ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ត្រាច​៖ ទី​ភូមិ​ជនបទ​អាស្រ័យ​ផល​នឹង​រោង​ច​ក្រ
25, Oct 2019 , 7:59 pm        
រូបភាព
 លោក​ ​ជីម​ ​សុខ​គុណ​ ​អាយុ៣៨ឆ្នាំ​ ​បាន​ចាកចេញ​ពី​ភូមិ​ត្រាច​ ​កាលពី១០ឆ្នាំមុន​ ​ទៅ​ធ្វើការ​នៅ​រោងចក្រ​មួយ​កន្លែង​ ​ភាគ​ខាងកើត​ខេត្ត​កណ្ដាល​។​ ​(​អូន​ ​ឆេង​ប៉រ​/​VOA​)
លោក​ ​ជីម​ ​សុខ​គុណ​ ​អាយុ៣៨ឆ្នាំ​ ​បាន​ចាកចេញ​ពី​ភូមិ​ត្រាច​ ​កាលពី១០ឆ្នាំមុន​ ​ទៅ​ធ្វើការ​នៅ​រោងចក្រ​មួយ​កន្លែង​ ​ភាគ​ខាងកើត​ខេត្ត​កណ្ដាល​។​ ​(​អូន​ ​ឆេង​ប៉រ​/​VOA​)
ដោយ: VOA
 ​ភូមិ​ត្រាច ខេត្តកំពង់ស្ពឺ ៖ បើ​ចោល​កន្ទុយភ្នែក​ក្រឡេកមើល​បន្តិច ភូមិ​ត្រាច ហាក់ដូចជា​ភូមិ​ខ្មែរ​ដ៏​សាមញ្ញ​ធម្មតា​មួយកន្លែង​របស់​ទីជនបទ​ប្រទេស​កម្ពុជា​។ ក៏ប៉ុន្តែ​ការពិត ភូមិ​ដែលមាន​ប្រជាជន​រស់នៅ​ត្រឹមតែ​ប្រមាណ​៥៧០​នាក់​នេះ ពោរពេញ​ដោយ​សកម្មភាព​សេដ្ឋកិច្ច​យ៉ាង​រស់​រវើក​។​

 
​ភូមិ​ត្រាច ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ប្រាំ​គីឡូម៉ែត្រ ប៉ែក​ខាងលិច ក្រុង​ច្បារមន របស់​ខេត្តកំពង់ស្ពឺ​។ ប្រជាពលរដ្ឋ​ស្ទើរតែ​ទាំងអស់​ក្នុងចំណោម​ពលរដ្ឋ​សរុប​ចំនួន​១១៥​គ្រួសារ​ក្នុងភូមិ រស់នៅ​ដោយ​ពឹង​អាស្រ័យ​នឹង​ប្រភព​ចំណូល​ពី​ការបម្រើ​ការងារ​ក្នុង​រោងចក្រ​និង​អាជីវកម្ម​លក់​ចំណីអាហារ សម្រាប់​កម្មករ កម្មការិនី​នៅតាម​បណ្ដា​រោងចក្រ​នៅក្នុង​ខេត្តកំពង់ស្ពឺ​និង​នៅតាម​តំបន់​ផ្សេងទៀត​។ នេះ​បើ​យោងតាម​អាជ្ញាធរ​មូលដ្ឋាន​។​


​អ្នកស្រី​ ​គ្រិច​ ​ធន​ ​ពលរដ្ឋ​ភូមិ​ត្រាច​ ​ខេត្ត​កំពង់ស្ពឺ​ ​ប្រទេស​កម្ពុជា​។​ ​កូនប្រុស​ស្រី​ទាំង៤នាក់​ ​របស់​អ្នកស្រី​ ​សុទ្ធតែ​ជា​កម្មករ​កម្មការនី​ ​រោងចក្រ​កាត់ដេរ​ ​ខណៈ​អ្នកស្រី​ផ្ទាល់​ ​ជា​អ្នកលក់​អាហារ​ ​នៅមុខ​រោងចក្រ​ក្បែរ​ភូមិ​។​ ​(​អូន​ ​ឆេង​ប៉រ​/​VOA​)​ 
 
​អង្គុយ​មុខផ្ទះ សង់​ពី​ឈើ ខ្ពស់​ផុតពី​ដី អ្នកស្រី គ្រិច ធន ជា​ឧទាហរណ៍​មួយ​នៅ​ក្នុងនោះ​។ តាមរយៈ​ចរន្ត​សេដ្ឋកិច្ច និង​ចំណូល​ហិរញ្ញវត្ថុ​បែប​ថ្មី ខុសប្លែក​ពី​ការងារ​ស្រែចម្ការ​ជា​ប្រពៃណី អ្នកស្រី ពោល​ដោយ​ញញឹម​នៅពេលដែល​កូនៗ​របស់​អ្នកស្រី កំពុង​អង្គុយ​បរិភោគ​អាហារ​ថ្ងៃត្រង់​ជាមួយ​អ្នកជិតខាង ដែលជា​កម្មករ កម្មការិនី រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។​
 
