ជាតិ
លោក Bernard Forey ប្រធានស្ថាបនិកទឹករ៉ែធម្មជាតិអូគូលែន ទទួលមរណភាពក្នុងអាយុ៩១ឆ្នាំ 
×![]()
ដោយបានមករស់នៅក្នុងទ្វីបអាស៊ីអស់រយៈពេលជាង៤០ឆ្នាំមកហើយ លោក Bernard Forey ជាអ្នកជំនួញម្នាក់ និងជាប្រធានស្ថាបនិកក្រុមហ៊ុន Kulara Water Co., Ltd (ទឹករ៉ែធម្មជាតិ អូគូលែន) បានទទួលមរណភាពនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅ ក្នុងជន្មាយុ៩១ឆ្នាំ។
លោកបានទទួលជោគជ័យជាច្រើនក្នុងមុខរបររកស៊ីទាំងអស់របស់លោកក្នុងពិភពលោក ជាអាទិ៍ មាន អូគូលែន ដែលជាទឹករ៉ែធម្មជាតិដំបូងគេនៅកម្ពុជា។
កាលពី១០ឆ្នាំមុន អ្នកជំនួញ Bernard Forey បានចាប់ផ្ដើមប្រឡូកក្នុងមុខជំនួញថ្មីមួយនៅកម្ពុជា ក្នុងតំបន់ភ្នំគូលែន នោះគឺការចាប់ផ្ដើមផលិតទឹករ៉ែធម្មជាតិដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតាំងចិត្តរបស់លោកថាត្រូវដើរឈានមុខគេ គំនិតជាអ្នករកស៊ី ព្រមទាំងការប្ដេជ្ញាចិត្តត្រូវធ្វើឱ្យមានគុណភាព និងប្រកបដោយនវានុវត្តភាព បានរុញឱ្យទឹករ៉ែធម្មជាតិ អូគូលែន របស់លោក ក្លាយជាម៉ាកទឹកមួយក្នុងចំណោមម៉ាកទឹករ៉ែធំៗដែលចរាចរនៅលើទីផ្សារ។
លោក Jacques Marcille ដែលជាអគ្គនាយកក្រុមហ៊ុន Kulara Water និងជាដៃគូ ក៏ដូចជាមិត្តភក្ដិធុរជនរូបនេះជាង៣០ឆ្នាំមកហើយនោះ បានមានប្រសាសន៍ថា៖ លោក Bernard Forey គឺជាមនុស្សពិសេសម្នាក់ ជាមនុស្សគោរពពាក្យសំដី លោកចេះផ្ទេរទឹកចិត្តរកស៊ី និងចេតនាចង់ទទួលបានជោគជ័យ ដោយផ្ដល់ទំនុកចិត្តដល់សហការីរបស់លោក និងផ្ដល់ឱកាសឱ្យសហការីវិវត្ត និងរីកចម្រើនទៅមុខ។
ផ្ដើមចេញពីបទពិសោធន៍ដំបូងរស់លោកនៅបរទេសក្នុងតំបន់ សាហារ៉ា ប្រទេសអាល់ហ្សេរី រហូតដល់ប្រទេសកម្ពុជា លោក Bernard Forey បានធ្វើជំនួញក្នុងប្រមាណជាជាង១០ប្រទេស ក្នុងនោះមានប្រទេស ម៉ូរីតានី អ៊ីរ៉ង់ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី វៀតណាម និងកម្ពុជា។ សៀវភៅជីវប្រវត្តិរបស់លោក ក្រោមចំណងជើងថា "ដំណើរផ្សងព្រេងក្នុងក្ដីស្រម័យរបស់ខ្ញុំ ពីវាលសាហារ៉ា ដល់ប្រទេស សាន (ភូមា)" មានរៀបរាប់ពីដំណើរជីវិតរបស់លោក ដែលកាលពីអាយុ២០ឆ្នាំ បានជួបស្គាល់ដោយចៃដន្យអាកាសយានិកនិងអ្នកនិពន្ធដ៏ល្បីមួយរូប គឺលោក Joseph Kessel។ នោះគឺជាជំនួបពិសេសមួយ ដូចដែលលោកបានជួបអ្នកពិសេសៗផ្សេងទៀតជាច្រើន នៅក្នុងខ្សែជីវិតរបស់លោក ដែលធ្វើឱ្យលោកចងចាំថា "យើងត្រូវមានចេតនាប្ដូរផ្ដាច់ដាច់ខាត និងភាពអំណត់ក្រៃលែងដើម្បីទទួលបានជោគជ័យ"។ កាលមានអាយុ២០ឆ្នាំ លោក Bernard Forey ក៏បានធ្វើការប្ដេជ្ញាមួយដ៏ធំ នោះគឺលោកយកជីវិតរបស់លោកទៅផ្សងព្រេង បង្កើតថ្មី ធ្វើរបកគំហើញ និងជួយអ្នកដទៃ។

