សម្ដេច ស ខេង​៖ ការវិលត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ឆ្នាំ​២០១៩​នេះ ផ្ទុយស្រឡះ​ពី​ឆ្នាំ​២០១៣
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង​៖ ការវិលត្រឡប់​របស់​លោក សម រង្ស៊ី នៅ​ឆ្នាំ​២០១៩​នេះ ផ្ទុយស្រឡះ​ពី​ឆ្នាំ​២០១៣
26, Oct 2019 , 5:30 pm        
រូបភាព
​ភ្នំពេញ​៖ ការចាប់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ផែនការ​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជា​ការរំលោភ​សិទ្ធិមនុស្ស​ឡើយ ប៉ុន្តែ​ជា​កិច្ចការ​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ប្រទេស​។ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកឡើង​បែបនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​មតិ​ជាតិ និង​អន្តរជាតិ ដែល​រិះគន់​ចំពោះ​ការចាត់វិធានការ​ច្បាប់​របស់​អាជ្ញាធរ ដែល​ចាប់ខ្លួន​សកម្មជន និង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ជា​បន្តបន្ទាប់ នៅក្នុង​រយៈពេល​ចុងក្រោយ​។​


​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​បកស្រាយ​សកម្មភាព​នៃ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី នា​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩​នេះ គឺ​ក្នុង​គោលបំណង​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល និង​ទម្លាក់​ព្រះមហាក្សត្រ ដែល​ផ្ទុយ​ពី​សកម្មភាព​មាតុភូមិ​និវត្ត កាលពី​ឆ្នាំ​២០១៣​។ ក្នុងន័យនេះ​សម្ដេច ស ខេង ព្យាយាម​ពន្យល់ថា ការវិល​ត្រឡប់មក​ក​ម្ពុ​ជា​វិញ​របស់លោក សម រង្សី កាលពី​អាណត្តិ​ទី​៥​នោះ គឺ​ដោយសារ​ទទួល​បានការ​ប្រោស​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ ដើម្បី​ធ្វើជា​ប្រធាន​បក្សនយោបាយ​ស្របច្បាប់ ក្នុង​ការចូលរួម​ប្រកួតប្រជែង​បោះឆ្នោត តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ។ ដោយសារ​យល់ឃើញ​បែបនេះ ទើប​សម្ដេច ស ខេង អះអាងថា រាល់​សកម្មភាព​ពាក់ព័ន្ធ​ផែនការ​លោក សម រង្ស៊ី គឺ​ត្រូវ​ទប់ស្កាត់​។​
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​មួយរូប ខ្ញុំព្រះករុណាខ្ញុំ​សូមបញ្ជាក់​ជូន​ជនរួមជាតិ​ជាថ្មី​ម្តង​ទៀតថា ការចាត់វិធានការ​ច្បាប់​ចំពោះ​សកម្មភាព​ទាំងឡាយណា​ដែល​ប៉ុនប៉ង​បំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការ​ញុះញង់​ឱ្យមាន​អំពើហិង្សា ចលនា​បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ ឈានទៅ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល គឺ​ពុំមែន​ជា​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ក្នុងសង្គម​ប្រជាធិបតេយ្យ​នោះឡើយ »​។​
 
​សម្រាប់​ប្រមុខ​ក្រសួងមហាផ្ទៃ​រូបនេះ សកម្ម​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កង​ទ​ព័​ជាតិ​ផ្ដាច់ខ្លួន ដើម្បី​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​, ការបង្កើត​មូលនិធិ​សម្រាប់​ទ្រទ្រង់​កងទ័ព​ខុសច្បាប់​, ការ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​បះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ,​ការ​ថ្លែង​ជា​សាធារណៈ​ទាមទារ​ឱ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ នោះ​គឺ សកម្មភាព​ខុសច្បាប់ ។​
 