«​ប៉ុន្មាន​ឆ្នាំ​ហើយ ឃើញ​គេ​ប្លែក ប្លែក​អ៊ីចឹង គេ​រកបាន​ទៅ គេ​ធ្វើ​ផ្ទះ ធ្វើ​របង អីចឹង​ទៅណា ... អត់​មាន​ប្លែក​អី​ទៀត​ទេ មានតែ​ក្មេង​ផឹក ក្មេង​អីហ្នឹង​»​។​
 
​ភូមិ​ត្រាច ហ៊ុមព័ទ្ធ​ទៅដោយ​វាលស្រែ​ខៀវស្រងាត់ នា​រដូវវស្សា និង​មាន​ដើមត្នោត​ដុះ​ច្រូងច្រាង​ជុំវិញ​ភូមិ​។​
 
​តាមរយៈ​ការបោះ​ទុនវិនិយោគ​លើ​រោងចក្រ​កាត់ដេរ នៅក្បែរ​ភូមិ​នេះ  កូនៗ​ទាំង​៤​របស់​អ្នកស្រី គ្រិច ធន មានការ​ងារ​ធ្វើ និង​ចំណូល​ទៀងទាត់​ជា​រៀងរាល់ខែ​។​
 
«​សំខាន់​ដែរ​ហ្នឹង​អ្ហា សម្រាប់​ខ្ញុំ​ផង កូន​ខ្ញុំ​ផង ក៏​សំខាន់​ដែរ បើ​អត់​រោងចក្រ​បាន​អី​។ អត់​មានអី​រក ចាស៎ ដល់​អ៊ីចឹងទៅ បើ​អត់​រោងចក្រ​ទៅ យើង​បាន​អី​ចាយ ទិញ​ម្ហូប ទិញ​អី ព្រោះ​រស់​រាល់ថ្ងៃ​ដើម្បី​តែ​លុយ​។ ទាល់តែ​យើង​មាន​លុយ​បាន​រស់​កើត​»​។​
 
១០​ឆ្នាំមុន ពេលដែល​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​កាបូបយួរ បាន​ពង្រីក​វិសាលភាព​របស់ខ្លួន មកកាន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ និង​ទីបំផុត​រោងចក្រ​មួយចំនួន​បានមក​ដល់​ភូមិ​ត្រាច​។​


​អ្នកស្រី​ ​ផាន់​ ​សោភា​ ​អ្នកលក់​ម្ហូបអាហារ​ ឱ្យ​កម្មករ​រោងចក្រ​ ​ជាង១០ឆ្នាំ​មក​ហើយ​។​ ​(​អូន​ ​ឆេង​ប៉រ​/​VOA​)​
 
​អ្នកស្រី ផាន់ សោភា ក្នុង​វ័យ​៣៧​ឆ្នាំ បាន​ចាប់​ប្រកប​របរ​លក់​បាយ លក់​ត្រី​ចៀន លក់​ប្រហិត ជា​កញ្ចប់ៗ លក់​ជូន​កម្មករ​កម្មការិនី​ដែល​បម្រើការ​នៅ​រោងចក្រ​ទាំងនោះ​។​
 
«​សំខាន់​ដែរ​ហ្នឹង​អ្ហា បើ​លក់​តែ​នៅ​នឹង​មុខ​រោងចក្រ​ហ្នឹង បើ​អត់​កម្មករ​រោងចក្រ ក៏​យើង​មិនដឹង​ទៅ​លក់​នៅឯណា លក់​ក្នុង​ផ្សារ​អត់​សូវ​ដាច់​ទេ ដាច់​បាន​តិច​។ បើ​យើង​ទៅ​លក់​នៅមុខ​រោងចក្រ វា​ដាច់​បាន​ច្រើន​»​។​
 
​បច្ចុប្បន្ននេះ ការលក់​ម្ហូប​ឱ្យ​កម្មករ​រោងចក្រ​ផ្ដល់​ជា​ចំណូល​ប្រចាំថ្ងៃ​ដល់​អ្នកស្រី ផាន់ សោភា  ប្រមាណ​ពី​១០​ដុល្លារ ទៅ​១៥​ដុល្លារ​អាមេរិក ក្នុង​មួយថ្ងៃ​។​
 
