អន្តរជាតិ
នៅ​អាស៊ីអាគ្នេយ៍​ក្រុមហ៊ុន​តាក់ស៊ី​ដូច​ក្រុមហ៊ុន Uber នឹង​ទទួលបាន​ការបណ្តុះបណ្តាល​សុវត្ថិភាព​ពី​ប៉ូលិស​
28, Oct 2019 , 7:59 pm        
រូបភាព
រូបភាព​ឯកសារ៖ ក្រុមហ៊ុន Grab ធ្វើ​ការ​ប្រកួតប្រជែង​ជាមួយ​ការ​រត់​តាក់ស៊ី​បែប​ប្រពៃណី នៅ​ក្នុង​ប្រទេស​វៀតណាម៕
រូបភាព​ឯកសារ៖ ក្រុមហ៊ុន Grab ធ្វើ​ការ​ប្រកួតប្រជែង​ជាមួយ​ការ​រត់​តាក់ស៊ី​បែប​ប្រពៃណី នៅ​ក្នុង​ប្រទេស​វៀតណាម៕
ដោយ: VOA
​ហូជីមិញ ៖ ​គេ​ប្រហែលជា​មិនអាច​ហៅថា​ក្រុមហ៊ុន​ផ្តល់​សេវា​តាក់ស៊ី​ដូច​ក្រុមហ៊ុន Uber ថា​ជា​តាក់ស៊ី​ទៀត​នោះទេ នៅពេល​ក្រុមហ៊ុន​នេះ​ធ្វើការ​បង្ក្រាប​បទល្មើស​។ ប៉ុន្តែ​នេះ​ជា​បេសកកម្ម​សេវាសាធារណៈ​ដ៏​សំខាន់​មួយ ដែល​ក្រុមហ៊ុន Grab Inc ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​តាក់ស៊ី​ដូច​ក្រុមហ៊ុន Uber នៅ​អាស៊ីអាគ្នេយ៍ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​មួយ​ដើម្បី​សហការ​ជាមួយនឹង​ប៉ូលិស​វៀតណាម​។

 
​នៅក្នុង​អនុស្សារណៈ​យោគយល់​ដែល​ត្រូវបាន​គេ​ប្រកាស​កាលពី​ថ្ងៃទី​៧ ខែតុលា ប៉ូលិស​នៅក្នុង​ក្រុង​ហូជីមិញ​នឹង​ផ្តល់​ការបណ្តុះបណ្តាល​ក្នុងការ​ការពារ​ខ្លួន និង​ច្បាប់ព្រហ្មទណ្ឌ​ទៅកាន់​អ្នកបើកបរ ខណៈដែល​ក្រុមហ៊ុន Grab Inc. ក៏​នឹង​ផ្តល់​ការអប់រំ​ដល់​អ្នកបើកបរ​របស់​ខ្លួន ដើម្បី​ឲ្យ​ពួកគេ​ដឹង​ពី​វិធី​ស្វែងរក​សញ្ញាណ​បង្ហាញ​ពី​ការប្រព្រឹត្ត​បទល្មើស និង​រាយការណ៍​ទៅ​ប៉ូលិស​។​
 
​ការសហការ​នេះ​ធ្វើ​ឲ្យ​មាន​សំណួរ​ពី​ព្រំដែន​នៃ​ឯកជន​ភាព និង​សុវត្ថិភាព​សាធារណៈ រួមទាំង​តួនាទី​របស់​ក្រុមហ៊ុន​ឯកជន ឬ​ជន​ស៊ីវិល​ក្នុងការ​ដើរតួ​ជា​ប៉ូលិស​។​
 
​លោក Jerry Lim ដែលជា​នាយក​ក្រុមហ៊ុន Grab ក្នុងប្រទេស​វៀតណាម​និយាយថា​៖ «​យើង​មាន​កិត្តិយស​នឹងធ្វើ​ការ​ជាមួយនឹង​នាយកដ្ឋាន​ប៉ូលិស ដើម្បី​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​បង្ក្រាប​បទល្មើស និង​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​មាន​សុវត្ថិភាព​ជាង​មុន ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ការសហការ​រវាង​ភាគី​ទាំងពីរ​មិន​ត្រឹមតែ​រួមចំណែក​ធានា​ឲ្យ​បាន​នូវ​សណ្តាប់ធ្នាប់ និង​សន្តិសុខ​នៅក្នុង​សង្គម​តែប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​ការពារ​សុវត្ថិភាព​របស់​អ្នកបើកបរ និង​អតិថិជន​របស់​ក្រុមហ៊ុន Grab ផងដែរ​»​។​
 