​រយៈពេល​ចុងក្រោយ​នេះ សកម្មជន មន្ត្រី និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​សង្ស័យថា ពួកគេ​ជាប់​ពាក់ព័ន្ធ​ផែនការ​លោក សម រង្ស៊ី ។​ហើយ​ពួកគេ​ភាគច្រើន ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​«​រួមគំនិត​ក្បត់​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៨ តុលា មាន​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៤៩​នាក់​ហើយ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​រង​ការចោទប្រកាន់​ពី​តុលាការ​។ ជាពិសេស​ករ​ចេញ​ដីកាចាប់ខ្លួន​ជា​បន្តបន្ទាប់​ទៀត​។ ក្នុងចំណោម​អ្នក​ទាំង​៤៩​នាក់​នោះ មាន​ស្ត្រី​៦​នាក់​ផងដែរ​។ នេះ​បើតាម​ព័ត៌មាន​របស់​អ្នកស្រី មួ សុខ​ហួរ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សរសេរ​Twitter ខ្លួន​ថា ការចាប់ខ្លួន​មន្ត្រី​អតីត​បក្ស​ខ្លួន គឺជា​សកម្ម​ខុសច្បាប់​រំលោភសិទ្ធិ​មនុស្ស ក្នុងការ​ចាប់ខ្លួន​តាម​អំពើ​ចិត្ត​។​
 
​មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចាត់ទុក​ការចាប់ខ្លួន​សកម្មជន​អតីត​បក្សប្រឆាំង​នេះ វា​មិនមែន​ជាការ​រឹតបន្ដឹង និង​អនុវត្ត​ច្បាប់​ទេ ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ផ្ទាល់ខ្លួន របស់​អ្នកនយោបាយ​ប៉ុណ្ណោះ​។ សម្រាប់​លោក សឹង សែន​ករុណា ការចាប់ខ្លួន​ពលរដ្ឋ​ជា​បន្តបន្ទាប់​នេះ វា​បង្ហាញ​ពី​រូបភាព​នៃ​ការ​រឹត​ដ្បិត​សិទ្ធិសេរីភាព​ពលរដ្ឋ​ទៅវិញ​ទេ​។​
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក មន្ត្រីជាន់ខ្ពស់​អង្គការ​អាដហុក​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​បើ​យើង​ពិនិត្យមើល​អំពើ​ប្រព្រឹត្ត​របស់​អ្នក​(​សកម្មជន​) ទាំងអស់​ហ្នឹង គឺជា​សកម្មភាព​នៃ​ការសម្ដែង​មតិ​នៃ​ផ្នែក​នយោបាយ​របស់​ពួកគាត់ ដែល​គាត់​ធ្វើឡើង​វា​ស្រប​ជាមួយនឹង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​យើង ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស អាស្រ័យ​លើ​ការគោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​»​។​
 
​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​វិញ នៅ​ថ្ងៃទី​៩ វិច្ចិកា​ខាងមុខ​។ មុន​ចូល​ស្រុក​នេះ លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គាំទ្រ​ខ្លួន និង​កងទ័ព​ធ្វើ​ចលនា​ទម្លាក់​ប្រមុខ​រដ្ឋាភិបាល​ផងដែរ​។​
 
​ដោយសារ​ពាក្យសម្តី​រប​ស់មេ​ដឹកនាំ​រូបនេះ ទើប​តុលា​ការចេញ​ដីកាចាប់ខ្លួន​លោក សម រ​ង្ស៉ី និង​មនុស្ស​៨​ទៀត រួមមាន​លោក អេង ឆៃអ៊ាង​,​លោកស្រី  មូរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ​, លោក ហូរ វ៉ាន់​, លោក ឡុង រឺ​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, លោក នុត រំដួល និង​ភរិយា​លោក សម រង្ស៊ី គឺ​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ព្រមទាំង​គូកន ក្រោម​បទ​ចោទ​ឧបឃាត ដោយ​យោងតាម​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាចមាន​ទោស​ពី ១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​៕

Tag:
 ស ខេង​
  សម រង្ស៊ី​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com