ទឹកចិត្ត​ឪពុក ម៉ាត់ លី​៖«​ទោះ​មិនចេះ​អក្សរ តែ​ខ្ញុំ​ប្តេជ្ញាចិត្ត​រកប្រាក់​ឲ្យ​កូន​បាន​រៀន​បរិញ្ញាបត្រ​ដូច​គេ​»
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ទឹកចិត្ត​ឪពុក ម៉ាត់ លី​៖«​ទោះ​មិនចេះ​អក្សរ តែ​ខ្ញុំ​ប្តេជ្ញាចិត្ត​រកប្រាក់​ឲ្យ​កូន​បាន​រៀន​បរិញ្ញាបត្រ​ដូច​គេ​»
23, Oct 2019 , 9:37 pm        
រូបភាព
កំពត​៖«​សម្រាប់​ខ្ញុំ​តម្លៃ​នៃ​ការសិក្សា ពិត​សំខាន់ គឺ​បានផ្តល់​ចំណេះដឹង​អាច​ប្រកបការងារ មុខរបរ​រកស៊ី​បាន ហើយ​ថ្លៃថ្នូ​ណាស់​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក ម៉ាត់ លី ប្រជា​នេសាទ​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត ដែល​ឲ្យ​តម្លៃ​លើ​ការសិក្សា​យ៉ាង​ដូច្នេះ មុននឹង​បុរស​ខ្មែរ​អ៊ិ​ស្លាម វ័យ​អាយុ​៤៧​ឆ្នាំ រូបនេះ បញ្ជាក់ថា​៖«​ខ្លួន​ខ្ញុំ និង​បងប្អូន អត់​ចេះអក្សរ​ខ្មែរ​ទេ មូលហេតុ​គឺ​អត់លុយ​រៀន​ហើយ​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ​។ ប៉ុន្តែ ឥឡូវ​ខ្ញុំ​សប្បាយចិត្ត ទោះ​មិនចេះ​អក្សរ តែ​ខ្ញុំ​ប្តេជ្ញាចិត្ត​ខំប្រឹង​រក​ចំណូល​ដោយ​លៃ​យ៉ាងណា​ឲ្យ​កូន​បាន​រៀនសូត្រ​ដូច​គេ​ដូច​ឯង ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ​ទាំងពីរ​នាក់​»​។​


​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​លោក ជាវ សំណាង និង​លោក ម៉ាត់ លី ប្រជា​នេសាទ​នៅ​សហគមន៍​ត្រពាំង​សង្កែ ខេត្តកំពត ដែល​ខំប្រឹង​រកប្រាក់​ឲ្យ​កូន​បាន​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ដូចតទៅ​៖



​បច្ចុប្បន្ន កូនស្រី​ច្បង​របស់លោក ម៉ាត់ លី ត្រៀម​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ នៃ​មហាវិទ្យាល័យ​មួយ នៅ​ខេត្តកំពត នៅ​ចុងឆ្នាំ​២០១៩​នេះ និង​កូន​ទី​ពីរ​របស់លោក កំពុង​បន្ត​ការសិក្សា​នៅ​ថ្នាក់​ទី​១១ ។ ជា​អ្នក​រស់នៅក្នុង​ដែន​សហគមន៍​ត្រពាំង​សង្កែ លោក ម៉ាត់ លី និង​ភរិយា បាន​ប្រក​បរបរ​នេសាទ និង​បើកទូក​ទេសចរណ៍​ជូន​ភ្ញៀវ​ទៅ​កម្សាន្ត នៅ​ព្រៃកោងកាង​នៃ​សហគមន៍​ត្រពាំង​សង្កែ ដែល​ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត​។ ព្រៃកោងកាង​នៃ​សហគមន៍​ត្រពាំង​សង្កែ​បានរួម​ចំណែក​យ៉ាងសំខាន់ សម្រាប់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទីនោះ រួមទាំង​គ្រួសារ​របស់លោក ម៉ាត់ លី ផងដែរ​។

​ប្រជា​នេសាទ​វ័យ​៤៧​ឆ្នាំ ម៉ាត់ លី បាន​រៀបរាប់​ឲ្យ​ដឹងថា មិនមែន​ដើម​កោង​កាង​ហុច​ផល​ដោយផ្ទាល់​ឲ្យ​លោក​ទេ ប៉ុន្តែ ជីវៈចម្រុះ ដូចជា ត្រី ក្តាម​ជាដើម ដែល​រស់នៅ​ក្រោម​ជម្រក​នៃ​ដើម​កោង​កាង ហើយ​អាច​នេសាទ​យកទៅ​លក់បាន​។ ទំនេរ​ពី​ការនេសាទ​លោក លី ក៏​ឆ្លៀត​បើកទូក​ជូន​ភ្ញៀវទេសច​ទៅ​កម្សាន្ត​តាម​ព្រែក​សមុទ្រ​នៃ​ដែន​សហគមន៍​ត្រពាំង​សង្កែ ដើម្បី​បាន​ចំណូល​បន្ថែម​ផងដែរ​។​

​ចំណូល​ដែល​ទទួលបាន​ក្នុង​មួយថ្ងៃ​ចន្លោះ​ពី ២​ទៅ​៤​ម៉ឺន​រៀល នេះ លោក លី បែង​ចែកជា​ពីរ​ចំណែក ដោយ​ពាក់កណ្តាល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ពាក់កណ្តាល​ទៀត​សន្សំទុក​ផ្គត់ផ្គង់​ការសិក្សារ​របស់​កូនៗ​។ បើទោះជា​លោក លី នឿយហត់ ចុក​រោយ​ឆ្អឹងឆ្អែង ញើស​ហូរ​ជោក​ខ្លួន​ពេល​ចុះទៅ​នេសាទ​ម្តងៗ តែ​ពេល​ស្រមៃ​ឃើញ​កូន​កំពុងត​សិ​ស្សា ហាក់​បាត់អស់​នូវ​ភាព​នឿយហត់ និង​បានផ្តល់​ក្តីសង្ឃឹម​ឲ្យ​លោក លី ខំ​បន្តទៀត​ដើម្បី​អនាគត​កូនៗ​របស់លោក​៕

© រក្សាសិទ្ធិដោយ thmeythmey.com