អន្តរជាតិ
ប៉េកាំង​រៀបចំ​គម្រោង​ដក​លោកស្រី ការី ឡាំ ផ្គាប់ចិត្ត​ពលរដ្ឋ​ហុងកុង​?
24, Oct 2019 , 7:59 am        
រូបភាព
លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង (AFP)
លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង (AFP)
ដោយ:
​រដ្ឋាភិបាល​ចិន កំពុង​គិតគូរ​ផែនការ​ដកតំណែង​លោកស្រី ការី ឡាំ ជា​មេដឹកនាំ​ហុងកុង ក្រោយ​បាតុករ​ប្រឆាំង​ហិង្សា ឈានដល់​ខែ​ទី​៤​។ ម្យ៉ាងទៀត ប៉េកាំង ក៏​សង្ឃឹមថា ហិង្សា​ក្នុង​ក្រុង​ហុងកុង​នឹង​ថមថយ ខណៈ​ការចាប់ខ្លួន​ក្រុមបាតុករ​កាន់តែ​ច្រើនឡើងៗ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Financial Times នៅ​ថ្ងៃទី​២៣ ខែតុលា ដោយ​ដកស្រង់​សម្តី​មនុស្ស​ដឹងលឺ​ពី​គម្រោង​នេះ​។



​ប្រភព​នេះ បញ្ជាក់​ឲ្យ​ដឹងថា ប្រសិនបើ​ប្រធានាធិបតី ស៊ី ជិន​ភីង សម្រេចចិត្ត​ដំណើរការ​គម្រោង​នេះ អ្នក​ជំនួស​លោកស្រី ការី ឡាំ នឹងត្រូវ​ជ្រើសតាំងឡើង​នា​ខែមីនា ឆ្នាំ​២០២០​ខាងមុខ និង​គ្រប់គ្រង​បន្តពេល​សេសសល់​នៃ​អាណត្តិ​លោកស្រី ដែល​នឹង​បញ្ចប់​នា​ឆ្នាំ​២០២២​។

​តាម Financial Times បេក្ខជន​ឈានមុខ​ក្នុង​ការបន្ត​តំណែង​កំពូល​នៅ​ក្រុង​ហុងកុង​នេះ គឺមាន​ដូចជា លោក Norman Chan អតីត​ប្រធាន​អាជ្ញាធរ​ទទួលបន្ទុក​ផ្នែក​រូបិយវត្ថុ​ហុងកុង និង​លោក Henry Tang ដែល​ធ្លាប់​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។

​ចលនា​បាតុកម្ម​នៅ​ហុងកុង ដែល​ឈានដល់​ខែ​ទី​៤​ហើយ​នោះ ត្រូវបាន​មើលឃើញថា​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​សម្រាប់​បក្ស​កុម្ម​នុយ​នី​ស្ត​លើ​ទឹកដី​ចិន​ក្នុងពេល​៣​ទស្សវត្សរ៍​ចុងក្រោយ​។ ក្រុមបាតុករ​ទាំងនោះ អះអាងថា ពួកគេ​នឹងមិន​បញ្ឈប់​សកម្មភាព​តវ៉ា​នោះទេ ពោលគឺ​រហូតដល់​តំណាងរាស្ត្រ​និង​ប្រធាន​ប្រតិបត្តិ​របស់​ហុងកុង ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​។

​បើតាម​ប្រភព​ដដែល ក្រុមមន្ត្រី​ចិន​ចង់​សម្រួល​ស្ថានការណ៍​ហុងកុង​បច្ចុប្បន្ន​ដែល​កំពុង​តានតឹង​ខ្លាំង មុនពេល​បង្កើត​ការសម្រេចចិត្ត​ចុងក្រោយ​មួយ​គឺ​ការធ្វើកំណែទម្រង់​លើ​របៀប​ជ្រើសរើស​ថ្នាក់ដឹកនាំ​នៅ​ហុងកុង​។ ពួកគេ ក៏​សង្ឃឹម​ដែរ​ថា ហិង្សា​ក្នុង​ក្រុង​ហុងកុង​នឹង​ថមថយ ខណៈ​ការចាប់ខ្លួន​ក្រុមបាតុករ​កាន់តែ​ច្រើនឡើងៗ​។​

​គួររម្លឹកថា កាលពី​ខែ កក្កដា កាសែត Financial Times បាន​ចុះផ្សាយ​ថា លោកស្រី ឡាំ ធ្លាប់​មានបំណង​លាលែង​ពី​តំណែង ក៏ប៉ុន្តែ​ក្រុង​ប៉េកាំង បង្ខំ​ឲ្យ​លោកស្រី​ដឹកនាំ​បន្ត​។ ក្រោយមក រដ្ឋាភិបាល​ចិន និង​ហុងកុង បាន​បដិសេធ​របាយការណ៍​នេះ​។ ដោយឡែក ក្នុង​អាត់​សំឡេង​បែកធ្លាយ​មួយ ដែល​បញ្ចេញ​ដោយ​ទីភ្នាក់ងារ Reuters លោកស្រី ឡាំ និយាយថា​៖«​សម្រាប់​នាយក​ប្រតិបត្តិ​ម្នាក់​ដែល​បាន​បង្កឱ្យមាន​ការបំផ្លិច​បំផ្លាញ​ដ៏​ធំធេង​បែបនេះ​សម្រាប់​ហុងកុង គឺ​មិនអាច​លើកលែង​បានទេ​»​។ លោកស្រី បន្តថា ៖«​ប្រសិនបើ​ខ្ញុំ​មាន​ជម្រើស​មួយ​នោះ រឿង​ទីមួយ គឺ ចុះ​ចេញពី​តំណែង ហើយ​ចេញមុខ​សុំទោស​»៕

Tag:
 ចិន​
  ហុងកុង​
  ការី​ឡាំ​
© រក្សាសិទ្ធិដោយ thmeythmey.com