ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
សមាគម​អចលនទ្រព្យ មាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​នាពេលខាងមុខ
27, Oct 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វិស័យ​អចលនទ្រព្យ ត្រូវបាន​មើលឃើញថា នៅតែមាន​ភាព​វិជ្ជមាន​ក្នុង​ឆ្នាំ​២០១៩​នេះ​។ នេះ​បើតាម​ការលើក​របស់​អ្នក​ក្នុង​វិស័យនេះ ក្នុង​កម្មវិធី​ធ្វើ​បច្ចុប្បន្នភាព​ទីផ្សារ​អចលនទ្រព្យ នៅ​ថ្ងៃទី​២៥​ខែតុលា​។

​យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​ទីផ្សារ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន V Trust Appraisal ការសាងសង់ និង​ផ្គត់ផ្គង់​អគារ​ពាណិជ្ជកម្ម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​លក់ដុំ និង​លក់រាយ​រក្សាបាន​កំណើន​ខ្ពស់​នៅ​ឆ្នាំ ២០១៩​នេះ ស្របពេល​ការផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅមាន​សន្ទុះ​ខ្លាំង​។ បន្ថែម​លើ​នេះ ការសាងសង់​និង​ផ្គត់ផ្គង់​អគារ​លំនៅឋាន​ដូចជា​គម្រោង​ខុន​ដូ និង សំណង់ផ្ទះ​ជាប់​ដី​ក៏​សុទ្ធសឹង​មាន​សកម្ម​ភាពរស់រវើក​នៅ​ឆ្នាំ ២០១៩ នេះដែរ​។​
 
​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៩ នេះ ចំនួន​ផ្ទះ​ជាប់​ដី​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​បានប្រកាស​បើក​លក់​មាន​ចំនួន​សរុប ១៣ ៩០០ ផ្ទះ (​ផ្ទះល្វែង និង​ផ្ទះ​វីឡា​) ហើយ​ក្នុងនោះ​ផ្ទះ​ចំនួន ៤ ៦០០ ខ្នង​បាន​សាងសង់​ចប់ និង​រួចរាល់​សម្រាប់​អ្នកទិញ​ចូល​នៅ​។ នេះ​បើ​យោងតាម​លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន V Trust Appraisal​។ 
 
​លោក​ថ្លែង​ដូច្នេះ​ថា​៖«​លទ្ធភាព​នៃ​ការ​ស្រូបយក​របស់​ទីផ្សារ​ផ្ទះ​ជាប់​ដី​បាន​កើន​ដល់ ១០ ភាគរយ​នៅ​ឆ្នាំ ២០១៩ នេះ​ដែល​មានន័យថា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវការ​ពេល​ត្រឹមតែ ១២ ខែ​ប៉ុណ្ណោះ​ដើម្បី​លក់​ចេញ​សំណង់ផ្ទះ​របស់គេ​ឲ្យ​អស់​។ រយៈពេល ១២​ខែ ជា​រយៈពេល​ខ្លី ដែល​វា​ឆ្លុះបញ្ចាំង​ថា​ទីផ្សារ​ផ្ទះ​ជាប់​ដី​មានការ​ទិញ​លក់​រឹតតែ​ល្អ​នៅ​ឆ្នាំនេះ ខណៈ​កាលពី​ឆ្នាំមុន​លទ្ធភាព​នៃ​ការ​ស្រូបយក​នៅលើ​ទីផ្សារ​មាន​ចំនួន​ត្រឹមតែ ៨ ភារ​យ​ប៉ុណ្ណោះ ឬ មានន័យថា ក្រុមហ៊ុន​សាងសង់​ត្រូវ​រង់ចាំ​ដល់​ទៅ ១៥ ខែ​ដើម្បី​លក់​ចេញ​សំណង់ផ្ទះ​របស់គេ​ឲ្យ​អស់​»​។ 
 
​លោក ហ៊ឹម សីហា ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះដែរ ខុន​ដូ​ចំនួន ៦ ៦០០ យូ​នី​ត​ត្រូវបាន​ប្រកាស​ដាក់លក់​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ហើយ​ក្នុងនោះ​ខុន​ដូ​ចំនួន ៦ ២០០ យូ​នី​ត​ត្រូវបាន​សាងសង់​ចប់ និង​រួចរាល់​សម្រាប់​ការចូល​នៅ​។ លោក​បន្តថា ទីផ្សារ​ខុន​ដូ ត្រូវការ​ពេល​យូរ​ជាង​ផ្ទះ​ជាប់​ដី​បន្តិច ដែល​ត្រូវការ​រយៈពេល ៣២ ខែ​ដើម្បី​ឲ្យ​អ្នក​អភិវឌ្ឍន៍​អាច​លក់​ចេញ​អស់​។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា វា​នៅតែ​ជា​រយៈពេល​ដ៏​ល្អ​មួយ ដោយសារ​ទីផ្សារ​ខុន​ដូ​ជាទី​ផ្សារ​ថ្មី​នៅ​កម្ពុជា ធៀប​នឹង​ផ្ទះ​ជាប់​ដី​។ 
 
​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា  មើលឃើញថា ទីផ្សារ​អចលនទ្រព្យ​របស់​កម្ពុ​ជា​នៅតែមាន​រឹងមាំ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​យើង​មើលឃើញថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា នៅតែ​បន្ត​ភាពរឹងមាំ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត​។ ទីផ្សារ​ឥឡូវ​កំពុងតែ​លូតលាស់​ចំពោះ​ទីផ្សារ​ខុន​ដូ​។ ប្រជាជន​ចាប់ផ្ដើម​យល់​ពី​ទីផ្សារ​ខុន​ដូ​។ រីឯ​ទីផ្សារ​ផ្ទះ​(​ផ្ទះ​ជាប់​ដី​) មិនមាន​កំណើន​លឿន​ដូច​ទីផ្សា​ខុន​ដូ​ដែលជា​ទីផ្សារ​ថ្មី​នោះទេ ហើយ​៥​ទៅ​១០​ឆ្នាំ ទីផ្សារ​ខុន​ដូ​នឹង​កើន​លឿន ខណៈ​ទីផ្សារ​ផ្ទះ​នៅ​នឹង ឬ​ថយ​នូវ​តម្រូវការ​។ ចំពោះ​ទីផ្សារ​ដីធ្លី​វិញ​នៅតែមាន​សក្ដានុពល​ខ្ពស់ ព្រោះ​នៅ​កម្ពុជា​មិនទាន់មាន​ការបែងចែក​ប្រើប្រាស់​ដី​»៕
 
 

Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com