដែល​អាច​ជាការ​ជូត​ខ្លួន ឬ​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​កម្ដៅ​ក្នុង​កម្រិត​សមរម្យ​។ ទោះជា​យ៉ាងណា ការប្រើប្រាស់​ថ្នាំពេទ្យ​ច្រើន​អាច​បណ្ដាលឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងនឹង​មេរោគ​បាក់តេរី​របស់​ក្មេង​ចុះខ្សោយ​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​គួរ​ធ្វើយ៉ាងណា​ទៅ​?



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ព្យាបាល​អាកា​រៈ​គ្រុនក្ដៅ​របស់​ក្មេង​ដោយ​មិន​បង្ក​ផលប៉ះពាល់​ណាមួយ​គួរឱ្យ​បារម្ភ ៖

១. ស្អំជើង​ជាមួយ​ទឹក​ត្រជាក់​

​ក្រៅពី​ជ្រលក់​កន្សែង​ស្អាត​មួយ​ក្នុង​ទឹក​ត្រជាក់ រួច​ពូត​ទឹក​ចេញ​ខ្លះ​មុន​ដាក់​ស្អំ​លើ​ថ្ងាស និង​ក្រោម​ក្លៀក​ហើយ​នោះ​ក៏​កុំ​ភ្លេច​ស្អំ​លើ​ជើង​ក្មេង​ផង​ដើម្បី​អាច​បន្ថយកម្ដៅ​បាន​ឆាប់រហ័ស​។ ចូរ​ឧស្សាហ៍​ធ្វើការ​ផ្លាស់ប្ដូរ​កន្សែង​ត្រជាក់​។ ត្រូវ​ប្រាកដ​ផងដែរ​ថា​សីតុណ្ហភាព​ក្នុង​បន្ទប់ គឺ​មិន​ខ្ពស់ ឬ​ទាប​ពេក​។​

២. ទទួលទាន​ទឹក​

​ដើម្បី​កាត់បន្ថយ​កម្ដៅ​បាន​ឆាប់រហ័ស ចូរ​ព្យាយាម​លួង​ក្មេង​ឱ្យទទួល​ទាន​ទឹក​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។ អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា សូម្បីតែ​ពី ១ ទៅ ២ ស្លាបព្រា​កាហ្វេ​ក៏​អាចជួយ​សម្រាល​អាកា​រៈ​ក្ដៅខ្លួន​របស់​ក្មេង​បានដែរ​។​

៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ទឹកខ្មេះ​ផ្លែ​ប៉ោម​កន្លះ​ពែង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​ចំនួន​សមល្មម រួច​ឱ្យ​ក្មេង​ត្រាំ​ក្នុង​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល​មិន​លើសពី ៥ ទៅ ១០ នាទី​ជាការ​ស្រេច​។ អ្នក​អាចអនុវត្ត​រូបមន្ត​នេះ​សារ​ឡើងវិញ ប្រសិនបើ​ក្មេង​នៅតែ​ក្ដៅខ្លួន​។​

៤. ដោះ​សម្លៀកបំពាក់​ចេញ​ខ្លះ​

​ការ​ដោះ​សម្លៀកបំពាក់​ក្មេង​ចេញ​ខ្លះ គឺជា​វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​មួយ​ជួយ​បំបាត់​អាកា​រៈ​ក្ដៅខ្លួន​របស់​ក្មេង​បាន​ឆាប់រហ័ស ជាពិសេស​ប្រសិនបើ​អ្នក​ព្យាយាម​ជូត​ខ្លួន​និង​ជើង​ក្មេង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ដែរ​។​

៥. ខ្ញី​

​តែ​ខ្ញី​ជួយ​បន្ថយកម្ដៅ ការឈឺចាប់ និង​ក្អក​បាន​យ៉ាង​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ខ្ញី​ឱ្យ​កូន​ទទួលទាន​។ ចូរ​លាយ​ខ្ញី​ម៉ដ្ត​កន្លះ​ស្លាបព្រា​កាហ្វេ ជាមួយ​ទឹក​ក្ដៅ​ដាំ​ពុះ ១ ពែង រួច​បន្ថែម​ទឹកឃ្មុំ​បន្តិច​ចូល​ឱ្យមាន​រសជាតិ​ផ្អែម​ស្រួល​លេប​។ ហើយ​ទុកឱ្យ​ក្ដៅ​ឧណ្ហៗ​សិន សឹម​ឱ្យ​ក្មេង​ទទួលទាន​។ ទោះជា​យ៉ាងណា​ដើម្បី​ជាការ​ប្រសើរ​ប្រសិនបើ​កូន​នៅ​វ័យក្មេង​ពេក ចូរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សិន​ដើម្បី​ចៀសវាង​បញ្ហា​ប្រតិកម្ម​។ ត្រូវ​ចាំ​ផងដែរ​ថា​ក្មេង​ក្រោម​វ័យ ១២​ខែ​មិនគួរ​ទទួលទាន​ទឹកឃ្មុំ​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com