អន្តរជាតិ
អនុ​ប្រធានាធិបតី​អាមេរិក ប្រាប់​បាតុករ​ហុងកុង​ថា «​យើង​ឈរ​ជាមួយ​អ្នក​»
25, Oct 2019 , 12:01 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក លោក Mike Pence ពិភាក្សាអំពីទំនាក់ទំនងអាមេរិក ចិន នៅthe Wilson Center នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩, រូបភាព៖ VOA
អនុប្រធានាធិបតីអាមេរិក លោក Mike Pence ពិភាក្សាអំពីទំនាក់ទំនងអាមេរិក ចិន នៅthe Wilson Center នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩, រូបភាព៖ VOA
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន (Mike Pence) នៅ​ថ្ងៃទី​២៤ ខែតុលា បាន​ចោទ​ចិន​ចំៗ​ថា ទីក្រុង​ប៉េកាំង​បាន​បំបិទ «​សិទ្ធិ និង​សេរីភាព​» ប្រជាជន​នៅក្នុង​ទីក្រុង​ហុងកុង និង​ថា អាមេរិក​ឈរ​ជាមួយ​បាតុករ​ហុងកុង​ទៀតផង​។ ទោះ​គាំទ្រ​ការតវ៉ា​ក្ដី អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ អស់ពី​រិះគន់​ចិន លោក Pence ក៏បាន​លើកឡើង​ទៀតថា អាមេរិក មិន​ចង់​ប្រឈមមុខ​ជាមួយ​ចិន​ដោយផ្ទាល់​ទេ​។



​ក្នុងអំឡុងពេល​ថ្លែង​គោលនយោបាយ​សំខាន់ៗ​ទៅលើ​ប្រទេស​ចិន មុន​ជំនួប​ចរចា​ពាណិជ្ជកម្ម លោក ម៉ៃ ផេ​ន បាន​លើកឡើងថា អាមេរិក គ្មាន​សង្ឃឹម​ឡើយ​ថា ការភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​អាចធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​អាច​ផ្លាស់ប្តូរ​ពីរ​បប​ដឹកនាំ​ផ្ដាច់ការ​ទៅជា​សង្គម​សេរី និង​បើកចំហ​ឡើយ​។ អាមេរិក​ក៏​មិនដឹង​ធ្វើ​យ៉ាងណាដែរ ដើម្បី​ឲ្យ​ចិន​គោរព​ទ្រព្យសម្បត្តិ​ឯកជន នីតិរដ្ឋ និង​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ អនុ​ប្រធានាធិបតី​រូបនេះ បាន​ទាញយក​វិបត្តិ​នៅ​ទីក្រុង​ហុងកុង​មក​សំអាង​ហេតុ​ទៅនឹង​អ្វី ដែល​លោក​បាន​អះអាងថា ចិន​ជា​របប​អាជ្ញា​ព្រឹត្តិ​។ ពិតណាស់ លោក ផេ​ន បាន​លើកឡើងថា ទីក្រុង​ប៉េកាំង បាន​ជ្រែ​ត​ជ្រែកចូល​ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​ម្តង​ហើយ​ម្តងទៀត ដូច​ជាការ​រឹតបន្តឹង​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង ដែល​ត្រូវបាន​ធានា​តាមរយៈ​កិច្ចព្រមព្រៀង​អន្តរជាតិ​ទៅទៀត​នោះ​។​

​ក្នុងន័យ​លើកទឹកចិត្ត​ក្រុមបាតុករ​ហុងកុង​ឲ្យ​ធ្វើ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង លោក ផេ​ន បាន​និយាយថា​៖ «​យើង​ឈរ​ជាមួយ​អ្នក យើង​ត្រូវបាន​លើកទឹកចិត្ត​ដោយ​អ្នក​។ យើង​ជំរុញ​ឲ្យ​អ្នក​នៅតែ​បន្ត​បាតុកម្មអហិង្សា​តទៅទៀត​»​។ ប៉ុន្តែ​លោក​ក៏​បញ្ជាក់​ផងដែរ​ថា អាមេរិក​គាំទ្រ​តែ​បាតុកម្មអហិង្សា​ប៉ុណ្ណោះ​។ 

​អស់ពី​វាយ​ចិន​ពីរ បី​ព្រនង់ លោក ផេ​ន ក៏​ឆ្លៀតពេល​លោម​ចិត្ត​ចិន​ម្តង​។  ជាក់ស្តែង អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ បានចង្អុលបង្ហាញ​ថា អាមេរិក​មិន​ចង់​រាំងខ្ទប់​ការអភិវឌ្ឍ​របស់​ចិន​ទេ ហើយ​អ្វីដែល​សំខាន់​គឺ​កសាង​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​ចិន​។ ពោល គឺ​អាមេរិក​ជំរុញ​ឲ្យ​ចិន​ចេះ​គ្រប់គ្រង​ឱកាស​នៅក្នុង​ប្រវត្តិសាស្ត្រ ដើម្បី​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​។ ការលើកឡើង​របស់​អនុ​ប្រធានាធិបតី​អាមេរិក​បែបនេះ គឺ​ដោយសារ​ការ​ខិតជិត​ម​ក​ដល់​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក និង​ចិន​ដំណាក់កាល​ទីមួយ នៅ​ប្រទេស​ស៊ី​លី​។

​គួរ​បញ្ជាក់ថា អនុ​ប្រធានាធិបតី​អាមេរិក Mike Pence មិន​ត្រឹមតែ​រិះគន់​ចិន​លើ​រឿង​ហុងកុង​តែមួយ​នោះ តែ​នៅ​មានរឿង​ផ្សេងទៀត​ដូចជា ការ​រឹតត្បិត​លើ​ជនជាតិ​ភា​គតិ​ត​មូស្លីម​វី​ហ្គ័​រ​ជាដើម​៕

Tag:
 ហុងកុង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com