ជាតិ
កម្ពុជា​អាច​ទាញយក​ប្រយោជន៍​ពី​នយោបាយ​ទិស​ខាងត្បូង​របស់​សាធារណរដ្ឋ​កូរ៉េ​
29, Oct 2019 , 12:09 pm        
រូបភាព
​សមាជិក​ប្រតិភូ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​«​រថភ្លើង​អាស៊ាន​-​កូរ៉េ​៖ រីកចម្រើន​ទាំងអស់គ្នា​» នា​សប្តាហ៍​កន្លងទៅ បាន​យល់ឃើញ​ដូចគ្នា​ពី​សារសំខាន់​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​រថភ្លើង​លើកដំបូង​នេះ ហើយ​ជឿជាក់ថា កម្ពុជា​ដែលជា​ផ្នែក​មួយ​នៃ​អាស៊ាន ក៏​នឹង​អាច​ទទួលបាន​ផលប្រយោជន៍​ពី​យន្តការ​ពង្រឹង​ភាពជា​ដៃគូ​រវាង​សាធារណរដ្ឋ​កូរ៉េ និង​អាស៊ាន​។​



​ប្រតិភូ​នៃ​ប្រទេស​កម្ពុជា​ដែល​រួមមាន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ លោក ជុច ភឿន ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ មន្ត្រី​អគ្គនាយកដ្ឋាន​យុវជន​នៃ​ក្រសួង​អប់រំ អ្នកជំនួញ និស្សិត និង​អ្នកសារព័ត៌មាន បាន​ឡើងលើ​រថភ្លើង​ពិសេស​មួយ ជាមួយ​ប្រតិភូ​នៃ​ប្រទេស​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ទាំងអស់​ប្រមាណ​២០០​នាក់​។ ជា​រថភ្លើង​ដែលមាន​ឈ្មោះថា «​អាស៊ាន​កូរ៉េ​៖ រីកចម្រើន​ទាំងអស់គ្នា​»​។​

​រថភ្លើង​ពិសេស​នេះ​ជា​យាន​មួយ​ដែល​កំពុង​តំណាងឱ្យ​នយោបាយ​ថ្មី​ឆ្ពោះទៅ​ទិស​ខាងត្បូង (New Southern Policy) របស់លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ដែល​កំពុង​ត្រូវអនុវត្ត​ដោយ​ឈរលើ​មូលដ្ឋាន ចំនួន​៣​គឺ មនុស្ស វិបុលភាព និង​សន្តិភាព (3Ps: People Prosperity and People)​។ ស្មារតី​នៃ​គោលនយោបាយ​ថ្មី​ដែល​លោក​ប្រធានាធិបតី មូ​ន បានប្រកាស​កាលពី​ឆ្នាំ​២០១៧ នឹង​នាំ​ប្រជាជន​អាស៊ាន និង​កូរ៉េ​ឆ្ពោះទៅ​ភាពរុងរឿង​។​

​រថភ្លើង​អាស៊ាន​កូរ៉េ ដឹកនាំ​ប្រតិភូ​អាស៊ាន និង​កូរ៉េ រយៈពេល​៣​ថ្ងៃ​ឆ្លងកាត់​ទីក្រុង Gyeongju, Busan, Suncheon, Gwangju ដែលជា​ទីក្រុង តំណាងឱ្យ​ពាក្យ​គន្លឹះ​3Ps​ទាំងបី​។
​លោក ជុច ភឿន ដែលជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ ដែលជា​ប្រធាន​ប្រតិភូ​តំណាង​កម្ពុជា ក៏បាន​ស្ថិតនៅក្នុង​ទូរ​រថភ្លើង​ពិសេស​នោះដែរ ហើយ​បានបង្ហាញ​ចំណាប់អារម្មណ៍​ជា​វិជ្ជមាន​ចំពោះ​ព្រឹត្តិការណ៍​រថភ្លើង​អាស៊ាន​-​កូរ៉េ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ​និង​ក្រសួងការបរទេស​កូរ៉េ​នេះ​។ លោក​រដ្ឋលេខាធិការ​បា​ន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​រថភ្លើង​អាស៊ាន​-​កូរ៉េ បានបង្ហាញ​បំណង​នៃ​ការប្រមូលផ្តុំ​ប្រជាជន ហើយ​រួមគ្នា​ខំប្រឹង​ដើម្បី​ការរីកចម្រើន​ដោយ​ចីរភាព និង​ក៏​ដើម្បី​លើ​តម្កើង​ការផ្លាស់ប្តូរ​ផ្នែក​វប្បធម៌ មិត្តភាព សាមគ្គីភាព និង​សន្តិភាព​នៅក្នុង​តំបន់​។​»​។​



