ប៉ូលិស​អង់គ្លេស​រកឃើញ​សព​មនុស្ស​៣៩​នាក់​ក្នុង​ទូ​កុងតឺន័រ​មួយ​
អន្តរជាតិ
ប៉ូលិស​អង់គ្លេស​រកឃើញ​សព​មនុស្ស​៣៩​នាក់​ក្នុង​ទូ​កុងតឺន័រ​មួយ​
23, Oct 2019 , 10:59 pm        
រូបភាព
ប្រភពរូប៖ SKYNEWS
ប្រភពរូប៖ SKYNEWS
​សាកសព​មនុស្ស​៣៩​នាក់ ត្រូវបាន​ប្រទះឃើញ​ក្នុង​ទូ​កុងតឺន័រ​មួយ ដែល​ទុកចោល​នៅ​អគារ​ឧស្សាហកម្ម​មួយកន្លែង​ក្នុង​ភាគ​ខាងកើត​នៃ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។



​ប៉ូលិស​ប្រចាំ​ក្រុង Essex   បានបញ្ជាក់​ឲ្យ​ដឹងថា រថយន្ត​កុងតឺន័រ​មួយ ដែល​គេ​ជឿថា បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​ប៊ុលហ្គារី ហើយ​ចូលទៅ​កាន់​ចក្រភព​អង់គ្លេស តាមរយៈ​ក្រុង Holyhead ក្នុងប្រទេស Wales  កាលពី​ថ្ង​សៅរ៍ ទី​១៩ តុលា កន្លងទៅ​។ ប៉ូលិស អះអាង​ទៀតថា បុរស​វ័យ​២៥​ឆ្នាំ​មកពី​អៀរ​ឡង់​ខាងជើង ត្រូវបាន​ឃាត់ខ្លួន​ក្រោម​ការសង្ស័យថា​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​។​

​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្នងការ​ប៉ូលិស​ប្រចាំ​ក្រុង Essex លោក Andrew Mariner និយាយថា នេះ​ជា គឺ​ឧប្បត្តិហេតុ​ដ៏​ខ្លោចផ្សា​មួយ​ដែល​មនុស្ស​មួយចំនួន​បាន​បាត់បង់​ជីវិត​។ ហើយ​ការសាកសួរ​របស់​ប៉ូលិស​កំពុង​បន្ត​ដើម្បី​ស្វែងរក​ការពិត​នៃ​ហេតុការណ៍​ដែល​បាន​កើតឡើង​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ទោះយ៉ាងណា​យើង​កំពុងស្ថិត​នៅក្នុង​ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ហើយ​ខ្ញុំ​រំពឹងថា នេះ​អាចជា​ដំណើរការ​ដ៏​វែង​មួយ​»​។​

​បើតាម​ការអះអាង​រប​ស់​ប៉ូលិស ក្រុម​សង្គ្រោះ​អាសន្ន​របស់​អង់គ្លេស បាន​រកឃើញ កុងតឺន័រ​នៅ​ឧទ្យាន Waterglade Industrial Park ក្នុង​ទីក្រុង​ហ្គ្រេ​ស​ដែលមាន​ទីតាំងនៅ River Thames ចម្ងាយ​ប្រហែល ៣២ គីឡូម៉ែត្រ​ពី​កណ្តាល​ទីក្រុង​ឡុង​ដ៍ ហើយ​បាន​ជូនដំណឹង​ដល់​ប៉ូលីស​នៅ​ម៉ោង​ប្រហែល ១ និង​៤០ នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​។ ទាំង​៣៩​នាក់​ដែលជា​ជនរងគ្រោះ ក្នុងនោះ​មាន​មនុស្ស​វ័យ​ជំទង់​ម្នាក់ និង​មនុស្ស​ធំ​៣៨​នាក់ ត្រូវបាន​ប្រកាសថា​ស្លាប់​ទាំងអស់​នៅ​កន្លែងកើតហេតុ​៕

Tag:
 ចក្រភព​អង់គ្លេស​
  ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com