ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀប​ងាយៗ ប្រើប្រាស់ “​តែ​បៃតង​” កម្ចាត់​មុន​ឆាប់រហ័ស​
24, Oct 2019 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី និង​ការពារ​កោសិកា​ស្បែក​។ តែ​បៃតង​ក៏​ជួយ​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ និង​ទប់ស្កាត់​រោគសញ្ញា​នៃ​ភាព​ចាស់​តាម​វ័យ​ផងដែរ​។ អ្វីដែល​សំខាន់​ទៀត​នោះ គឺ​តែ​បៃតង​ជា​ប្រភព​នៃ​សារធាតុ catechins ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​កម្ចាត់​បាក់តេរី​ល្អ​សម្រាប់​ព្យាបាល​មុន​។



​ហើយ​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ងាយៗ​ក្នុងការ​ប្រើប្រាស់​តែ​បៃតង​ព្យាបាល​មុន ៖

១. ទទួលទាន​តែ​បៃតង​

​អ្នក​អាច​ទទួលទាន​តែ​បៃតង​យ៉ាងហោចណាស់​ពី ៤ ទៅ ៥ ពែង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​តែ​បៃតង​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​។ តែ​បៃតង​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ polyphenols សារធាតុ epigallocatechin-3-gallate ដែល​ជួយ​រារាំង​អ័រម៉ូន testosterone ពី​ការ​បំ​លែង​ទៅជា DHT ទប់ស្កាត់​បញ្ហា​មុន​អ័រម៉ូន​។​

២. កម្ចាត់​មុន​ដោយ​លាង​សម្អាត​មុខជា​មួយ​តែ​បៃតង​

​អ្វីដែល​អ្នកត្រូវការ​៖
ហ្វូ​ម​លាង​សម្អាត​មុខ​, តែ​បៃតង​, ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​, ដប​មាន​ក្បាល​បាញ់ ឬ​ដប​ស្ព្រៃ​យ៍ និង​កន្សែង​ស្អាត​។​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ឆុងតែ​បៃតង ១ ពែង រួច​ទុកឱ្យ​ចុះ​ត្រជាក់​បន្តិច​។ បន្ទាប់​មកចាក់​តែ​បៃតង​ចូលក្នុង​ដប​ស្ព្រៃ​យ៍​។ លាង​សម្អាត​មុខជា​មួយ​ហ្វូ​ម​លាងមុខ រួច​ផ្ដិត​ថ្នមៗ​ដល់​ស្ងួត សឹម​បាញ់​ទឹកតែ​បៃតង​លើ​មុខ ហើយ​ទុកឱ្យ​ស្ងួត​។ លាង​សម្អាត​មុខជា​មួយ​ទឹក​ត្រជាក់ ហើយ​ជូត​សម្អាត​មុខ និង​លាប​ផលិតផល​ផ្ដល់​សំណើម​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់ ២ ដង​ជាប្រចាំ​។​

៣. តែ​បៃតង​និង​ទឹកឃ្មុំ​

​អ្វីដែល​អ្នកត្រូវការ ៖ ទឹកឃ្មុំ​សុទ្ធ ១ ស្លាបព្រា​បាយ​, តែ​បៃតង ១ កញ្ចប់​តូច​, ទឹក​ក្ដៅ និង​ហ្វូ​ម​លាង​សម្អាត​មុខ​។​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ឆុងតែ​ក្នុង​ទឹក​ក្ដៅ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ៣ នាទី​។ យក​កញ្ចប់​តែ​ចេញ​និង​ទុកឱ្យ​ចុះ​ត្រជាក់​។ កាត់​កញ្ចប់​តែ ដើម្បី​ស្រង់​យក​ស្លឹក​តែ​ចេញ​។ លាយ​ស្លឹក​តែ​ជាមួយ​ទឹកឃ្មុំ​។ លាង​សម្អាត​មុខជា​មួយ​ហ្វូ​ម រួច​ជូត​ផ្ដិត​ថ្នមៗ​ដល់​ស្ងួត​។ លាប​ស្លឹក​តែ​បៃតង​ទឹកឃ្មុំ​លើ​មុខ រួច​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com