ជាតិ
សង្គមជាតិ
មន្ត្រី៖ បុរសដែលស្លាប់ក្រោយអាជ្ញាធររុះរើផ្ទះ គឺដោយសារខ្យល់គហើយលង់ទឹក មិនមែនធ្វើអត្តឃាតទេ សាកសព ជនរងគ្រោះ លោក ឡិង រិន (រូបភាពពីលោក ឃៀង ភារម្យ)
× បុរសម្នាក់ដែលស្លាប់ក្រោយអាជ្ញាធរចុះរុះរើផ្ទះ ត្រូវបានកម្លាំងជំនាញធ្វើកោសល្យវិច្ច័យថា ស្លាប់ដោយសារលង់ទឹក ដែលបណ្ដាលមកពីខ្យល់គ ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ ផ្សព្វផ្សាយថា បុរសរូបនេះ ធ្វើអត្តឃាត ដោយសារឈឺចិត្តនឹងអាជ្ញាធររុះរើផ្ទះសម្បែងរបស់ខ្លួន។
អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានអះអាងថា ជនរងគ្រោះបានលង់ទឹកស្លាប់ មិនមែនធ្វើអត្តឃាតឡើយ។ លោកបញ្ជាក់ថា៖«បុរសដែលស្លាប់គឺខ្យល់គហើយធ្លាក់ទឹកបណ្ដាលឲ្យលង់ស្លាប់ ហើយផ្ទះដែលអាជ្ញាធរចុះរុះរើ គឺសំណង់អនាធិបតេយ្យ»។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា ប្រពន្ធរបស់ជនរងគ្រោះ គឺអ្នកស្រី សុខ ធី អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម និយាយថា មុនពេលកើតហេតុ នៅម៉ោង១ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះមិនស្រួលខ្លួន ឲ្យជួយកោសខ្យល់។ បន្ទាប់មក ជនរងគ្រោះបានទៅដោះរនងដាក់ត្រី និងជួសជុលម៉ាស៊ីនទូករហូតម៉ោង៣ទៀបភ្លឺ ហើយម៉ោងប្រមាណ៤ទៀបភ្លឺ ក៏ទៅមើលសន្ទូចដាក់ត្រី លុះវេលាម៉ោងប្រមាណ៤និង៣០នាទី ទើបប្រទះឃើញលង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ ឡឹង រិន អាយុ៣៤ឆ្នាំ បានលង់ទឹកស្លាប់នៅម៉ោងប្រមាណ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែតុលា។ ជនរងគ្រោះរូបនេះ រស់នៅភូមិស្មាច់ដែន ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕
© រក្សាសិទ្ធិដោយ thmeythmey.com