​អនុស្សារណៈ​យោគយល់​នេះ​ក៏​បង្កើត​បណ្តាញទូរស័ព្ទ​២៤​ម៉ោង​រវាង​ប៉ូលិស និង​ក្រុមហ៊ុន​Grab Inc. ដែលជា​ក្រុមហ៊ុន​ដែល​ចាប់ផ្តើម​ជំនួញ​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន Uber នៅ​អាស៊ីអាគ្នេយ៍​កាលពី​ឆ្នាំមុន​។ ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​នេះ​កើតឡើង​បន្ទាប់ពី​មានការ​ចោទប្រកាន់ថា បុរស​វ័យក្មេង​ពីរ​នាក់​បាន​ធ្វើឃាត​អ្នកបើកបរ​របស់​ក្រុមហ៊ុន Grab នៅក្នុង​រដ្ឋធានី​ហាណូយ​។ ព័ត៌មាន​នៃ​បទល្មើស​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​នេះ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងច្រើន និង​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សាធារណៈ​។​
 
​នៅក្នុង​ច្បាប់​ថ្មី​មួយ​ក្នុង​រដ្ឋ California ក្រុមហ៊ុន Uber Technologies Inc. ក្រុមហ៊ុន Lyft Inc. និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​សេរី​ត្រូវតែ​ទទួលស្គាល់ថា អ្នកបម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ជា​និយោជិត​ដែល​ទទួលបាន​អត្ថប្រយោជន៍​នានា មិនមែនជា​អ្នកធ្វើការងារ​មិន​ចំណុះ​ស្ថាប័ន​ណាមួយ​នោះទេ​។ ខណៈដែល​ក្រុមហ៊ុន​Grab Inc. មិន​ស្ថិតក្រោម​ច្បាប់​របស់​រដ្ឋ California ក្រុមហ៊ុន​ផ្តល់​សេវា​តាក់ស៊ី​មួយ​នេះ​ក៏បាន​សង្កត់ធ្ងន់ថា អ្នកបើកបរ​របស់ខ្លួន​មិនមែនជា​និយោជិត​ពេញ​ម៉ោង​របស់ខ្លួន​នោះទេ​។ នេះ​មានន័យថា វា​មាន​ភាពមិន​ច្បាស់​ថា​តើ​នៅក្រោម​ច្បាប់​វៀតណាម តើ​ក្រុមហ៊ុន​មួយ​នេះ​អាច​តម្រូវ​ឲ្យ​អ្នកបើកបរ​របស់ខ្លួន​នៅក្នុង​ក្រុង​ហូជីមិញ​ចូលរួម​ក្នុងការ​បណ្តុះបណ្តាល​ផ្នែក​សុវត្ថិភាព​សាធារណៈ​បានដែរ​ឬ​យ៉ាងណា​។​
 
​ក្រុមហ៊ុន Grab ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន Go-Viet ក្រុមហ៊ុន Be និង​ក្រុមហ៊ុន FastGo នៅក្នុង​វិស័យ​ផ្តល់​សេវា​តាក់ស៊ី​នៅក្នុង​ប្រទេស​វៀតណាម​។​
 
​ក្រៅពី​ការការពារ​ខ្លួន ការបណ្តុះបណ្តាល​នេះ​ក៏មាន​បំណង​បង្រៀន​អ្នកបើកបរ​ពី​របៀប​កំណត់​ពី​ស្ថានភាព​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​វិធីសាស្ត្រ ឬ​ល្បិច​សាមញ្ញៗ​ដែល​ជនល្មើស​ប្រើប្រាស់​។ អ្នករត់ម៉ូតូឌុប និង​អ្នកបើកបរ​រថយន្ត​ក៏ត្រូវ​បាន​គេ​រំពឹង​ឲ្យ​រៀនសូត្រ​ពី​របៀប​ក្នុងការ​រាយការណ៍​ទៅ​ប៉ូលិស​ឲ្យ​បាន​លឿន ប្រសិនបើ​ពួកគេ​សង្ស័យថា​មានការ​គំរាមកំហែង​ណាមួយ​ចំពោះ​អាយុជីវិត សុខភាព សុវត្ថិភាព ឬ​ទ្រព្យសម្បត្តិ​របស់​អ្នកណាម្នាក់​។​
 