​សម្រាប់​លោក ជុច ភឿន កម្ពុជា​ពិតជា​បានឃើញ​នូវ​កំណើនសេដ្ឋកិច្ច​រវាង​សាធារណរដ្ឋ​កូរ៉េ និង​អាស៊ាន​ក្នុងពេល​កន្លងមកហើយ ប៉ុន្តែ​លោក​ចង់​បន្ត​ចង់ឃើញ​ការរីកចម្រើន​នេះ​បន្ថែមទៀត​ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច​បើកចំហរ​នៃ​ពហុភាគី​និយម​។​

«​កម្ពុជា​ជឿជាក់ថា ការអភិវឌ្ឍ​ដែល​ប្រកបដោយ​បរិ​យាប​ន្ន និ​ដោយ​ការទទួលខុសត្រូវ​ក្នុង​វិស័យ​ទេសចរណ៍ នឹង​បាន​ចូលរួមចំណែក​ដល់​ការអភិរក្ស​នៃ​សម្បត្តិ​បេតិកភណ្ឌ ក៏ដូចជា​គោលដៅ​ទេសចរណ៍​នានា​។​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​។​

​ចំណែកឯ​លោក ឡុង ឌី​ម៉​ង់ ដែលជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ដែល​បាន​ចូលរួម​ធ្វើដំណើរ​តាម​រថភ្លើង​អាស៊ាន​កូរ៉េ​នោះដែរ លោក​ក៏​យល់ឃើញថា ការ​រឹតចំណង​កាន់តែ​ជិតស្និទ​រវាង​តំបន់​អាស៊ាន និង​កូរ៉េ គឺជា​សញ្ញា​ល្អ​មួយ​នៃ​ការពង្រឹង​សន្តិភាព​ដែល​មនុស្ស​គ្រប់រូប​ចង់បាន​។ លោក​បន្តទៀតថា ភាពរឹងមាំ​នៃ​ភាពជា​ដៃគូ​រវាង​អាស៊ាន​និង​កូរ៉េ នឹង​ផ្តល់​ផលប្រយោជន៍​មកដល់​កម្ពុជា ដែលជា​សមាជិក​របស់​អាស៊ាន​។​

​នៅក្នុង​បន្ទប់​សម្ភាស​នៅក្នុង​ទូរ​រថភ្លើង​ពិសេស​អាស៊ាន​កូរ៉េ ដែល​ត្រូវ​បានរៀបចំ​ដោយ​មជ្ឈមណ្ឌល​អាស៊ាន​កូរ៉េ លោក​ឯកអគ្គរាជទូត​មានប្រសាសន៍ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​៖«​កម្ពុ​ជាមាន​គោលនយោបាយ​គាំទ្រ​គ្នា​ទៅវិញទៅមក​។ តាំងពី​ឆ្នាំ​១៩៩៧​មក ថ្នាក់ដឹកនាំ​របស់​កូរ៉េ គឺជា​មិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ការកសាង​សន្តិភាព​ក្នុង​តំបន់​មួយ​បាន គឺ​លុះត្រាតែ​ប្រជាជនមាន​ទំនាក់ទំនង​គ្នា និង​វិបុលភាព​ជាមួយគ្នា​»​។​