ដោយមានតម្លៃល្អឯក ប្រកបដោយឧត្ដមភាព ការចែករំលែក និងសាមគ្គីភាពពិតប្រាកដ
បទពិសោធន៍របស់លោក Bernard Forey នៅជុំវិញពិភពលោក គឺប្រាដកជាក្លាយជាគម្រូជោគជ័យមួយនៃក្រុមហ៊ុនទាំងឡាយដែលលោកបានបង្កើតឡើង។ នៅកម្ពុជា យុទ្ធសាស្ត្រក្រុមហ៊ុនដែលផ្ដោតលើតម្លៃល្អឯក ប្រកបដោយឧត្ដមភាព ថែមទាំងមានការចែករំលែក និងសាមគ្គីភាព ពិតជាហេតុផលដែលពន្យល់ពីភាពជោគជ័យនៃ ទឹករ៉ែធម្មជាតិ អូគូលែន ដែលបង្ហាញឱ្យឃើញថា មានលក្ខណៈឧស្សាហកម្ម ពាណិជ្ជកម្ម និងមនុស្សផងដែរ។ កាលពីប៉ុន្មានឆ្នាំ មុនមកដល់កម្ពុជា គឺនៅប្រទេសវៀតណាម ទឹករ៉ែធម្មជាតិរបស់លោកឈ្មោះ "La Vie” ដែលទិញដោយក្រុមហ៊ុន Nestlé Waters បានក្លាយជាទឹកលក់ដាច់លេខ១។ នៅប្រទេសភូមា ចក្ខុវិស័យរបស់លោកបាននាំទៅបង្កើតបាននូវផលិតផលម៉ាក "Éva", "MyCare" និង "MyBaby" ជាផលិតផលបីមុខដែលទទួលបានភាពល្បីល្បាញយ៉ាងលឿននៅលើទីផ្សារ ហើយដែលគេស្គាល់ថា ជាផលិតផលអនាម័យស្ត្រី និងខោទឹកនោមកុមារ។
លោក Bernard Forey ដែលបានទទួលមេដាយជាតិកិត្តិយសថ្នាក់អស្សរិទ្ធ ពីលោកប្រធានាធិបតី Valéry Giscard d’Estaing កាលពីឆ្នាំ១៩៧៧ ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានចាប់ផ្ដើមគិតគូពីការអភិវឌ្ឍប្រកបដោយចីរភាព និងពីក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គម។ ជាការពិត ធុរជនរូបនេះបានបញ្ចូលយ៉ាងឆាប់រហ័សនូវសសរស្ដម្ភគ្រឹះទាំងបី(សេដ្ឋកិច្ច សង្គម និងបរិស្ថាន) នៃការអភិវឌ្ឍប្រកបដោយចីរភាព ទៅក្នុងគម្រូនៃការអភិវឌ្ឍក្រុមហ៊ុនរបស់លោក។ រង្វាន់លេខ១ក្នុងនាមជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម ដែលត្រូវបានប្រគល់ជូនក្រុមហ៊ុន Kulara Water កាលពីខែមិថុនា ឆ្នាំ២០១៩ ដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា គឺជាការទទួលស្គាល់តម្លៃនៃការប្ដេជ្ញាទាំងឡាយរបស់លោក Bernard Forey នៅកម្ពុជា។ ពេញមួយជីវិតរបស់លោក អ្នកជំនួញរូបនេះបានបង្ហាញឱ្យឃើញ តាមរយៈភាពជោគជ័យដែលលោកទទួលបាន និងមុនជោគជ័យនៃទឹករ៉ែធម្មជាតិ អូគូលែន ទៅទៀត ថា គុណវុឌ្ឍិក្រុមហ៊ុនអាចដើរទន្ទឹមគា្ននឹងសមធម៌ ដើម្បីជាប្រយោជន៍របស់មនុស្សភាគច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com