ជាតិ
សេដ្ឋកិច្ច
បរិយាកាស​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ធ្លាក់ចុះ​នៅ​ឆ្នាំ​២០២០
25, Oct 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ ទូកនេសាទ​របស់​ប្រជាជន​ខ្មែរឥស្លាម​ឈប់សំចត​នៅ​ច្រាំង​ទន្លេមេគង្គនៅល្ងាចមួយ​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)
រូបឯកសារ៖ ទូកនេសាទ​របស់​ប្រជាជន​ខ្មែរឥស្លាម​ឈប់សំចត​នៅ​ច្រាំង​ទន្លេមេគង្គនៅល្ងាចមួយ​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ការចាប់​ផ្ដើមធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា កាន់តែ​អស់ថ្លៃ​ទុន​ច្រើន​ដោយសារ​ការចំណាយ​នានា​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​អាជីវកម្ម​នៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាន់តែ​ខ្ពស់​។​

 
​នេះ​គឺជា​ការវាយតម្លៃ​របស់​ធនាគារពិភពលោក​ក្នុង​របាយការណ៍​ដែល​ចេញផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​
 
​របាយការណ៍​ដែលមាន​ចំណងជើង​ថា​៖ «​ការធ្វើ​ជំនួញ​ឆ្នាំ​២០២០៖ ល្បឿន​នៃ​កំណែទម្រង់​បរិយាកាស​ធ្វើ​ជំនួញ​ថយ​ល្បឿន​ក្នុង​តំបន់​អាស៊ី​ខាងកើត និង​អាស៊ី​ប៉ាស៊ីហ្វិក​» បង្ហាញ​ថាបើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៩​នេះ បរិយាកាស​ធ្វើ​ជំនួញ​របស់​កម្ពុជា មិនមាន​ភាពប្រសើរឡើង​នោះឡើយ​។ មិនបាន​ប្រសើរ​ដោយសារ​ប្រទេស​កម្ពុជា​បានទទួល​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៤៤ ក្នុងចំណោម​ប្រទេស​សរុប​ចំនួន ១៩០ សម្រាប់​បរិយាកាស​នៃ​ការធ្វើ​ជំនួញ​ឆ្នាំ​២០២០​ដូចគ្នា​នឹង​ការវាយតម្លៃ​សម្រាប់​បរិយាកាស​ធ្វើ​ជំនួញ​នៅ​ឆ្នាំ​២០១៩​ដែរ ពោល​គឺជា​ចំណាត់ថ្នាក់​អាក្រក់​ជាង​ការវាយតម្លៃ​កាលពី​ឆ្នាំ​២០១៧ ដែល​កាលនោះ​កម្ពុជា​ឈរ​នៅ​លំដាប់​ទី​១៣១​។​
 
​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​ដដែល​បង្ហាញថា​បរិយាកាស​ធ្វើ​ជំនួញ​នៅ​កម្ពុជា​មិនល្អ​ដូច​នៅ​ប្រទេស​ថៃ​និង​វៀតណាម​នោះទេ​។ កម្ពុជា​ទទួលបាន​ការ​វាយតម្លៃ​ចំនួន​៥៣.៨ ពិន្ទុ នៅ​ពីក្រោយ​វៀតណាម​ចំនួន ១៦​ពិន្ទុ និង​ចាញ់​ប្រទេស​ថៃ​ចំនួន​២៦.៣​ពិន្ទុ​។​
 
​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក បាន​គូសបញ្ជាក់​បន្ថែមថា​កម្ពុ​ជា​មិនបាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការកែទម្រង់​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ការធ្វើ​ជំនួញ​នោះទេ​។ ផ្ទុយទៅវិញ កម្ពុជា​នៅ​ឆ្នាំ​២០២០ មានការ​កែប្រែ​ដែល​ធ្វើ​ឲ្យ​មានការ​ពិបាក​ច្រើន​ក្នុង​ការធ្វើ​ជំនួញ​។​
 