​ក្រៅពី​ចង់​ពង្រីក​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជាមួយ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌី​ម៉​ង់ ក៏​កំពុង​ព្យាយាម​ទាក់ទាញ​ទេសចរ​កូរ៉េខាងត្បូង​ទៅ​កម្សាន្ត​នៅក្នុង​ប្រទេស​កំណើត​រប​ស់លោក​ផងដែរ​។​

​លោក​ឯកអគ្គរាជទូត​បាន​រៀបរាប់ថា​៖«​យើង​ត្រូវ​កែច្នៃ បង្កើត​ថ្មី គោលដៅ​ទេសចរណ៍​របស់​យើង ឱ្យលើស​ពីអ្វី​ដែល​យើង​មាន ដើម្បី​ទទួល​ទេសចរ​កូរ៉េ​។ ជនជាតិ​កូរ៉េ ពួកគេ​តាម​គ្នា​ណាស់​។ បើសិនជា​ពួកគេ ផ្អើល​នាំគ្នា​ទៅ​ប្រទេស​ណាមួយ​ហើយ ជនជាតិ​កូរ៉េ​នាំគ្នា​តែ​ប្រទេស​នោះ​។ លើសពីនេះ វិស័យ​ភាពយន្ត ក៏​ជា​គន្លឹះ​មួយ​ដែល​អាច​ទាក់ទាញ​ប្រជាជន​កូរ៉េខាងត្បូង​ឱ្យទៅ​ទស្សនា​កម្ពុជា​ដែរ​។​»​។​



​នៅក្នុង​ប្រតិភូ​តំណាង​ប្រទេស​សមាជិក​នីមួយៗ មាន​សមាសភាព​ចម្រុះ​។ ក្រៅពី​មន្ត្រីជាន់ខ្ពស់​តំណាង​រដ្ឋាភិបាល ក៏មាន​តំណាង​យុវជន អ្នកជំនួញ និស្សិត និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង​ដែរ​។​

​អ្នកស្រី ស្រួ​ង ភា​វី អាយុ​២៨​ឆ្នាំ ជា​ស្ត្រី​ខ្មែរ​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ជនជាតិ​កូរ៉េ បានក្លាយ ជា​មនុស្ស​ល្បីល្បាញ​មួយរូប​ក្នុង​ក្រសែភ្នែក​របស់​ជនជាតិ​កូរ៉េ ដោយសារតែ​អ្នកស្រី​គឺជា​ជ័យលាភី​នៃ​កីឡា​ប៊ីយ៉ា​បី​ទ្រនាប់ ដែលជា​កីឡា​ដ៏​មាន​ប្រជាប្រិយ​នៅក្នុង​ប្រទេស​កូរ៉េ ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ប្រតិភូ​កម្ពុជា​ដែរ​។ បន្ទាប់ពី​បានរស់នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង​រយៈពេល​ជិត​១០​ឆ្នាំ ហើយ​ទទួលបាន​ការទទួលស្គាល់ និង​កិត្តិនាម​នៅក្នុង​ប្រទេស​ទី​ពីរ​នេះ ភា​វី​បាន​យល់ច្បាស់​អំពី​ផលប្រយោជន៍​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស ប្រជាជន​និង​ប្រជាជន​។ ភា​វី ដែល​ដើមកំណើត​ពី​ខេត្ត​ត្បូងឃ្មុំ​បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​៖«​សព្វថ្ងៃ​ខ្ញុំ​ស្ថិតនៅ​ចំ​កណ្តាល​រវាង​កម្ពុជា និង​កូរ៉េ​។ ខ្ញុំ​អាចជួយ​ប្រទេស​ទាំង​ពីរបាន ខ្ញុំ​ចង់ឱ្យ​ប្រទេស​ទាំងពីរ​ត្រូវការ​ខ្ញុំ​។ មាន​សប្បុរសជន​កូរ៉េ​ច្រើន​ដែល​ចាប់អារម្មណ៍ និង​អាចជួយ​កម្ពុជា​បាន​។​»​។​

