ស សី នឹង​វិល​ទៅ​បង្ហាត់​គុន​ខ្មែរ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ បើ​កម្រៃ​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន​
ONE Championship
កីឡាជាតិ
ស សី នឹង​វិល​ទៅ​បង្ហាត់​គុន​ខ្មែរ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ បើ​កម្រៃ​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន​
27, Oct 2019 , 3:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 

​កីឡាករ​គុន​ខ្មែរ​ជើងចាស់ ស សី ដែល​ជំនាញ​គុន​ខ្មែរ​និង​គុន​ចម្រុះ​បាន​ថ្លែង​ឲ្យ​ដឹងថា រូបគេ​នៅតែមាន​ចិត្ត​ចង់​បង្ហាត់​គុន​ខ្មែរ​ដល់​ក្លិប​នានា​ក្នុងស្រុក និង ក្លិប​នៅក្រៅ​ប្រទេស​សិន​ត្រូវ​តម្លៃ​ប្រាក់ខែ​គ្នា​ហើយ​អាច​រ៉ាប់រង​ការចំណាយ​សម្រាប់​គ្រួសារ​ក្នុងបន្ទុក​បាន​។ ការ​បង្ហើប​យ៉ាង​ដូច្នេះ បន្ទាប់ពី​មានការ​ទាក់ទង​ពី​ក្លិប​ក្នុងស្រុក​មួយចំនួន និង ក្លិប​នៅក្រៅ​ប្រទេស នាពេល​កន្លងមក ប៉ុន្តែ​មិនត្រូវ​តម្លៃ​ប្រាក់ខែ​គ្នា ព្រោះ​ការផ្ដល់​ឲ្យ​មានតម្លៃ​ទាប​ជាង​ពេលកន្លងមក​ក្នុងនាម​រូបគេ​មានបទពិសោធន៍​បង្ហាត់​។ ស សី ធ្លាប់​ទៅ​បង្ហាត់​គុន​ខ្មែរ​នៅ​ជប៉ុន ២ ឆ្នាំ ពី​ឆ្នាំ ២០១៥ ដល់ ២០១៧ មុន​ចាប់ផ្ដើម​កិច្ចសន្យា​ប្រកួត​៣​លើក​លើស​ង្វៀន ONE Championship​។ 
 
​កីឡាករ​ជើងចាស់​ដែលមាន​បទពិសោធន៍​ប្រកួត​នៅ​សង្វៀន ONE Championship ចំនួន​៤​ដង​បាន​គូសបញ្ជាក់ថា​៖«​ខ្ញុំ​មាន​ក្លិប​ក្នុងស្រុក​យើង​ទាក់ទង ពីរ​បី​ក្លិប​ដែរ​ដើម្បី​ទៅ​បង្ហាត់​កូនសិស្ស​ប៉ុន្តែ គេ​ឲ្យ​តម្លៃ​ខ្ញុំ​ទាប​បន្តិច​។ បើ​គិត​ទៅ​មិនអាច​រ៉ាប់រង​ការចំណាយ​លើ​ប្រពន្ធ​កូន​របស់ខ្ញុំ ដល់ ៤​នាក់​ប្រចាំថ្ងៃ​បានឡើយ​។ ដូច្នេះ​ខ្ញុំ​សម្រេច​ថា​អត់​ធ្វើ​តែម្ដង​»​។ 
 
​ស សី ដែលមាន​វ័យ ៣៧ ឆ្នាំ​ហើយ​នោះ​បាត់​មុខ​ពីស​ង្វៀន​ប្រដាល់​តាំងពី​ពាក់កណ្ដាល​ឆ្នាំ ២០១៨ ម្ល៉េះ ក្រោយ​ចាញ់​កីឡាករ Xie Bin នៅ​សង្វៀន ONE ដោយ​ផ្អែកលើ​វ័យ​កាន់តែ​ជ្រេ កម្លាំង​ធ្លាក់ចុះ ហើយ គ្រួសារ​ផ្ទាល់​ឃាត់​ឈប់​ឲ្យ​ឡើង​សង្វៀន​តទៅទៀត​។ បែបណា​ក្ដី បុរស​កូន​៤​រូបនេះ រៀបរាប់​បន្តថា ៖«​ខ្ញុំ​មាន​ប្រវត្តិ​បង្ហាត់​នៅ​ជប៉ុន ២ ឆ្នាំ​ក្នុង​វិស័យ​ក្បាច់គុន​ខ្មែរ​។ ខ្ញុំ​មិនមែន​បង្ហា​ត់លំៗ​យកតែ​លុយ​ទេ ខ្ញុំ​បង្ហាត់​គឺ ម៉ឺងម៉ាត់​។ ដូច្នេះ​ក្លិប​នៅក្រៅ​ប្រទេស ឬ ក្នុងស្រុក​ក៏ដោយ​បើសិន​ឲ្យ​ថ្លៃឈ្នួល​ខ្ញុំ​ទាប​ពេក​ក៏​ខ្ញុំ​មិនអាច​បង្ហាត់​បានដែរ​។ ការស្រលាញ់​គុន​ខ្មែរ​នៅតែមាន ប៉ុន្តែ កូន​ខ្ញុំ​នៅ​តូចៗ និង ត្រូវការ​ចំណាយ​ច្រើន និង បង់លុយ​ប្រចាំខែ​ពេល​ខ្ចី​គេ​រកស៊ី​ទិញ​លក់​-​គោ​»​។ 

