ជាតិ
ជួញដូរ​មនុស្ស​៖ សម្ដេច ស ខេង ថា មូលហេតុ​អាមេរិក​ឱ្យ​កម្ពុជា​ជាប់​ថ្នាក់​លេខ​២ ដោយសារ​ផ្ទៃក្នុង​ធ្វើ​ការមិនយល់​គ្នា​
24, Oct 2019 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងមហាផ្ទៃ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ(២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៤ តុលា
រូបពីហ្វេសប៊ុកក្រសួងមហាផ្ទៃ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ(២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៤ តុលា
​ភ្នំពេញ​៖ អាមេរិក បាន​ដាក់ឱ្យ​កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ នៃ​របាយការណ៍​វាយតម្លៃ​ពី​ការជួញដូរ​មនុស្ស​ជាស​កល​។ ចំណាត់ថ្នាក់​ទី​២​នេះ បង្ហាញថា កម្ពុជា​ស្ថិតនៅក្នុង​រូបភាព​អាក្រក់ នៃ​ការជួញដូរ​មនុស្ស​។ បើតាម​សម្ដេច ស ខេង មូល​ហេតុដែល​កម្ពុជា​ស្ថិតនៅ​ចំណាត់​មិនល្អ​នេះ ដោយសារ​បញ្ហា​មន្ត្រី​អនុវត្ត​ការងារ មិន​យល់ចិត្ត​គ្នា​។​



​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​និយាយថា ការអនុវត្ត​ការងារ ដោយ​មិន​យល់ចិត្ត​គ្នា​នេះ ទើប​ធ្វើឱ្យ​កម្ពុជា ស្ថិតនៅក្នុង​ការឃ្លាំមើល និង​តាមដាន​ពី​សំណាក់​អាមេរិក និង​ដៃគូ​ពាក់ព័ន្ធ ជុំ​បញ្ហា​ជួញដូរ​មនុស្ស​នេះ​។ មូល​ហេតុដែល​សម្ដេច ស ខេង អះអាង​បែបនេះ ដោយសារ​សម្ដេច បានទទួល​ព័ត៌មាន​ថា មន្ត្រី​កម្ពុជា មិនសូវ​បញ្ជូន​របាយការណ៍​ការ​ងារ ទៅ​អាមេរិក សម្រាប់​ការវាយតម្លៃ​លើ​បញ្ហា​ជួញដូរ​មនុស្ស​នេះ​។​




​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ (២០១៩-២០២៣) ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ព្រឹក​ថ្ងៃទី​២៤ តុលា​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយ​ដូច្នេះ​ថា​៖«​សហរដ្ឋអាមេរិក តាមរយៈ​ក្រសួងការបរទេស ដែល​តែងតែ​វាយតម្លៃ​ដាក់ពិន្ទុ​ឱ្យ​បណ្ដា​ប្រទេស​នានា នៅលើ​សាកលលោក មិនថាតែ​កម្ពុជា​នោះទេ បានផ្ដល់​ចំណាត់​ឱ្យ​កម្ពុជា​ស្ថិត​លំដាប់​លេខ​២ ក្រោម​ការឃ្លាំមើល​។ ខ្ញុំ​បាន​សួរដេញដោល​ពី​បញ្ហា​នេះ ជាមួយ​មន្ត្រី​ធ្វើការ​ងារ​នេះ​របស់​យើង​ដែរ ថា​តើ​មូលហេតុ​អ្វី​? ពីព្រោះ​យើង​បាន​បង្ក្រាប​ក៏​ច្រើន បើកសវនាការ​កាត់ទោស​ក៏​ច្រើន បើ​ប្រៀបធៀប​ពីមុន​។ ប៉ុន្តែ​ចំណាត់ថ្នាក់ វា​ធ្លាក់ចុះ​។ ដល់ពេល​សួរ​ចុះ​ឡើងទៅ មកពី​អត់​មាន​របាយការណ៍​»​។​