​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​គឺ​អ្វីដែល​និស្សិត ញៀន សុគន្ធា ទទួលស្គាល់ថា វា​ពិត​ជាមាន​ឥទ្ធិពល​ល្អ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រជាជាតិ​មួយ​និង​ប្រជាជាតិ​មួយ​។ កញ្ញា សុគន្ធា បានទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ធនធាន​ជីវៈ និង​វិទ្យាសាស្ត្រ​អាហារ​នៅ​សកលវិទ្យា​ល័យ Konkuk ក្នុង​សាធារណរដ្ឋ​កូរ៉េ​។ នៅក្នុង​ប្រទេស​កូរ៉េ សុគន្ធា បាន​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្តជា​លេខា​សមាគមនិស្សិត​ខ្មែរ​នៅ​កូរ៉េខាងត្បូង ហើយក៏​ជា​លេខា​នៅក្នុង​ក្រុមយុវជន​អាស៊ាន​កូរ៉េ​របស់​មជ្ឈមណ្ឌល​អាស៊ាន​កូរ៉េ​ផងដែរ​។​

​និស្សិត ញៀន សុគន្ធា បាន​ពន្យល់ថា​៖«​អាស៊ាន​និង​កូរ៉េ​មាន​ទំនាក់ទំនង​គ្នា​ល្អ​រួចហើយ​ក្នុងពេល​៣០​កន្លងមក​។ ខ្ញុំ​យល់ឃើញថា ភាពជា​ដៃគូ​នេះ នឹង​រឹតតែ​ល្អ​ក្នុងពេល​៣០​ទៅមុខទៀត ពីព្រោះ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​កំពុង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន និង​ធនធានមនុស្ស ដើម្បី​ពួកគេ​បាន​ស្គាល់គ្នា រួបរួមគ្នា និង​កសាង​សេដ្ឋកិច្ច ឱ្យបាន​រីកចម្រើន​ទាំងអស់គ្នា​»​។​

​ក្នុងឱកាស​បិទ​ព្រឹត្តិការណ៍​រថភ្លើង​អាស៊ាន​កូរ៉េ​នានា​ល្ងាច​ថ្ងៃទី​១៨​ខែតុលា​ក្នុង​ទីក្រុង​សេ​អ៊ូ​ល លោកស្រី​ប្រមុខ​ការទូត​សាធារណរដ្ឋ​កូរ៉េ កាង ឃ្យុ​ង​វ៉ា បាន​ថ្លែងឱ្យដឹងថា រដ្ឋាភិបាល​របស់លោក​ស្រី​មាន​គម្រោង​បង្កើន​អាហារូបករណ៍​ដល់​លើសពី​ទ្វេដង​ដល់​និស្សិត​ក្នុងប្រទេស​សមាជិក​អាស៊ាន​។ លោកស្រី​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា កំណើន​នៃ​ការផ្លាស់ប្តូរ​ប្រជាជន (people to people exchanges) គឺជា​កត្តា​គន្លឹះ​នៃ​ការរីកចម្រើន​នៃ​ភាពជា​ដៃគូ​អាស៊ាន​-​កូរ៉េ ហើយ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​ចង់​ធ្វើ​អ្វី​ច្រើន​ជាងនេះទៀត​។ ហេតុ​ដូចនេះហើយ សាធារណរដ្ឋ​កូរ៉េ មាន​គម្រោង​បន្ថែមចំនួន​អាហារូបករណ៍​លើសពី​២​ដង​ដល់​និស្សិត​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ដោយ​បង្កើន​ពី​ចំនួន​បច្ចុប្បន្ន​២៨០​កន្លែង ទៅដល់​៧០០​កន្លែង​នៅ​ឆ្នាំ​២០២២៕






Tag:
 អាស៊ាន​កូរ៉េ​
  3Ps
  new southern policy
© រក្សាសិទ្ធិដោយ thmeythmey.com