  
 
​បុរស​មកពី​ខេត្តកណ្ដាល សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​នៅតែ​ចង់​បង្ហាត់ ហើយ​ខ្ញុំ​អាច​លក់​គោ​ចេញ​ទាំងអស់ បើសិន​ត្រូវ​ថ្លៃ​គ្នា​លើ​ប្រាក់កម្រៃ​ជា​គ្រូបង្វឹក​ប្រចាំខែ​នៅ​ក្លិប​ណាមួយ​នាពេលខាងមុខ​។ ខ្ញុំ​មាន​ប្រវត្តិ​បង្ហាត់​ច្រើន ជួយ​បង្ហាត់​នៅ Cambodian Top Team និង បង្ហាត់​នៅ​ជប៉ុន ២ ឆ្នាំ​។ ហើយ​បើ​ឲ្យ​តម្លៃ​ប្រហែល​ក្មេងៗ​ស្រករ​ក្រោយ ខ្ញុំ​សុំ​មិនអាច​បង្ហាត់​ទេ​»​។ 
 
​ទោះ​មិនបាន​ឡើងមក​ហ្វឹកហាត់​នៅ​ក្លិប​របស់ខ្លួន Cambodian Top Team នៅ​ភ្នំពេញ​ប៉ុន្តែ អតីត​កូនសិស្សលោក សឹង សារិទ្ធ​, និង អេ ភូ​ថង ឆ្លៀត​បង្ហាត់​កូន និង ក្មួយៗ​របស់ខ្លួន​ជាប្រចាំ​នៅ​ស្រុកកំណើត​របស់ខ្លួន​។ ទោះ​ពួកគេ​មិនទាន់​អាច​ឡើង​ប្រកួត​បាន ក៏ត្រូវ​ហាត់​ដើម្បី​ចេះ​ក្បាច់គុន ព្រោះតែ​ឈាមជ័រ​ជា​អ្នកលេង​គុន​ខ្មែរ​។ ប៉ុន្តែ ទោះ​ថ្ងៃ​អនាគត បើសិន​កូន​របស់ខ្លួន​ស្រលាញ់​ក្បាច់ ឬ ចង់​ប្រកួត​លើស​ង្វៀន ក៏​លោក​មិន​ជំទាស់​ដែរ​។ 
 
​ស សី ប្រឡូក​លើស​ង្វៀន​គុន​ខ្មែរ​ជាច្រើន​ដង​នៅក្នុង​ស្រុក ប៉ុន្តែ ឡើង​សង្វៀន​គុន​ចម្រុះ​ជាតិ​-​អន្តរជាតិ​បាន​ចំនួន ៨ ដង​ក្រោយ​ចាប់​ប្រកួត​គុន​ចម្រុះ​តាំងពី​ឆ្នាំ ២០១៦ មក​។ អតីត​កូនសិស្ស​របស់លោក ឈិ​ត សា​រឺ​ម នៅតែ​រីករាយ​នឹង​ការបង្ហាត់​ដល់​កីឡាករ​ពន្លក​ក្រោយ បើសិន​ទទួលបាន​កម្រៃ​ត្រលប់​មកវិញ​សមរម្យ​ជា​ថ្នូរ​នឹង​កម្លាំង​ញើស​ឈាម​។ 
 
​បច្ចុប្បន្ន ស សី មាន​ទីលំនៅ​នៅ​ភូមិ ស្វាយជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល​ខេត្តកណ្ដាល ហើយ​គេ​មាន​ប្រពន្ធ និង កូន​៤​នាក់​នៅក្នុង​បន្ទុក (​ប្រុស​២​ស្រី​២)​។ នេះ​ជា​ចំណងប្រាំប្រការ​ដែល​ត្រូវ​ចិញ្ចឹម​កូន​នៅ​បន្ទុក និង មើលថែ​ជាប្រចាំ​។ កូនសិស្ស​នៅ​ក្លិប Cambodian Top Team មាន​របរ​រកស៊ី​ទិញ​-​លក់​គោ​ដើម្បី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​៕ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: DAWN OF VALOR នៅ​ថ្ងៃទី ២៥ តុលា​ខាងមុខ​ពី​ប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧​ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS​៕
 

 

© រក្សាសិទ្ធិដោយ thmeythmey.com