​រាល់​បញ្ហា​ជួញដូរ​មនុស្ស​នៅក្នុង​ពិភពលោក គឺ​ស្ថិតនៅក្រោម​ការវាយតម្លៃ​របស់​អាមេរិក ក្នុងការ​ផ្ដល់​ចំណាត់ថ្នាក់​ឱ្យ​បណ្ដា​ប្រទេស​នីមួយៗ​។ សម្រាប់​ការវាយតម្លៃ​នោះ គឺ​សហរដ្ឋអាមេរិក បាន​បែង​ចែកជា​៣​ថ្នាក់ ដោយ​ក្នុងនោះ​ចំណាត់ថ្នាក់​ទី​១ សំដៅ​ទៅលើ​ប្រទេស​ដែលមាន​ការជួញដូរ​ម​នុស្ស​ច្រើន​បំផុត ឬ​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​ច្រើន​។ ចំណាត់ថ្នាក់​ទី​២ សំដៅលើ​ប្រទេស​ដែល​មិន​បង្ហាញ​ភស្តុតាង​នៃ​ការខិតខំ​ប្រឹងប្រែង ក្នុងការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស​។ រីឯ​ចំណាត់ថ្នាក់​ទី​៣ សំដៅ​ទៅលើ​ប្រទេស​ដែលមាន​ការយកចិត្តទុកដាក់​ទប់ស្កាត់​បញ្ហា​ជួញដូរ​មនុស្ស តាមរយៈ​ការបង្កើត​គណៈកម្មការ សម្រាប់​ចាត់វិធានការ​នានា​លើ​បញ្ហា​នេះ​។​

​ឆ្លើយតប​នឹង​កម្រិត​ថ្នាក់​លេខ​២ នៃ​ការទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស​នេះ សម្ដេច ស ខេង បាន​សង្កត់ធ្ងន់ថា កម្ពុជា​តែងតែ​ឆន្ទៈ ក្នុងការ​បង្ក្រាប និង​ទប់ស្កាត់​បញ្ហា​ជួញដូរ​មនុស្ស​នេះ ប៉ុន្តែ​មន្ត្រី​អនុវត្ត​ច្បាប់ បែរជា​ធ្វេសប្រហែស​លើ​បញ្ហា​នេះ​ទៅវិញ​។ «​អ៊ីចឹង មានន័យថា មិនមែន​មកពី​សកម្មភាព​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​វា​ធ្លាក់ចុះ ឬក៏​ថា​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​(​ទប់ស្កាត់​) ពិតប្រាកដ​នោះទេ ប៉ុន្តែ​ដោយសារ​កិច្ចការងារ​រដ្ឋបាលរ​បស់​យើង អត់​បាន​សហការគ្នា​។ វា​មាន​ចំណុច​អត់​សហការគ្នា​ល្អ​ដែរ ដោយ​សារបាន​កាត់ទោស​(​ជនល្មើស​) ប៉ុន្តែ​អត់​មាន​ព័ត៌មាន ដូច្នេះ​វា​កើតមាន​បញ្ហា (​ធ្វើឱ្យ​) អ្នក​មិន​យល់​ពី​យើង គេ​ថា​យើង​ខ្សោយ​…»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ គណៈកម្មាធិការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស​នេះ មាន​សមាសភាព​មកពី​ខាង​អង្គភាព​ពាក់ព័ន្ធ​ចំនួន​៦ ដោយ​ក្នុងនោះ​សមាសភាព​ពី​ខាង​ក្រសួងយុត្តិធម៌ គឺជា​ប្រធាន និង​ខាង​ក្រសួងមហាផ្ទៃ រួម​ស្ថាប័ន​ផ្សេង​ជា​សមាជិក​។ «​ខ្ញុំ​សូម​ស្នើថា កុំ​មាន​បញ្ហា​នេះ ទៅ​ថ្ងៃមុខ នៅ​ឆ្នាំ​២០២០​តទៅទៀត​។ នេះ​ជាការ​បន្ថែម​របស់​ប្រមុខ​ក្រសួងមហាផ្ទៃ ។​

​ក្រៅពី​កម្ពុជា ក៏មាន​ប្រទេស​វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង​ឡាវ ជាដើម ក៏​ជាប់​ចំណាត់ថ្នាក់​ទី​២​ដែរ​៕


Tag:
 ស ខេង​
  ជួញដូរ​មនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com