​លោក ស្វាយ តែម ជា​មេភូមិ​ត្រាច​។ ភរិយា​របស់លោក​គឺ​អ្នកស្រី គង់ ស៊ីណា ជា​អ្នកលក់​ម្ហូបអាហារ​ជូន​កម្មករ​រោងចក្រ​ម្នាក់​ផងដែរ​។ ក្នុង​មួយថ្ងៃ​អ្នកស្រី​រកចំណូលបាន​ពី​១០​ដុល្លារ ទៅ​១៥​ដុល្លារ​ពីរ​បរ​មួយ​នេះ​។ ប៉ុន្តែ អ្នកស្រី​ត្រូវ​ក្រោក​ពី​ព្រលឹម​ម៉ោង​២​រៀប​ភ្លឺ​រាល់ថ្ងៃ ដើម្បី​ចម្អិន និង​រៀបចំ​ម្ហូប​យកទៅលក់​។​
 
​បើទោះជា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​បានផ្ដល់​ការងារ​និង​ឱកាស​សេដ្ឋកិច្ច​ដល់​អ្នកភូមិ​ត្រាច ភាគច្រើន ក៏​ពួកគេ​មិនបាន​ដឹង​អំពី​ផលប៉ះពាល់​ដល់​រោងចក្រ​កាត់ដេរ​ទាំងនោះ ប្រសិនបើ​សហភាព​អឺរ៉ុប​ព្យួរ​ការអនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​«​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ឬ EBA នោះ​។​


​អ្នកស្រី​ ​គង់​ ​ស៊ី​ណា​ ​ភរិយា​លោក​ ​ស្វាយ​ ​តែម​ ​មេភូមិ​ត្រាច​ ​រៀបចំ​ចម្អិនម្ហូប​ ​ត្រៀម​យក​ទៅ​លក់​ ​ប្ដូរ​យក​កម្រៃ​។​ ​(​អូន​ ​ឆេង​ប៉រ​/​VOA​)​
 
​អ្នកស្រី គង់ ស៊ីណា ភរិយា​លោក​ប្រធានភូមិ​ត្រាច​សារភាព​ដូច្នេះ​៖
 
«​ដឹង​តែ​លក់​តែម្ដង គេ​ធ្វើ​អី​ធ្វើ​អី មិនដឹង​ទេ យើង​ដឹង​តែ​លក់​។ មាន​កម្មករ​ច្រើន​ទៅ​យើង​លក់ដាច់​ទៅ​»​។​
 
​សហភាព​អឺរ៉ុប បានបញ្ចប់​ការសិក្សា​រយៈពេល​ប្រាំ​មួយខែ​លើ​លទ្ធភាព​នៃ​ការព្យួរ EBA ដល់​កម្ពុជា កាលពី​ខែសីហា បន្ទាប់ពី​សហភាព​អឺរ៉ុប​មើលឃើញថា​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​។ អឺរ៉ុប​បានទាមទារ​ឲ្យ​កម្ពុជា​ធ្វើ​ឲ្យ​ប្រសើរ​លើ​បញ្ហា​ទាំងនេះ​ដើម្បី​អាច​រក្សា EBA បាន​។ EBA ផ្ដល់​ផលចំណេញ​ដល់​កម្ពុជា​យ៉ាងតិច​៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​ក្រុមមន្ត្រី​រដ្ឋាភិបាល រួមទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅថា GMAC បាន​ព្យាយាម​បញ្ចុះបញ្ចូល​បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​អាច​រក្សា EBA បាន​។​
 
​សហភាព​អឺរ៉ុប​នឹង​ជូនដំណឹង​ពី​លទ្ធផល​នៃ​ការវាយតម្លៃ​របស់ខ្លួន​នៅ​ខែវិច្ឆិកា ខាងមុខ មុន​នឹងធ្វើ​សេចក្ដីសម្រេច​ជា​ចុងក្រោយ​នៅ​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០​។​
 
​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្លាប់បាន​ព្រមាន​ថា​ការព្យួរ​ការអនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមកម្មករ​យ៉ាងតិច​ជាង​៧០​ម៉ឺន​នាក់ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ប្រមាណ​បី​លាន​នាក់​នៅ​ទូទាំងប្រទេស​កម្ពុជា​។​
 
​ភូមិ​ត្រាច ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ អាចជា​ឧទាហរណ៍​មួយ​នៃ​ផលប៉ះពាល់​នេះ នៅពេលដែល​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​រោងចក្រ​ផលិត​ស្បែកជើង បាន​ស្រូបយក​កម្លាំង​យុវជន​ជាច្រើន​ក្នុងភូមិ​នេះ​។ ម្យ៉ាងវិញទៀត ឪពុកម្ដាយ​របស់​ពួកគេ​បាន​បង្កើត​មុខរបរ​ចម្អិន​អាហារ​លក់​សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រុមកម្មករ ដែលជា​ផ្នែក​មួយទៀត​នៃ​ចរន្ត​សេដ្ឋកិច្ច​ក្នុងភូមិ​៕

© រក្សាសិទ្ធិដោយ thmeythmey.com