​ទោះជា​យ៉ាងណា របាយការណ៍​បង្ហាញថា​កម្ពុ​ជាមាន​បរិយាកាស​ធ្វើ​ជំនួញ​ប្រសើរ​ជាង​ប្រទេស​ឡាវ ដែល​ឈរ​នៅ​លំដាប់​ទី​១៥៤ និង​ប្រសើរ​ជាង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ឈរ​នៅ​លំដាប់​ទី​១៦៥​។​
 
​លោក ហេង សួ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​លោក​ស៊ា​ង ថៃ មន្ត្រី​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម មិនអាច​ទាក់ទង​ដើម្បី​ស្នើសុំ​សេចក្ដី​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​
 
​ដោយឡែក លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ទទួលស្គាល់ថា​មាន​បន្ទុក​មួយចំនួន​ស​ម្រា​ប់​អ្នក​ប្រកប​របរជំនួញ​នៅ​កម្ពុជា មុននឹង​លោក​បង្វែរ​សំណួរ​ទៅកាន់​មន្ត្រី​អ្នកនាំពាក្យ​នៃ​ក្រសួង​ទាំងពីរ​ខាងលើ​។​
 
​យ៉ាងណាក៏ដោយ មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ដ​ដែល​អះអាងថា​កម្ពុជា​កំពុងធ្វើការ​កែសម្រួល​ស​ម្រា​ប់​បរិយាកាស​ធ្វើ​ជំនួញ​។​
 
«​អាស្រ័យ​ហេតុដូច្នេះ បាន​រាជរដ្ឋាភិបាល កាត់បន្ថយ​រាល់​ប្រាក់​ចំណាយ ទាំង​ព្រម​ដែល​វា​មិន នែ​វា​មិនជា​ការចាំបាច់ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង ដែល​គេ​ហៅថា ធ្វើកំណែទម្រង់​ទាំង​កញ្ចប់ កាត់​លុបចោល​នូវ​ភ្នាក់ងារ ដូច​កាំ​ត្រូល ដូច​ភ្នាក់ងារ​ជាច្រើន​ដែល​នៅតាម​ច្រកព្រំដែន​អន្តរជាតិ​នោះ​»​។​
 
​ធនាគារពិភពលោក មិនបាន​បញ្ជាក់​លម្អិត​ពី​ថ្លៃ​ចំណាយ​បែបណា​ក្នុងការ​ចុះបញ្ជី​ការធ្វើ​ជំនួញ​នៅ​កម្ពុជា​ក្នុង​របាយការណ៍​របស់​ខ្លួន​នោះទេ​។ ទោះយ៉ាងណា របាយការណ៍​ដដែល​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បានធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​វិស័យ​សំណង់ ដោយសារតែ​មានការ​ចំណាយ​តិចតួច​ក្នុង​ការទទួល​បានការ​អនុញ្ញាត​សម្រាប់​ការសាងសង់​។​
 
​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​ស្ដីពី​បរិយាកាស​ធ្វើ​ជំនួញ​ក្នុង​ឆ្នាំ​២០២០​នេះ ធ្វើឡើង​តែ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ធនាគារ​នេះ បាន​ព្រមាន​ពី​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​នឹង​រំកិល​ធ្លាក់​ពី​កំណើន​៧,៥​ភាគរយ​នៅ​ឆ្នាំ​២០១៨ មក​ត្រឹម​៧​ភាគរយ​វិញ​សម្រាប់​ឆ្នាំ​២០១៩​នេះ​។​
 
​ការចុះ​ថមថយ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នេះ គឺអាច​បណ្ដាលមកពី​«​ភាពមិនច្បាស់លាស់​នៃ​ការអនុគ្រោះ​ពន្ធ​ចូល​ទីផ្សារ​អឺរ៉ុប គឺ​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ ឬ EBA (Everything but Arms) និង​ការស្រុតចុះ​យ៉ាងគំហុក​ណាមួយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​ទទួលរង​ផលប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​»៕

© រក្សាសិទ្ធិដោយ thmeythmey.com