អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ស៊ូ​ជី ខកចិត្ត​ដែល​អន្តរជាតិ​មិនសូវ​ខ្វល់ខ្វាយ​ភេរវកម្ម​នៅ​រ៉ា​ឃី​ន
26, Oct 2019 , 7:39 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី និយាយនៅក្នុងវេទិការជំនួញ នៅកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានកាលពីឆ្នាំ ២០១៨, រូបភាព៖ AFP
លោកស្រី អ៊ុងសាន ស៊ូជី និយាយនៅក្នុងវេទិការជំនួញ នៅកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានកាលពីឆ្នាំ ២០១៨, រូបភាព៖ AFP
​មី​យ៉ាន់​ម៉ា សោកស្តាយ​ណាស់ ដែល​អន្តរជាតិ​ខ្វះ​ការត្រួតពិនិត្យ​ទៅលើ​ក្រុម​ជ្រុលនិយម និង​ក្រុម​ភេរវកម្ម​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន (Rakhine) ។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២៤ ខែតុលា​។ បញ្ហា​នៅមាន​មតិ​អន្តរជាតិ​ជាច្រើន បាន​រិះគន់​សកម្មភាព​យោធា​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន ដែល​បាន​បង្ក្រាប​ទៅលើ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​។ 
​ជាការ​បញ្ចេញមតិ​នៅក្រោយ​សកម្មភាព​យោធា​បង្ក្រាប​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព លោកស្រី​អ៊ុង​សាន ស៊ូ​ជី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​វា​ប្រាកដ​ណាស់​ថា​មាន​ពួក​ជ្រុលនិយម ដែល​មិន​ចង់បាន​សន្តិភាព​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​...​ដោយសារ​ក្រុម​ភេរវកម្ម​ច្រើន បញ្ហា​គឺ​កំពុងតែ​ធំធាត់​យ៉ាង​ឆាប់រហ័ស​»​។ នោះ​គឺជា​មូលហេតុ ដែល​ក្រុម​យោធា​មី​យ៉ាន់​ម៉ា បាន​វាយប្រហារ​ទៅលើ​ក្រុម​បះបោរ​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ឆ្នាំ​២០១៧​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ប្រាប់​ទី​កាសែត​ជប៉ុន Nikkei នៅ​ថ្ងៃទី​២៤ ខែតុលា ប្រធាន​ក្រុមប្រឹក្សារដ្ឋ ស៊ូ​ជី បាន​គូសបញ្ជាក់ថា មី​យ៉ាន់​ម៉ា មានការ​ខកចិត្ត​ជាខ្លាំង ដែល​សហគមន៍​អន្តរជាតិ​មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​ភេរវកម្ម ប៉ុន្តែ​បែប​ជា​ចាប់អារម្មណ៍​តែ​ការលុបបំបាត់ចោល​ពូជសាសន៍​ទៅវិញ​។ ជាពិសេស វា​មិនមាន​ត្រឹមតែ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ទេ សូម្បីតែ​ក្រុម​អ្នក​កាន់​ព្រះពុទ្ធសាសនា ក៏​កំពុង​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​យោធា​ដែរ​។ 
 
​ជា​មនុស្ស​ម្នាក់​ដែល​ទទួលបាន​ពានរង្វាន់​សន្តិភាព​នៅក្នុង​ឆ្នាំ ១៩៩១ និង​ជា​មនុ​ស្សមាន​ម្នាក់​មានមុខមាត់​នៅលើ​ឆាក​អន្តរជាតិ លោកស្រី​ស៊ូ​ជី បាន​បាក់មុខ​ជាខ្លាំង​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ការបង្ក្រាប​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ បន្ថែម​ពីលើ​នេះ អ្នកស៊ើប​អង្កេត​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នកជំនាញ ធ្វើការ​ស៊ើបអង្កេត​ថា​តើ​បទឧក្រិដ្ឋ​ទាំងនេះ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោកស្រី​ក្រុមប្រឹក្សារដ្ឋ​ឬទេ​។ 
 
​សូមបញ្ជាក់ថា ដោយសារតែ​មានការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅលើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន អាមេរិក​បានដាក់​ទណ្ឌកម្ម​ទៅលើ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​មី​យ៉ាន់​ម៉ា ហើយ​ក្រុម​ស៊ើបអង្កេត​អង្គការសហប្រជាជាតិ បាន​ចោទ​សកម្មភាព​ទាំងនោះ​ថា​ជា​«​អំពើ​ប្រល័យពូជសាសន៍​»​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ប្រជាជន​ប្រមាណ​ជា ៧៥​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ទៅ​នៅ​បង់​ក្លា​ដែ​ស ហើយ​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​គេ​សម្លាប់​។ 
 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com