​ការណ៍​នេះ​មិន​ដោះស្រាយ​បញ្ហា​ដែល​ពេលខ្លះ​អ្នកបើកបរ​ខ្លួនឯង​ជា​អ្នកប្រព្រឹត្ត​បទល្មើស​ទៅលើ​អតិថិជន​របស់ខ្លួន​នោះទេ​។ វា​ក៏​ធ្វើ​ឲ្យ​មាន​ចន្លោះប្រហោង ដោយសារតែ​មិនទាន់មាន​ភាពប្រាកដប្រជា​១០០%​ក្នុងការ​កំណត់ថា​ទង្វើ​អ្វីខ្លះ​ត្រូវ​ចាត់ទុកជា​បទល្មើស​នោះទេ​។ អតិថិជន​អាច​យល់ថា​ឥរិយាបថ​របស់​ពួកគេ​គ្រាន់តែ​ជា​ឥរិយាបថ​ធម្មតា​ក្នុង​រថយន្ត​តែប៉ុណ្ណោះ ប៉ុន្តែ​អ្នកបើកបរ​អាច​យល់ថា វា​ជា​ឥរិយាបថ​គួរ​ឲ្យ​សង្ស័យ​។​
 
​មិន​ដូច​នៅក្នុង​ប្រទេស​ចិន​ដែលជា​ប្រទេសជិតខាង​របស់​វៀតណាម​នោះទេ ប្រទេស​វៀតណាម​មិនមាន​ការតាមដាន​សក​ម្ម​ភាព​របស់​ជន​ស៊ីវិល​ខ្លាំងក្លា​នោះឡើយ​។ អនុស្សារណៈ​យោគយល់​នេះ​មិន​មានន័យថា ការចូលរួម​របស់​អ្នកបើកបរ​ជាការ​ពង្រីក​វិសាលភាព​នៃ​ការអនុវត្ត​ច្បាប់​នោះទេ​។ ក្រុមហ៊ុន Grab Inc. បាន​ពណ៌នា​ការសហការ​ជាមួយនឹង​ប៉ូលិស​នេះ​ថា​ជា​ឧទាហរណ៍​មួយ​ដែល​មនុស្ស​ចូលរួម​ក្នុង​ចលនា​ការពារ​សន្តិសុខ​មាតុភូមិ​។ នៅក្រោម​ការសហការ​គ្នា​នេះ មាន​ទំនួល​ខុសត្រូវ​កាន់តែច្រើន​សម្រាប់​អ្នកបើកបរ ដោយសារតែ​ពួកគេ​អាច​នឹងត្រូវ​ការពារ​ខ្លួន​ក្នុងស្ថានភាព​គ្រោះថ្នាក់ ឬ​តាមដាន​ទង្វើ​របស់​ជនល្មើស​។​
 
​ដូច្នេះ​អ្នកបើកបរ​កាន់តែច្រើន​អាច​ចេះ​ច្បាប់ និង​គោលការណ៍​ការពារ​ខ្លួន​។ ការបណ្តុះបណ្តាល​នេះ​អាច​នឹង​រីកលូតលាស់​នៅ​ទូទាំងប្រទេស​វៀតណាម​នៅក្នុង​ពេលអនាគត​។​
 
​លោក Lim និយាយថា «​ស្រប​ជាមួយនឹង​ការអភិវឌ្ឍ​សេវាកម្ម យើង​ក៏មាន​បំណង​ធ្វើ​ឲ្យ​ការធ្វើដំណើរ​របស់​អតិថិជន​មាន​សុវត្ថិភាព​ជាង​មុន ហើយ​អ្នកបើកបរ​នឹង​បង្កើន​ស្តង់ដារ​សុវត្ថិ​ភាពជា​បន្តបន្ទាប់​នៅក្នុង​ការធ្វើដំណើរ​ជាទូទៅ​។ យើង​សង្ឃឹមថា ការសហការ​រវាង​ភាគី​ទាំងពីរ​នឹង​បង្កើតជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​មួយ​ដែល​អាច​នឹង​ត្រូវបាន​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​ក្នុងពេល​អនាគត​ដ៏​ខ្លី​»៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com