ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
សមាគមអចលនទ្រព្យ មានសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យនាពេលខាងមុខ
× ភ្នំពេញ៖ វិស័យអចលនទ្រព្យ ត្រូវបានមើលឃើញថា នៅតែមានភាពវិជ្ជមានក្នុងឆ្នាំ២០១៩នេះ។ នេះបើតាមការលើករបស់អ្នកក្នុងវិស័យនេះ ក្នុងកម្មវិធីធ្វើបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យ នៅថ្ងៃទី២៥ខែតុលា។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យរបស់ក្រុមហ៊ុន V Trust Appraisal ការសាងសង់ និងផ្គត់ផ្គង់អគារពាណិជ្ជកម្មសម្រាប់ប្រើប្រាស់ក្នុងវិស័យលក់ដុំ និងលក់រាយរក្សាបានកំណើនខ្ពស់នៅឆ្នាំ ២០១៩នេះ ស្របពេលការផ្គត់ផ្គង់អគារការិយាល័យនៅមានសន្ទុះខ្លាំង។ បន្ថែមលើនេះ ការសាងសង់និងផ្គត់ផ្គង់អគារលំនៅឋានដូចជាគម្រោងខុនដូ និង សំណង់ផ្ទះជាប់ដីក៏សុទ្ធសឹងមានសកម្មភាពរស់រវើកនៅឆ្នាំ ២០១៩ នេះដែរ។
ក្នុងរយៈពេល៦ខែឆ្នាំ២០១៩ នេះ ចំនួនផ្ទះជាប់ដីដែលក្រុមហ៊ុនអភិវឌ្ឍន៍បានប្រកាសបើកលក់មានចំនួនសរុប ១៣ ៩០០ ផ្ទះ (ផ្ទះល្វែង និងផ្ទះវីឡា) ហើយក្នុងនោះផ្ទះចំនួន ៤ ៦០០ ខ្នងបានសាងសង់ចប់ និងរួចរាល់សម្រាប់អ្នកទិញចូលនៅ។ នេះបើយោងតាមលោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន V Trust Appraisal។
លោកថ្លែងដូច្នេះថា៖«លទ្ធភាពនៃការស្រូបយករបស់ទីផ្សារផ្ទះជាប់ដីបានកើនដល់ ១០ ភាគរយនៅឆ្នាំ ២០១៩ នេះដែលមានន័យថាក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការពេលត្រឹមតែ ១២ ខែប៉ុណ្ណោះដើម្បីលក់ចេញសំណង់ផ្ទះរបស់គេឲ្យអស់។ រយៈពេល ១២ខែ ជារយៈពេលខ្លី ដែលវាឆ្លុះបញ្ចាំងថាទីផ្សារផ្ទះជាប់ដីមានការទិញលក់រឹតតែល្អនៅឆ្នាំនេះ ខណៈកាលពីឆ្នាំមុនលទ្ធភាពនៃការស្រូបយកនៅលើទីផ្សារមានចំនួនត្រឹមតែ ៨ ភារយប៉ុណ្ណោះ ឬ មានន័យថា ក្រុមហ៊ុនសាងសង់ត្រូវរង់ចាំដល់ទៅ ១៥ ខែដើម្បីលក់ចេញសំណង់ផ្ទះរបស់គេឲ្យអស់»។
លោក ហ៊ឹម សីហា ឲ្យដឹងទៀតថា ក្នុងរយៈពេល៦ខែដើមឆ្នាំនេះដែរ ខុនដូចំនួន ៦ ៦០០ យូនីតត្រូវបានប្រកាសដាក់លក់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ហើយក្នុងនោះខុនដូចំនួន ៦ ២០០ យូនីតត្រូវបានសាងសង់ចប់ និងរួចរាល់សម្រាប់ការចូលនៅ។ លោកបន្តថា ទីផ្សារខុនដូ ត្រូវការពេលយូរជាងផ្ទះជាប់ដីបន្តិច ដែលត្រូវការរយៈពេល ៣២ ខែដើម្បីឲ្យអ្នកអភិវឌ្ឍន៍អាចលក់ចេញអស់។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា វានៅតែជារយៈពេលដ៏ល្អមួយ ដោយសារទីផ្សារខុនដូជាទីផ្សារថ្មីនៅកម្ពុជា ធៀបនឹងផ្ទះជាប់ដី។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា មើលឃើញថា ទីផ្សារអចលនទ្រព្យរបស់កម្ពុជានៅតែមានរឹងមាំ។ លោកថ្លែងដូច្នេះថា៖«យើងមើលឃើញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តភាពរឹងមាំក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។ ទីផ្សារឥឡូវកំពុងតែលូតលាស់ចំពោះទីផ្សារខុនដូ។ ប្រជាជនចាប់ផ្ដើមយល់ពីទីផ្សារខុនដូ។ រីឯទីផ្សារផ្ទះ(ផ្ទះជាប់ដី) មិនមានកំណើនលឿនដូចទីផ្សាខុនដូដែលជាទីផ្សារថ្មីនោះទេ ហើយ៥ទៅ១០ឆ្នាំ ទីផ្សារខុនដូនឹងកើនលឿន ខណៈទីផ្សារផ្ទះនៅនឹង ឬថយនូវតម្រូវការ។ ចំពោះទីផ្សារដីធ្លីវិញនៅតែមានសក្ដានុពលខ្ពស់ ព្រោះនៅកម្ពុជាមិនទាន់មានការបែងចែកប្រើប្រាស់ដី»៕
© រក្សាសិទ្ធិដោយ thmeythmey.com