អន្តរជាតិ
អាមេរិក​លុបចោល​ការ​ដាក់ទណ្ឌកម្ម​លើ​តួ​ក​គី បន្ទាប់ពី​មាន​កិច្ច​ឈប់​បាញ់​គ្នា​ក្នុងការ​វាយលុក​លើ​ពួក kurd
24, Oct 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​លោក​ប្រធានាធិបតី Donald Trump បាន​និយាយថា កិច្ច​ឈប់​បាញ់​គ្នា​ដែល​សហរដ្ឋអាមេរិក​បាន​សម្របសម្រួល​នៅក្នុង​ការវាយលុក​រប​ស់​កងកម្លាំង​តួ​ក​គី​លើ​ពួក​ជន​អំបូរ Kurde ក្នុង​ប៉ែក​ឦសាន​នៃ​ប្រទេស​ស៊ី​រី មាន​ភាពជា​អចិន្ត្រៃយ៍​ហើយ ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​លុបចោល​ការដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ផងដែរ​។​

 
​លោក Trump បាន​និយាយថា «​កាលពី​ព្រឹក​មិញ​នេះ​ប្រទេស​តួ​ក​គី​បាន​ប្រាប់​រដ្ឋបាល​ខ្ញុំ​ថា ពួកគេ​បាន​បញ្ឈប់​ការប្រយុទ្ធ​និង​ការវាយលុក​របស់​ពួកគេ​នៅក្នុង​ប្រទេស​ស៊ី​រី ហើយ​កំពុងធ្វើការ​ឈប់​បាញ់​គ្នា​នេះ​ឱ្យមាន​ភាព​អចិន្ត្រៃយ៍ ហើយ​កិច្ច​ឈប់​បាញ់​គ្នា​នឹងមាន​ជាប់លាប់​ជា​អចិន្ត្រៃយ៍​»​។​
 
​ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​លោក Trump បាន​និយាយ​បន្ថែមថា «​ពាក្យ​អចិន្ត្រៃយ៍​នៅក្នុង​ផ្នែក​នោះ​នៃ​ពិភពលោក​ជាការ​នាំឱ្យ​សង្ស័យ​»​។​
 
​ការដាក់ទណ្ឌកម្ម​ត្រូវដាក់​កំហិត​លើ​ប្រទេស​តួ​ក​គី ដោយសារ​ការវាយលុក​យោធា​របស់ខ្លួន​ប្រឆាំងនឹង​ពួក kurd ស៊ី​រី​នៅក្នុង​តំបន់​នោះ​កំពុង​ត្រូវ​លុបចោល «​លើកលែង​តែមាន​អ្វី​កើតមានឡើង​ដែល​យើង​មិន​សប្បាយចិត្ត​ជាមួយ​» នេះ​បើតាម​ពាក្យសម្តី​ផ្ទាល់​របស់លោក Trump​។​
 
​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ហៅ​កាត់​ថា SDF បាន​ប្រយុទ្ធ​ស្មា​ទល់​ស្មា​ជាមួយ​កងកម្លាំង​អាមេរិក​ប្រឆាំងនឹង​ពួក​ភេរវជន​រដ្ឋ​ឥស្លាម​។ ក៏ប៉ុន្តែ​ប្រទេស​តួ​ក​គី​ចាត់ទុក​ពួក SDF ថា មាន​ចំណងទាក់ទង​ជាមួយ​ពួក Kurd ទាមទារ​បំបែក​រដ្ឋ​ដែល​បាន​ប្រយុទ្ធ​យូរយា​មកហើយ​ដើម្បី​ស្វ័យភាព​នៅ​ខាងក្នុង​ប្រទេស​តួ​ក​គី ហើយ​ហៅ​ពួក Kurd ទាំងនេះ​ថា​ជា «​ភេរវជន​»​។​
 
​លោក Mustafa Bali អ្នកនាំពាក្យ​របស់​ពួក SDF បាន​អរគុណ​លោក Trump តាម Twitter ចំពោះ «​កិច្ចខិតខំ​ប្រឹងប្រែង​គ្មាន​ហត់នឿយ​របស់លោក​ដែល​បាន​បញ្ឈប់​ការវាយប្រហារ​ដ៍​ឃោរឃៅ​ដោយ​កងកម្លាំង​តួ​ក​គី​» ហើយ​បាន​និយាយ​ដែរ​ថា លោក​ប្រធានាធិបតី​អាមេរិក «​បាន​សន្យាថា នឹង​ថែរក្សា​ភាព​ដៃគូ​ជាមួយ​កងកម្លាំង SDF ផងដែរ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com